ភ្នំពេញ៖ អំណឹះតទៅសាធារណជនដែលប្រទះឃើញករណីស្រ្តីឬក្មេងស្រីរងគ្រោះដោយអយុត្តិធម៌ ឬរងអំពើបៀតបៀនផ្សេងៗ ជាពិសេសស្រ្តីឬកុមាររងគ្រោះផ្ទាល់តែម្តង អាចហៅទូរស័ព្ទមកលេខ ០៩៣ ៧៧៧ ៩០០ និងលេខ ០៨៥ ៧៧៧ ៩០០ ដើម្បីសុំជំនួសសង្គ្រោះបន្ទាន់ពីសមត្ថកិច្ច។
នេះជាការគូសបញ្ជាក់ពី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី លោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី“សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្រ្តី។
ប៉ុន្តែរដ្ឋមន្រ្តីកិច្ចការនារី បញ្ជាក់ជំហរថា មិនមែនគ្រប់រឿងរ៉ាវរបស់ស្រ្តីនិងក្មេងស្រីសុទ្ធតែអន្ដរាគមន៍ដោះស្រាយបានលឿននោះទេ ពោលគឺត្រូវជ្រាវស្វែងរកប្រភពឱ្យបានច្បាស់លាស់ ងាយស្រួលជួយអន្ដរាគមន៍។
ការបញ្ជាក់បែបនេះ ព្រោះបើតាមរដ្ឋមន្រ្តីធ្វើការងារលើបញ្ហាស្រ្តីរូបនេះឱ្យដឹងថា កន្លងមកអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនប្រឌិតព័ត៌មានឡើងក្នុងចេតនាមិនល្អ។ តែយ៉ាងណាលោកស្ត្រីរដ្ឋមន្ត្រី ក៏ទទួលបានតម្រុយជួយសង្គ្រោះជនរងគ្រោះតាមរយៈការបញ្ចេញព័ត៌មានតាមបណ្តាញសង្គមនេះដែរ។
នៅពេលទទួលបានព័ត៌មាន ព្រោះកន្លងទៅការប្រើប្រាស់ បណ្ដាញសង្គមពិតជាជួយបានច្រើន ក្នុងការឱ្យក្រសួងបានទទួលនូវព័ត៌មានស្ដីពីការសុំជំនួយផ្សេងៗ ប៉ុន្ដែក្នុងនោះក៏មានព័ត៌មានខ្លះ ជាការប្រឌិតក្នុងចេតនាមិនល្អដូចគ្នាផងដែរ។
សូមបញ្ជាក់ថា កន្លងមកក្រសួងកិច្ចការនារីបានបង្កើតយន្តការឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាពាក់ព័ន្ធស្ដ្រីចាប់ពីថ្នាក់ក្រសួង រហូតដល់ថ្នាក់ស្រុកផងដែរ។
សូមជម្រាបថា រយៈពេល ២ ឆ្នាំពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ក្រសួងកិច្ចការនារី បានអន្តរាគមន៍ជួយស្ត្រីជនរងគ្រោះដោយអំពើហិង្សាទាក់ទងយេនឌ័រ ចំនួនជាង ៣ម៉ឺនករណី។ក្នុងនោះ ក្រសួងផ្តល់សេវាប្រឹក្សាយោបល់ផ្នែកច្បាប់ ផ្លូវចិត្ត សម្របសម្រួលរកមេធាវី រៀបចំពាក្យបណ្តឹង អន្តរាគមន៍សម្របសម្រួលបញ្ជូនបន្ត និងតាមដានការប្រកាសសាលក្រមដោយផ្ទាល់ និងតាមអនឡាញ៕