ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ” នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈឱ្យដឹងថា ក្រសួងកំពុងរៀបចំស្នើសុំចុះបញ្ជី នំបញ្ចុក គុនល្បុក្កតោ និងព្រះរាជពិធីបុណ្យអុំទូក ក្នុងសម្បត្តិអរូបីយរបស់អង្គការយូណេស្កូនៅពេលខាងមុខ។
ជាមួយគ្នានេះ ក្រៅពីមរតកវប្បធម៌អរូបីយ ក្រសួងវប្បធម៌ក៏បានត្រៀមស្នើសុំចុះបញ្ជីប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។
បន្ថែមពីនេះ បើតាមលោករដ្ឋលេខាធិការ ក្រសួងកំពុងពិនិត្យសម្បត្តិវប្បធម៌រូបីយមួយចំនួនទៀត ដូចជាក្រុមប្រាសាទបន្ទាយឆ្មារ រមណីយដ្ឋានអង្គរបុរី និងភ្នំដា រមណីយដ្ឋានគូលែន ក្រុមប្រាសាទបេងមាលា ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ រមណីយដ្ឋានឧត្តុង្គ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង “ម-១៣” ដាក់ក្នុងបញ្ជីត្រៀម ដើម្បីស្នើសុំចុះបញ្ជីផងដែរ។
សូមជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោកដែលបានចុះបញ្ជីដោយអង្គការ យូណេស្កូចំនួន ០៨ រួចមកហើយ។ ក្នុងនោះមានសម្បត្តិវប្បធម៌រូបីយមានចំនួន៣ និងសម្បត្តិវប្បធម៌អរូបី ចំនួន៥ រួមមានប្រសាទអង្គរវត្ត របាំព្រះរាជទ្រព្យ ប្រាសាទព្រះវិហារ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង តំបន់ប្រាសាទសំបូរព្រៃគុក និងល្ខោនខោលវត្តស្វាយអណ្ដែត៕