ភ្នំពេញ៖ ខេត្តភាគពាយព្យនៃប្រទេសកម្ពុជា រួមមានខេត្ត ឧត្តរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន ដោយសារតែឥទ្ធិពលព្យុះ និងសម្ពាធទាបពីប្រទេសជិតខាង។
ប្រការនេះនាំឱ្យកម្រិតទឹកភ្លៀង ដោយបូករួមជាមួយទឹកហូរធ្លាក់ពីថៃផង នឹងបណ្តាឱ្យខេត្តទាំងនេះ បង្កឱ្យមានជំនន់ទឹកភ្លៀង និងជំនន់ដោយបរិមាណទឹកហួសកម្រិត។ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ។
យោងតាមក្រសួងធនធានទឹកដដែល ដោយបន្ថែមការព្យាករណ៍ថា ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្ដាខេត្តក្រុងរាជធានីមួយចំនួន នឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ តែខេត្តជាប់មាត់សមុទ្រ មានខេត្តកោះកុង និងខេត្តព្រះសីហនុ អាចមានភ្លៀងធ្លាក់ច្រើនជាងបណ្តាខេត្តផ្សេងៗ។
ជាងនេះលើផ្ទៃសមុទ្រវិញ នឹងមានភ្លៀងធ្លាក់ច្រើនលាយឡំជាមួយខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ផងដែរ។ ទន្ទឹមគ្នានេះ ភ្លៀងនឹងបន្តធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គ ដែលអាចធ្វើឱ្យទឹកទន្លេមេគង្គ កើនឡើងជាបន្តបន្ទាប់។
ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់តាមរយៈការព្យាករណ៍ថា ចំពោះឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ ដែលកើតនៅភាគខាងកើតប្រទេសហ្វីលីពីន នឹងធ្វើឱ្យប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយលើភាគខាងជើងកម្ពុជា បានចុះថមថយឥទ្ធិពលជាលំដាប់។ ចំណែកនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២ ព្យុះណូរុ នឹងវិវត្តទៅជាព្យុះទីហ្វុង TY នៅពេលបក់បោកចូលមកកៀកឆ្នេរភាគកណ្តាលប្រទេសវៀតណាម។
ក្រសួងធនធានទឹករំលេចដែរថា ព្យុះនេះ នៅពេលឆ្លងកាត់ប្រទេសវៀតណាម និងអាងទន្លេមេគង្គប្រទេសឡាវ និងថៃ នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ហើយព្យុះនេះថមថយឥទ្ធិពលជាបន្តបន្ទាប់ក្លាយជាព្យុះកម្រិត IS វិសម្ពាធ ID និងសម្ពាធទាបវិញ។ តែបែបនេះក្ដី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ខ្យល់មូសុងនិរតី នឹងបង្កើនល្បឿនបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំងមកលើតំបន់មាត់សមុទ្រ។
តាមរយៈការព្យាករណ៍នេះ ក្រសួងអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរតាមដងផ្លូវ៕