សៀមរាប៖ សម្រាប់ភ្ញៀវទេសចរណ៍ដែលមានបំណងចង់មកលេងស្រុកកំណើតនិងមកទស្សនាប្រាសាទអង្គរវត្តនៅខេត្តសៀមរាប គឺពុំចាំបាច់ចំណាយថវិកាធ្វើដំណើរទាំងទៅទាំងត្រឡប់មកនាអំឡុងបុណ្យភ្ជុំបិណ្ឌនោះទេ ព្រោះរដ្ឋបាលរាជធានីភ្នំពេញនិងខេត្តសៀមរាបបានត្រៀមរថយន្តចំនួន ១៥គ្រឿងសម្រាប់ដឹកជញ្ជូនដោយឥតគិតថ្លៃ។
នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបចេញផ្សាយថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២ បន្ថែមពីលើសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២២កន្លងទៅ។
រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា រថយន្តក្រុងចំនួន១៥គ្រឿង នឹងត្រៀមដឹកអ្នកដំណើរដោយឥតបង់ថ្លៃពីភ្នំពេញទៅសៀមរាបនៅថ្ងៃទី២៣ដល់ថ្ងៃទី២៦ ដែលទីតាំងចេញដំណើរនៅចំណតរថយន្តរង្វង់មូលទេពមច្ឆា ស្ពានជ្រោយចង្វារ ហើយត្រូវចេញដំណើររៀងរាល់ម៉ោង០៥៖៣០នាទីព្រឹក។
ដោយឡែក រថយន្តក្រុងចំនួន ១៥គ្រឿងនេះដដែរ នឹងត្រៀមដឹកអ្នកដំណើរដោយឥតបង់ថ្លៃដូចគ្នាពីខេត្តសៀមរាបមករាជធានីភ្នំពេញវិញ គឺពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។ចំណែកទីតាំងចេញដំណើរត្រង់ចំណតរថយន្ត “គ្រឹះស្ថានអង្គរ” ជិតរង្វង់មូលវិថីសម្ដេចវិបុលបញ្ញា សុខ អាន ឬរង្វង់មូលផ្លូវ៦០ម៉ែត្រ ដោយចេញដំណើររៀងរាល់ម៉ោង១៣៖០០នាទី។
ពិសេសជាងនេះ អ្នកចង់មកលេងខេត្តសៀមរាបយូរថ្ងៃអាចជ្រើសរើសថ្ងៃធ្វើដំណើរត្រឡប់ទៅភ្នំពេញនៅថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២២ ព្រោះរដ្ឋបាលខេត្តសៀមរាប ត្រៀមរថយន្តក្រុងដឹកអ្នកដំណើរដោយឥតបង់ថ្លៃចំនួន១៥គ្រឿងដូចគ្នា៕