loader

ទឹកដីអុយក្រែនដែលកាន់កាប់ដោយរ៉ុស្ស៉ីនឹងធ្វើប្រជាមតិចូលរួមជាមួយរុស្ស៊ី

តំបន់ចំនួនបួនរបស់អ៊ុយក្រែនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៉ីបានប្រកាសផែនការធ្វើប្រជាមតិបន្ទាន់ដើម្បីត្រួសត្រាយផ្លូវបញ្ចូលទឹកដីជាមួយរុស្ស៊ី។មន្ត្រីដែលគាំទ្រដោយរុស្ស៊ីនៅភាគខាងកើត និងខាងត្បូងនិយាយថា ពួកគេចង់ធ្វើការបោះឆ្នោតប្រជាមតិក្នុងសប្តាហ៍នេះ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយកាលពីថ្ងៃអង្គារថា “ការធ្វើប្រជាមតិក្លែងក្លាយ” នឹងមិនផ្លាស់ប្តូរអ្វីនោះទេ។សហគមន៍អន្តរជាតិមិនដែលទទួលស្គាល់ការបញ្ចូលឧបទ្វីប Crimea ជារបស់រុស្ស៉ីនោះទេ ប៉ុន្តែរុស្ស៊ីចង់យកតំបន់ផ្សេងទៀតតាមរបៀបដូចគ្នានឹងតំបន់គ្រីមៀដែរ។

 

មាន​ការ​រំពឹង​​ថារុស្ស៊ី​អាច​នឹង​​ចល័ត​ទ័ព​ទ្រង់ទ្រាយ​ធំ ដើម្បី​ពង្រឹង​កម្លាំង​របស់​ខ្លួន​នៅ​អ៊ុយក្រែនឡើងវិញ។ សភារុស្ស៊ីបានអនុម័តច្បាប់ដាក់ទោសធ្ងន់ធ្ងរចំពោះបទល្មើសយោធាដូចជាការរត់ចោលជួរ ការធ្វើអោយខូចខាតទ្រព្យសម្បត្តិកងទ័ព និងការមិនចុះសម្រុងគ្នាក្នុងអំឡុងពេលចល័តកងទ័ព ឬពេលធ្វើប្រតិបត្តិការសិក។

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា ការបោះឆ្នោតនៅតំបន់ភាគខាងកើតនៃទីក្រុង Donetsk និង Luhansk ដែលត្រូវបានគេស្គាល់ថា Donbas នឹងកែតម្រូវ “យុត្តិធម៌ប្រវត្តិសាស្ត្រ” ហើយវាមិនអាចត្រឡប់ក្រោយវិញបានទេ “បន្ទាប់ពីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញហើយ គ្មានមេដឹកនាំជំនាន់ក្រោយរបស់រុស្ស៊ី ឬគ្មានមន្ត្រីណាមួយអាចប្រឆាំងការសម្រេចចិត្តទាំងនេះបានឡើយ»។

 

ឆាប់ៗនេះ អាជ្ញាធរដែលគាំទ្រដោយរុស្ស៊ីដែលបានបំបែកខ្លួននៅតំបន់ Donetsk និង Luhansk នឹងធ្វើការបោះឆ្នោតប្រជាមតិនៅថ្ងៃទី 23 ដល់ថ្ងៃ​ 27 ខែកញ្ញា។ តំបន់ទាំងពីរត្រូវបានទទួលស្គាល់ជាសាធារណៈរដ្ឋឯករាជ្យដោយប្រធានាធិបតី ពូទីន បីថ្ងៃមុនពេលកងទ័ពរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនពីភាគខាងជើង ខាងកើត និងខាងត្បូង។

 

មន្ត្រីដែលតែងតាំងដោយរុស្ស៊ីនៅតំបន់ Kherson បាននិយាយថា ពួកគេក៏នឹងរៀបចំការបោះឆ្នោតប្រជាមតិដែរ ហើយការប្រកាសស្រដៀងគ្នានេះក៍មាននៅតំបន់ Zaporizhzhia ដែលកាន់កាប់ដោយរុស្ស៊ីផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបាននិយាយថា ប្រជាជនអាចបោះឆ្នោតដោយផ្ទាល់ ឬបោះពីចម្ងាយ។

 

អស់រយៈពេលជាច្រើនខែមក អាជ្ញាធរដែលតែងតាំងដោយរុស្ស៊ីបានព្យាយាមធ្វើប្រជាមតិស្វែងរកស្វ័យភាព។ប៉ុន្តែគេមិនដែលសង្ឃឹមថាមានការបោះឆ្នោតដោយសេរី ឬយុត្តិធម៌នោះទេ ហើយសង្រ្គាមកំពុងតែឆាបឆេះដែលធ្វើឱ្យការបោះឆ្នោតមិនអាចអនុវត្តបាន។

ការប៉ុនប៉ងណាមួយដើម្បីបញ្ចូលទឹកដីអ៊ុយក្រែនបន្ថែមទៀតទៅរុស្ស៉ី បានធ្វើអោយខឹងសម្បារពីមេដឹកនាំទីក្រុង Kyiv និងបំផ្លាញក្តីសង្ឃឹមនៃដំណោះស្រាយតាមរយៈការចរចា។ទីប្រឹក្សាក្រសួងការពារជាតិអ៊ុយក្រែនលោក Oleksiy Kopytko បានលើកឡើងថា ផែនការបោះឆ្នោតគឺជា “សញ្ញានៃភាពច្របូកច្របល់” នៅទីក្រុងម៉ូស្គូ។ ប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីយប់ថ្ងៃច័ន្ទថា “អ្នកឈ្លាន​ពាន​បង្ហាញយ៉ាងច្បាស់នូវភាពភ័យស្លន់ស្លោ” ។ អធិការបតីអាល្លឺម៉ង់ Olaf Scholz បាននិយាយថា ការបោះឆ្នោតនោះគឺជា “ការបោកប្រាស់” ខណៈពេលដែលលោក Emmanuel Macron ប្រធានាធិបតីបារាំងបានថ្កោលទោសគំនិតធ្វើប្រជាមតិនេះថាជា “ការប្រមាថ” និង “ការលេងសើច” ដែលច្បាស់ណាស់នឹងមិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។  អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ពួកគេគ្មានភាពស្របច្បាប់ទេ ហើយជា “ការកើនឡើងបន្ថែមទៀតនៅក្នុងសង្គ្រាមរបស់ពូទីន” ។ ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​ថា តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការពិសេសមក ប្រទេស​រុស្ស៊ី​​ចង់​ឲ្យ​ពលរដ្ឋនៅក្នុងតំបន់ទាំងនោះ​មាន​ការ​សម្រេច​ចិត្តដោយខ្លួនឯង៖ «ស្ថានភាព​បច្ចុប្បន្ន​​បញ្ជាក់​ថា ពួកគេ​ចង់​ធ្វើ​ជាម្ចាស់​នៃ​ជោគវាសនា​របស់​ពួកគេ។ ”

ប្រភព៖ BBC News ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

លោក Zelensky អំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត

យោងតាមBBCប្រធានាធិបតីអុយក្រែនលោក Volodymyr Ze[...]

ស្ត្រី​អ៊ីរ៉ង់​តវ៉ា​ប្រឆាំងនឹងច្បាប់​ហ៊ីយ៉ាប

ស្ត្រី​អ៊ីរ៉ង់​តវ៉ា​ប្រឆាំងនឹងច្បាប់​ហ៊ីយ៉ាប

ថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២

        ស្ត្រីអ៊ីរ៉ងម្នាក[...]

ម៉ាឡេស៊ី​នាំ​ជនរងគ្រោះ​១៥​នាក់ ​ពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​មកប្រទេសវិញ

យោងតាម C N A អាជ្ញាធរម៉ាឡេស៊ីបានជួយសង្គ្រោះជន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x