ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅថា សាលាក្ដីខ្មែរក្រហមនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកាជុំវិញបណ្តឹងសាទុក្ខអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ដោយតុលាការសម្រេចតម្កល់ទោសដាក់ពន្ធនាគារលើ លោក ខៀវ សំផន អស់មួយជីវិតក្នុងសំណុំរឿង០០២/០២។
ការប្រកាសរបស់ចៅក្រមសាលាក្តីខ្មែរក្រហមពេលនោះ មានវត្តមានលោក ខៀវ សំផន ចូលរួមស្តាប់នៅក្នុងសវនាការផងដែរ។
ចៅក្រមបានបង្គាប់ថា ខៀវ សំផន ត្រូវស្ថិតក្នុងមន្ទីរឃុំឃាំងរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) ដោយរង់ចាំចេញសាលដីកាសម្អាងហេតុពេញលេញ និងការបញ្ចប់ និងការរៀបចំសម្រាប់ការផ្ទេរឱ្យអនុលោមតាមច្បាប់ តាមពន្ធនាគារដែលគាត់ត្រូវបន្តអនុវត្តគាត់។
សួមរំលឹកថា លោក ខៀវ សំផន អាយុ៩១ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ម្តងរួចទៅហើយកាលពីឆ្នាំ២០១៤ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងប្រល័យពូជសាសន៍។
ប៉ុន្តែជនជាប់ចោទបានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ ដោយអះអាងថា មិនមានកំហុសដូចការចោទប្រកាន់ដោយសារគាត់មានតែឈ្មោះនិងតួនាទី តែមិនមានអំណាចទេ។
លោក ខៀវ សំផន ស្ថិតក្នុងចំណោមមនុស្ស៥នាក់ដែលត្រូវបានចោទប្រកាន់ដោយតុលាការកូនកាត់ដែលមានចៅក្រមកម្ពុជានិងអន្តរជាតិ។ បួននាក់ទៀតបានស្លាប់ជាបន្តបន្ទាប់មុនពេលដែលតុលាការត្រូវបិទបញ្ចប់នៅថ្ងៃនេះរួចទៅហើយ៕