ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំណែនាំកិច្ចការប្រឆាំងអំពើជួញដូរមនុស្សនៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២ សម្តេច ស ខេង លើកឡើងថា ល្បែងស៊ីសងខុសច្បាប់ គឺជាមេរោគមហារីកសង្គម និងជាផ្នែកមួយដែលជាហេតុនាំឲ្យមានបទល្មើសផ្សេងៗនៅកម្ពុជា។
សម្តេចថា អំពើល្បែងស៊ីសងបង្កឱ្យកើតមានបទល្មើសជាច្រើនដូចជា ការជួញដូរមនុស្ស បទល្មើសអន្តោប្រវេសន៍ខុសច្បាប់ បទល្មើសសម្អាតប្រាក់ជាដើម ហើយនេះជាកត្តាប៉ះពាល់ដល់ការកសាងយុត្តិធម៌សង្គម។
ដោយឡែកពាក់ព័ន្ធនឹងវិធានការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នេះ សម្ដេច ស ខេង បញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញយន្ដការចំនួន ៣ ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយ ដែលរួមមានយន្តការសង្គ្រោះជនរងគ្រោះ យន្តការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការផ្ដន្ទាទោសជនប្រព្រឹត្តបទល្មើសតាមផ្លូវច្បាប់ជាធរមាន។
សម្ដេចថ្លែងបន្តថាល្បែងស៊ីសង គ្មានការចំណេញអ្វីនោះទេ តែផ្ទុយទៅវិញមានតែខាតបង់ចំណូលរដ្ឋតែប៉ណ្ណោះ។ ជាមួយគ្នានេះសម្ដេចជំរុញឲ្យគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវមានម្ចាស់ការទទួលខុសត្រូវខ្ពស់ និងម៉ឺងម៉ាត់ក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
សូមរម្លឹកថា កាលពីថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ត្រូវតែបង្ក្រាបឲ្យអស់ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស។ ប្រសិនបើមន្ត្រីណាមិនទទួលខុសត្រូវលើការចុះបង្រ្កាបបទល្មើសនេះ ហើយអនុញ្ញាតឲ្យល្បែងស៉ីសងកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនសម្ដេចនឹងដកចេញពីមុខតំណែង៕នេះបើយោងតាមរយៈសារជាសំឡេង របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានចេញកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ។