បើតាមអ្នកស៊ើបអង្កេតនៅថ្ងៃអង្គារនេះបានឱ្យដឹងថា វិធីសាស្ត្រដែលអាកាសយានិកបានបញ្ជាទៅលើបច្ចេកវិទ្យាដែលដំណើរការខុសធម្មតាបានបណ្ដាលឱ្យធ្លាក់យន្តហោះ Air Asia។
យន្តហោះដែលមានវាសនាមិនល្អនោះ មានទិសដៅ ពីក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី ហោះឆ្ពោះទៅកាន់ប្រទេសសឹង្ហបុរី កាលពីថ្ងៃទី ២៨ ធ្នូ ឆ្នាំមុន។ វាធ្លាក់ចូលទៅក្នុងសមុទ្រចាវ៉ា ដោយបានសម្លាប់មនុស្ស ១៦២ នាក់។
កុំព្យូទ័រដែលគ្រប់គ្រងការហោះហើររបស់យន្តហោះ បានប្រេះដែលជាហេតុធ្វើឲ្យមានការដំណើរការខុសប្រក្រតីនោះ។
កំណត់ត្រាពីការថែទាំយន្តហោះបានរកឃើញថាមានការខូចយន្តហោះចំនួន ២៣ ដងក្នុងឆ្នាំនេះ មុនពេលដែលមានការធ្លាក់ ហើយចន្លោះនៃការខូចនោះមានពេលខ្លីគឺ ៣ ខែ មុនពេលធ្លាក់នោះ។
សេចក្ដីរាយការណ៍ពីគណៈកម្មធិការសុវត្ថិភាពដឹកជញ្ជូនជាតិបានឱ្យដឹងថា៖ «សកម្មភាពរបស់ក្រុមការងារហោះហើរ គឺមានភាពអសមត្ថភាពក្នុងការត្រួតពិនិត្យយន្តហោះ និងបានអូសបន្លាយក្នុងការដំឡើងលក្ខខណ្ឌរបស់វា ដែលហួសពីសមត្ថភាពរបស់ក្រុមការងារហោះហើរក្នុងការធ្វើវាឱ្យមានភាពប្រសើរឡើងវិញ»។
តែបើនិយាយមួយបែបទៀត៖ «វាជាភាពបរាជ័យខាងបច្ចេកទេស ប៉ុន្តែវាជាការឆ្លើយតបរបស់អាកាសយានិក ដែលនាំឱ្យមានការធ្លាក់យន្តហោះបែបនេះ»។ នេះបើយោងតាមអ្នកឆ្លើយឆ្លងអាកាសចរណ៍របស់ CNN គឺលោក Richard Quest៕
ប្រែសម្រួលដោយ៖ សេង វិបុល / ប្រភព៖ CNN