en     km
en     km

ក្រសួងសាធារណការគ្រោងបង្ហាញរបៀបប្រើផ្លូវល្បឿនលឿនបញ្ចៀសគ្រោះថ្នាក់

Share

ភ្នំពេញ៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ពោលរយៈពេល ១ខែ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងឱ្យប្រជាពលរដ្ឋបើកបរប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សាកល្បងដោយឥតគិតថ្លៃ។ នេះបើតាមការបញ្ជាក់ពីក្រសួងសាធារណការលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២២។


បើតាមក្រសួង បង្ហាញរបៀបប្រើប្រាស់ផ្លូវល្បឿនលឿនបែបនេះ បំណងដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍កើតឡើង និងធានាថាការធ្វើដំណើរប្រកបដោយភាពត្រឹមត្រូវតាមបទដ្ឋានសុវត្ថិភាពចរាចរណ៍ នៅអំឡុងពេលនៃការសាកល្បងនេះ។ ជាងនេះទៀត ក្រសួងសាធារណការនឹងប្រាប់ពីរបៀបបើកបរនិងប្រភេទយានយន្តដែលត្រូវប្រើប្រាស់គន្លងផ្លូវល្បឿនលឿនផងដែរ។
ដោយឡែកសម្រាប់ម៉ូតូមានទំហំស៊ីឡាំងឬកម្លាំងម៉ាស៊ីនចាប់ពី៥០០cc ឬ២៧kw ឡើងទៅ ដែលមានបំណងបើកបរលើផ្លូវល្បឿនលឿន គឺត្រូវបានតម្រូវឱ្យស្នើសុំស្លាកសញ្ញាសម្រាប់បិទបញ្ជាក់ (Sticker) ពីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមុន។


ជុំវិញរឿងនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា ក្រសួងបានរៀបចំផលិតនូវវីដេអូអប់រំ ស្តីពីការប្រើប្រាស់ផ្លូវល្បឿនលឿនរួចហើយ ដោយត្រៀមនឹងផ្សព្វផ្សាយនាពេលឆាប់ៗខាងមុខនេះ។
សូមជម្រាបថា បន្ទាប់ពីផុតកាលកំណត់នៃការសាកល្បងបើកបរលើផ្លូវល្បឿនលឿននេះហើយ ក្រសួង និងក្រុមហ៊ុនសហការរៀបចំប្រព័ន្ធបច្ចេកវិទ្យាជួយសម្រួលដល់ប្រជាពលរដ្ឋអាចបង់ប្រាក់ជាមុន និងប្រើប្រាស់ផ្លូវល្បឿនលឿនដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីស្មុគស្មាញ។ ជាងនេះអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន និងមិនចាំបាច់តម្រូវឱ្យចេះប្រើប្រព័ន្ធបច្ចេកវិទ្យាឡើយ។ រីឯការបង់ប្រាក់វិញ អាចមានជម្រើសសំបូរបែប គ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង។


ក្រសួងបានរំលេចឱ្យដឹងបន្ថែមថា ផ្លូវល្បឿនលឿននឹងនាំមកនូវការរីកចម្រើនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បង្កើននូវលំហូរទេសចរណ៍ និងបង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋ សំដៅចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ៕

Share

Image
Image
Image