ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ “មិនទាន់អនុញ្ញាត” ឲ្យប្រើប្រាស់ជាសាធារណៈនៅឡើយទេ។នេះបើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងលើទំព័រហ្វេសប៊ុកផ្លូវការ កាលពីរសៀលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២២។
តាមរយៈការជូនដំណឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវសូមការយោគយល់ពីប្រជាពលរដ្ឋដោយត្រូវអត់ធ្មត់ រង់ចាំដល់ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២២ ទើបក្រសួងអនុញ្ញាតដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការដោយឥតគិតថ្លៃ។
គូសបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ ជាផ្លូវថ្មីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ។ ផ្លូវនេះបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ ដែលមានទំហំទទឹង ២៤ម៉ែត្រ ចែកចេញជា ៤គន្លង ដោយមានផ្លូវចំនួន ២គន្លងទៅ និង ២គន្លងមក។
ផ្លូវល្បឿនលឿននេះដែរ ក្រាលដោយបេតុងកៅស៊ូ (AC) តភ្ជាប់ពីរាជធានីភ្នំពេញទៅដល់សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវនេះ មានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ ៤ ចំនួន ៦កន្លែង មានកន្លែងឈប់សម្រាក ៣កន្លែង និងចំណតរថយន្ត ១កន្លែង ផងដែរ។
បើតាមការគណនាពីក្រសួង សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរនិងដឹកជញ្ជួនទំនិញពីភ្នំពេញទីក្រុងព្រះសីហនុលើផ្លូវល្បឿនលឿននេះចំណាយពេលប្រមាណ ២ ម៉ោងប៉ុណ្ណោះ ដែលកន្លងមកត្រូវចំណាយពេលពី ៥ ទី៦ ម៉ោងតាមផ្លូវជាតិលេខ ៤ ៕