យោងតាម C N A អាជ្ញាធរម៉ាឡេស៊ីបានជួយសង្គ្រោះជនរងគ្រោះ១៥ នាក់ ពីករណីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅកម្ពុជាមកប្រទេសខ្លួនវិញ ខណៈរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងជួយពលរដ្ឋរបស់ខ្លួនរាប់រយនាក់ដែលជាករណីស្រដៀងគ្នានេះនៅក្នុងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍។
ការជួយសង្គ្រោះជនរងគ្រោះបានមកដល់ទីក្រុងគូឡាឡាំពួរនៅថ្ងៃអង្គារ ទី20 ខែកញ្ញា ដោយសារមានការវាយឆ្មក់របស់ប៉ូលិសនៅទូទាំងប្រទេសកម្ពុជាក្នុងសប្តាហ៍នេះលើឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលគេសង្ស័យថាមានការជួញដូរមនុស្ស អោយធ្វើការនៅកន្លែងល្បែងស៊ីសងខុសច្បាប់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធ ក្រសួងការបរទេសប្រទេសម៉ាឡេស៊ីបានអោយដឹងថា មានជនជាតិម៉ាឡេស៊ី 301នាក់ ដែលជាប់គាំងដោយបណ្តាញបោកប្រាស់រកការងារនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប្រទេសថៃផងដែរ។
របាយការណ៍បាននិយាយថា ក្នុងចំណោមមនុស្ស 168 នាក់ត្រូវបានជួយសង្គ្រោះ 34 នាក់កំពុងត្រូវបានឃុំខ្លួនជាជនអន្តោប្រវេសន៍ខុសច្បាប់ និង 99 នាក់ទៀតកំពុងត្រូវបានតាមដាន។ជនរងគ្រោះដែលរំដោះបាននិយាយថា ពួកគេត្រូវបានបោកបញ្ឆោតទៅប្រទេសកម្ពុជាដោយការសន្យាផ្ដល់ការងារដែលមានប្រាក់ខែខ្ពស់នៅកាស៊ីណូ និងសណ្ឋាគារ ប៉ុន្តែត្រូវបានបង្ខំឱ្យរស់នៅក្នុងបរិវេណមួយ និងបោកប្រាស់អ្នកប្រើប្រាស់អ៊ីនធឺណិត។
អាជ្ញាធរកម្ពុជាបាននិយាយថា ពួកគេបានរកឃើញភស្តុតាងការបើកល្បែងស៊ីសងខុសច្បាប់ ការបង្ខាំងមនុស្សខុសច្បាប់ និងការធ្វើទារុណកម្ម ពេស្យាចារ ការកាន់កាប់អាវុធខុសច្បាប់ ការលាងលុយកខ្វក់ និងការជួញដូរមនុស្សនៅទីតាំងមួយកន្លែង។
ប្រភព៖ C N A ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២២