ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហម នឹងចេញសាលដីកាលើសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន ដែលជាអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។
លោក ខៀវ សំផន ដែលមានអាយុ ៩១ ឆ្នាំ ត្រូវបានតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមតម្កល់ការផ្តន្ទាទោស កាត់ទោសឱ្យជាប់ពន្ធធនាការមួយជីវិត ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងជនជាតិវៀតណាម និងជនជាតិចាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៦។
ទាក់ទងរឿងនេះគឺនៅថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២២នេះ លោក នេត្រ ភក្រ្ដា ជាប្រធានកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម បានបើកសន្និសីទសារព័ត៌មានដោយបញ្ជាក់ថា ក្រោយពេលប្រកាសបញ្ចប់សំណុំរឿងក្ដី ០០២/០២ តុលាការត្រូវការពេល ៣ ឆ្នាំបន្ថែមទៀត ដើម្បីបង្ហើយកិច្ចការដែលសេសសល់ ដោយយោងទៅតាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិពីពេលកន្លងទៅនេះ។
សាលាក្តីខ្មែរក្រហមបានជួយស្វែងរកយុត្តិធម៌ និងការពិតជូនជនរងគ្រោះនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ តែយ៉ាងណាសាលាក្តីនេះ ក៏រងនូវការរិះគន់ខ្លះដែរដោយការយឺតយ៉ាវក្នុងការស្វែងរកយុត្តិធម៌ ខណៈដែលមេដឹកនាំសំខាន់ៗនៃរបបខ្មែក្រហមបានបាត់បង់ជីវិតស្ទើរអស់។
សូមជម្រាបថា លោក ខៀវ សំផន គឺជាជនចុងក្រោយបង្អស់នៃអតីតមេដឹកនាំកំពូលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខណៈជនជាប់ចោទផ្សេងទៀត មាន លោកនួន ជា លោកអៀង សារី និងលោកស្រី អៀង ធារិទ្ធ លោក កាំ ហ្គេចអ៊ាវ ហៅឌុច បានស្លាប់អំឡុងពេលនៃដំណើរការនិតិវិធី៕