en     km
en     km

ការវាយប្រហារតាមអាកាសសម្លាប់សិស្សសាលាមីយ៉ាន់ម៉ា១១ នាក់

Share

 

 

យោងតាម C N A យ៉ាងហោចណាស់មានសិស្សសាលាចំនួន ១១នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាស និងការបាញ់ប្រហារទៅលើភូមិមួយក្នុងប្រទេសមីយ៉ាន់ម៉ា។ របបយោធាភូមាបាននិយាយថា ខ្លួនបានវាយប្រហារគោលដៅក្រុមឧទ្ទាមលាក់ខ្លួននៅក្នុងតំបន់នោះ។ រាយការណ៍ដោយ……….

 

ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់កុមារ(UNICEF) បានថ្កោលទោសចំពោះហេតុការណ៍កាលពីថ្ងៃសុក្រ ថ្ងៃទី ១៦ ខែកញ្ញា នៅសង្កាត់ Depeyin ក្នុងតំបន់Sagaing ។អង្គការយូនីសេហ្វបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា “កាលពីថ្ងៃទី 16 ខែកញ្ញា យ៉ាងហោចណាស់មានកុមារចំនួន 11 នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាស និងការបាញ់ប្រហារដោយមិនរើសមុខនៅក្នុងភូមិជនស៊ីវិលរស់នៅ”។របាយការណ៍បានបន្ថែមថាសាលារៀនត្រូវតែមានសុវត្ថិភាព និងមិនមែនជាគោលដៅវាយប្រហារនោះទេ។

 

អង្គការ UNICEF បានអោយដឹងថា«​យ៉ាង​ហោច​ណាស់​មាន​កុមារ ១៥ នាក់​មក​ពី​សាលា​ជាមួយគ្នាបាន​បាត់​ខ្លួន និងបាន​​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែងកុមារជាសិស្សសាលាទាំងនោះ​ជា​បន្ទាន់​និងដោយ​សុវត្ថិភាព​​។

 

ខ្សែវីដេអូដែលទទួលបានពីសហគមន៍មូលដ្ឋានបង្ហាញពីថ្នាក់រៀនមានឈាមនៅលើកំរាលឥដ្ឋ ខូចខាតដំបូលសាលា និងម្តាយជនរងគ្រោះយំស្រក់ទឹកភ្នែកលើសាកសពកូនប្រុសរបស់ខ្លួន។

 

របបយោធាបានបញ្ជាក់ថា ពួកគេបានបញ្ជូនទាហានតាមឧទ្ធម្ភាគចក្រទៅកាន់តំបន់នោះ បន្ទាប់ពីបានទទួលព័ត៌មានថា យុទ្ធជនមកពីកងទ័ពឯករាជ្យ Kachin ជាក្រុមឧទ្ទាមជនជាតិភាគតិច និងកងជីវពល

តស៊ូប្រឆាំងរដ្ឋប្រហារ កំពុងចល័តកងកម្លាំងនៅក្នុងតំបន់នោះ។ក្រុមយោធាបានចោទប្រកាន់ក្រុមឧទ្ទាមថា បានប្រើប្រាស់ជនស៊ីវិលធ្វើជាខែលការពារ ហើយបាននិយាយថា ខ្លួនបានរឹបអូសគ្រាប់មីន និងគ្រឿងផ្ទុះមួយចំនួនពីក្នុងភូមិនោះ។

តំបន់ Sagaing ភាគពាយ័ព្យរបស់ប្រទេសនេះ មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបំផុត។ ចំពេលមានការប៉ះទង្គិចគ្នារវាងក្រុមប្រឆាំងរដ្ឋប្រហារ និងយោធា ភូមិទាំងមូលត្រូវបានដុតបំផ្លាញ។

លោក Hassan Noor នាយកប្រចាំតំបន់នៃអង្គការ Save the Children Asia បានសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ហើយបាននិយាយថា សាលារៀនគួរតែត្រូវបានបិទ ហើយសុវត្ថិភាពរបស់សិស្សត្រូវបានការពារ។«តើ​មាន​ឧប្បត្តិហេតុ​បែប​នេះ​ប៉ុន្មាន​ទៀត​ដែល​នឹង​កើត​ឡើង​មុន​ពេល​មាន​ចំណាត់ការ? លោក Noor បាននិយាយដោយជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាត់វិធានការឱ្យបានឆាប់រហ័ស។ រហូតមកដល់ពេលនេះ អាស៊ានបានដឹកនាំប្រជុំកម្រិតការទូតក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលពុំទទួលបានលទ្ធផលនៅឡើយ។មេដឹកនាំអាស៊ាននឹងជួបប្រជុំគ្នានៅទីក្រុងភ្នំពេញក្នុងខែវិច្ឆិកា ដើម្បីពិភាក្សាអំពីវឌ្ឍនភាពលើផែនការសន្តិភាពរបស់ភូមា។

មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំមុន ដោយជនស៊ីវិលជិត 2,300 នាក់ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបលើក្រុមប្រឆាំង នេះបើយោងតាមក្រុមឃ្លាំមើលក្នុងស្រុកមួយ។

 

ប្រភព៖ C N A ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២២

 

Share

Image
Image
Image