ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ប្រទេសកម្ពុជានៅស្ថិតនៅកម្រិត៥,៣ភាគរយ ក្នុងឆ្នាំ២០២២។ ប៉ុន្តែស្ថាប័នមួយនេះបានបន្ទាបការព្យាករណ៍សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ ថាអាចចុះពី ៦,៥ ភាគរយ មកត្រឹម ៦,២ភាគរយ ដោយសារការចុះខ្សោយនៃកំណើនសេដ្ឋកិច្ចពិភពលោក។
នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពនៃទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២២ ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។
យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានឱ្យដឹងថា ការនាំចេញផលិតផលសម្លៀកបំពាក់ទំនិញធ្វើដំណើរ និងស្បែកជើងរបស់កម្ពុជានៅតែរឹងមាំ ជាមួយកំណើន ៣៩,៨ភាគរយ ក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងអឺរ៉ុប ថយចុះក្តី។
ចំណែកវិស័យកម្មន្តសាលមិនមែនកាត់ដេរវិញ បើតាមADB មើលឃើញថា នឹងនៅតែបន្តសន្ទុះកំណើនដ៏រឹងមាំ ខណៈ វិស័យសំណង់បានងើបឡើងវិញជាបណ្តើរៗជាមួយការនាំចូលសម្ភារសំណង់កើនឡើង២២,៨ភាគរយ។ ដោយឡែកវិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងកើនឡើង៩,១ភាគរយ នៅឆ្នាំនេះ មុនពេលថយមកត្រឹម ៨,៦ភាគរយ នៅឆ្នាំ២០២៣ដោយសារការចុះខ្សោយនៃតម្រូវការក្រៅស្រុក។
នាយិកា ADB ប្រចាំកម្ពុជា លោកស្រី Jyotsana Varma លើកឡើងថា ការកើនឡើងនៃការនាំចេញផលិតផលកម្មន្តសាលរបស់កម្ពុជានិងការងើបឡើងវិញបន្តិចម្តងៗក្នុងវិស័យសំណង់និងសេវាកម្មបានជួយដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២២ ទោះបីជាមានការថយចុះនៃកំណើនវិស័យកសិកម្មដែលបណ្តាលមកពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និងជី ព្រមទាំងភ្លៀងធ្លាក់ខ្លាំងក៏ដោយ។
គូសបញ្ជាក់ថា របាយការណ៍ខាងលើបានដំឡើងការព្យាករណ៍អតិផរណាឆ្នាំ២០២២របស់កម្ពុជាទៅ៥,០ភាគរយ ពីការព្យាករ ៤,៧ភាគរយ ក្នុងខែមេសាដោយសារឥទ្ធិពលរាលដាលនៃការកើនឡើងតម្លៃប្រេងឥន្ធនៈដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ចំពោះការព្យាករណ៍អតិផរណាសម្រាប់ឆ្នាំ២០២៣វិញ ត្រូវបានរក្សាទុកនៅ២,២ភាគរយ ។ ដោយឡែកចំពោះហានិភ័យសម្រាប់ជាទស្សនវិស័យវិញ រួមមានការលចឡើងនៃមេរោគកូវីដ១៩ប្រភេទថ្មី បញ្ហាជំងឺអុតស្វា។មួយទៀតដែរ គឺបញ្ហាកំណើនសេដ្ឋកិច្ចនៃដៃគូពាណិជ្ជកម្មសំខាន់ៗមានភាពកាន់តែទន់ខ្សោយជាហេតុរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល និងការកើនឡើងនៃថ្លៃថាមពលនិងទំនិញនានាដែលអាចអាក្រក់ជាងការរំពឹងទុក។
សូមជម្រាបជូនថា នៅឆ្នាំ២០២១ ADB បានសន្យាផ្តល់ប្រាក់កម្ចីនិងជំនួយសម្រាប់ស្ថាប័នរដ្ឋចំនួន៣ពាន់២រយ៧១លានដុល្លារ ហើយបានកៀរគរបន្ថែម៥លានដុល្លារតាមរយៈសហហិរញ្ញប្បទានសម្រាប់កម្ពុជា។ សម្រាប់ប្រាក់កម្ចីត្រៀមរបស់ ADB សម្រាប់កម្ពុជាឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ រួមមានការផ្តល់កម្ចីសម្បទានចំនួន១,១៧ពាន់លានដុល្លារ និងជំនួយ ចំនួន៤៣,៩លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស និងការស្តារ ឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩៕