ភ្នំពេញ៖ មានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រពីតំបន់ប្រាសាទសម្បូរព្រៃគុក និងស្ថិតនៅក្នុងភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រះវិហារមួយមាននាមថា វត្តឥន្ទកុមារ មានវ័យជាង១០០ឆ្នាំហើយគិតមកទល់ពេលបច្ចុប្បន្ន។ នេះបើតាមការបញ្ជាក់ពីព្រះគ្រូឧបជ្ឈាយ៍ ព្រះនាម ហែម អន ជាព្រះគ្រូចៅអធិកាវត្តឥន្ទកុមារនេះ។
ព្រះវិហារវ័យចំនាស់នេះ បច្ចុប្បន្ននៅមានសភាពរឹងមាំនៅឡើយ ប៉ុន្តែ ផ្នែកខ្លះនៃជញ្ជាំង និងសសរ ព្រមទាំងក្បូរក្បាច់រចនាខ្លះមានជាប់ស្នាមកម្អែលពណ៌ខ្មៅជាស្លាកស្នាមកើតឡើងដោយសារអំណាចនៃទឹកភ្លៀងហូរកាត់។
ផ្អែកតាមថេរដីការបស់ព្រះគ្រូ ហែម អន វិហារមួយនេះកសាងឡើងនាអំឡុងសម័យអាណានិគមននិយមបារាំងមកម្ល៉េះ។ ហើយនូវសម័យខ្មែរក្រហមវិហារមួយនេះ ត្រូវបានពួក ប៉ុល ពត បំផ្លាញកម្ទីចោលស្ទើរគ្មានសេសសល់។ ជាងនេះកម្មាភិបាលរបបអៅខ្មៅនេះ បានយកទីសក្ការៈបូជារបស់អ្នកស្រុកធ្វើជាកន្លែងចិញ្ចឹមជ្រូក និងជាជម្រុកស្រូវទៅវិញ។
ប៉ុន្តែបន្ទាប់ពីរបប ប៉ុល ពត ត្រូវបានដួលរលំទៅ ព្រះចៅអធិការបានប្រមែប្រមូលពុទ្ធបរិស័ទចំណុះជើងវត្តជួសជុលព្រះវិហារនេះឡើងវិញ ហើយបច្ចុប្បន្នវត្តឥទ្ទកុមារនេះត្រូវបន្តការគ្រប់គ្រងទៅព្រះចៅអធិការថ្មីព្រះនាម យាន ស្រេង។
វត្តឥន្ទកុមារនេះមានចម្ងាយឆ្ងាយពីទីរួមខេត្តកំពង់ធំប្រមាណ១០គីឡូម៉ែត្រ។ វត្តនេះសង់លើផ្ទៃដី៤៨០០ម៉ែត្រការ៉េ មានស្រះទឹកបុរាណចំនួន២ប្រវែងជាង១០០ម៉ែត្រផងដែរ។ ជាងនេះវត្តបុរាណវ័យចំណាស់មួយនេះមានបង្គោលសីមាបុរាណ ព្រះពុទ្ធរូបធ្វើអំពីថ្មភ្នំ មានសិលាចរឹក និងក្បាច់រចនាតាមជញ្ជាំងវត្តក៏មានភាពល្អប្រឌិតគួរជាទីគយគន់ផងដែរ។
អ្វីជាពិសេសជាងនេះ វត្តបុរាណមួយនេះនៅតែឈរបង្អួតរាងយ៉ាងរឹងមាំសង្ហារ ដើម្បីជាទីសក្ការៈនៃប្រជាពលបរិស័ទជិតឆ្ងាយមកសាងកុសលនារដូវភ្ជុំបិណ្ឌឆ្នាំនេះ៕
អត្ថបទខ្លីនេះសរសេរដោយ ផាត សុភត្រ្តា ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្ថិតក្នុងគម្រោងសំឡេងយុវជនមានសារៈសំខាន់ គាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie។
ខាងក្រោមនេះជារូបភាពវត្តឥន្ទកុមារ៖