en     km
en     km

កំពង់ធំ៖ អាជ្ញាធរស្រុកកំពង់ស្វាយហាមឃាត់រថយន្តចរាចរណ៍លើស្ពានសាលាកឹងបន្ទាប់ពីស្ពានស្រុត

Share

ខេត្តកំពង់ធំ៖ ពីពេលនេះទៅ រថយន្តទាំងតូច ទាំងធំ មិនអាចបើកបរលើស្ពានសាលាកឹង ដែលស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកស្វាយ​ខេត្តកំពង់ធំ បានទៀតឡើយ ព្រោះស្ពានមានសភាពចាស់និងបានបាក់ស្រុតនៅផ្នែកកណ្តាលស្ពាន ដែលអាចបង្កគ្រោះថ្នាក់បើសិនមានរថយន្តបរកាត់។

នេះបើតាមការជូនដំណឹងពីអាជ្ញាធរឃុំកំពង់ស្វាយ ប្រាប់ទៅកាន់បងប្អូនប្រជាពលរដ្ឋកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ខណៈបច្ចុប្បន្ននេះជំនន់ទឹកភ្លៀងនៅតែបង្កឱ្យស្ថានភាពទឹកហូរខ្លាំងដែលអាចជាហានិភ័យអាចគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឆ្លងកាត់ស្ពានសាលាកឹងនេះ។

ស្ពានសាលាកឹងបានសាងសង់ឡើងកាលអំឡុងឆ្នាំ២០០៥ សព្វថ្ងៃស្ពាននេះមានសភាពចាស់។

 

តែយ៉ាងណាបច្ចុប្បន្ននេះ អាជ្ញាធរឃុំកំពង់ស្វាយអនុញ្ញាតឱ្យធ្វើដំណើរថ្មើរជើង និងម៉ូតូ និងអ្នកដឹកសម្ភារៈតិចតួចអាចឆ្លងកាត់ស្ពាននេះបាន។

ចំពោះមុខបញ្ហានេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបានសម្តែងក្តីព្រួយបារម្ភ ដោយខ្លាចស្ពានបាក់ស្រុតបង្កជាគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។ ប្រជាពលរដ្ឋបន្ថែមថា កន្លងមកមានរថយន្តដឹកដីនិងដឹកទំនិញធុនតូច ធំ ធ្វើចរាចរណ៍ដែលជាហេតុធ្វើឱ្យស្ពានដែលមានសភាពចាស់ស្រាប់ផងមិនអាចទ្រទម្ងន់បាន។

អាជ្ញាធរមិនអនុញ្ញាតឱ្យរថយន្តបរកាត់នោះទេ។

 

ប្រជាពលរដ្ឋដែលក្រុមយុវជនជាសិក្ខាកាមអក្ខរកម្មព័ត៌មានរបស់អង្គការមណ្ឌលព័ត៌មានស្រ្តីបានជួបសម្ភាសន៍បានស្នើឱ្យអាជ្ញាធរមានវិធានការជួសជុល ឬ សង់ថ្មីឡើងវិញ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុដោយប្រការណាមួយ។

បច្ចុប្បន្ននេះតំបន់មួយចំនួននៃខេត្តកំពង់ធំត្រូវបានលិចដោយសារជំនន់ទឹកភ្លៀង។

 

ឆ្លើយតបបញ្ហានេះ អាជ្ញាធរឃុំកំពង់ស្វាយបញ្ជាក់ថា ក្រុមការងារបច្ចេកទេសនឹងត្រៀមជួសជុលស្ពានសាលាកឹងនេះឡើងវិញនៅពេលទឹកសម្រុកវិញ។ ដូច្នេះ អាជ្ញាធរសូមអំពាវនាវដល់ប្រជាពលរដ្ឋយោគយល់នឹងអនុគ្រោះដោយសូមបញ្ចៀសចរាចរណ៍ទៅកាន់ទិសដៅផ្សេងជាបណ្តោះអាសន្នសម្រាប់រថយន្ត ដោយរង់ចាំការជូនដំណឹងថ្មីឡើងវិញ៕

អត្ថបទខ្លីនេះសរសេរដោយ ប៉ា ស្រីល័ក្ខ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្ថិតក្នុងគម្រោងសំឡេងយុវជនមានសារៈសំខាន់ គាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie។

 

Share

Image
Image
Image