en     km
en     km

ទឹកត្រីសញ្ញា«ត្រីកន្ធរ»រូបមន្តតជំនាន់របស់ស្រ្តីម្ចាស់អាជីវកម្មនៅភូមិឥន្ទ្រកុមារខេត្តកំពង់ធំ

Share

កំពង់ធំ៖ ពេលបានឈានជើងចូលមកដល់ក្នុងរោងកន្លែងផលិតទឹកត្រីសញ្ញា«ត្រីកន្ធរ»ស្ថិតក្នុងភូមិឥន្ទ្រកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំភ្លាម ក្លិនឈ្ងុយដែលរម្ងាស់ចេញពីត្រីកន្ធរជាច្រើនម៉ោងក៏តោងជាប់ច្រមុះភ្លាម។

ប៉ុន្តែក្លិននេះ បើភាយទៅកាន់ច្រមុះអ្នកមិនដែលធ្លាប់ឆ្លងកាត់ធ្វើត្រីប្រហុកទេនោះ ទំនងក្លិននេះក្លាយជាក្លិនស្អុយសម្រាប់ពួកគេទៅវិញ។

កន្លែងស្តុកទឹកត្រីសញ្ញាត្រីកន្ធរ។

 

ស្ថិតក្នុងរោងផលិតទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកម្ទេស សញ្ញាត្រីកន្ធរ អ្នកស្រី ជឿន បានរៀបរាប់ប្រាប់យុវជនជាសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាថា ទឹកត្រីសញ្ញាត្រីកន្ធរនេះ ផលិតឡើងពីរូបមន្តតជំនាន់ដែលយកត្រីកន្ធរមកផ្អាប់ ស្ល រម្ងាស់ លាយផ្សំជាមួយសារធាតុនិងគ្រឿងទេសមួយចំនួនចេញជាទឹកត្រីមុនច្រកដាក់ក្នុងដបបែបនេះ។

ស្ត្រីវ័យរៀងជ្រេរូបនេះ មិនលាក់បាំងឡើយដោយប្រាប់បន្តថា បច្ចុប្បន្នដោយសារត្រីធម្មជាតិមានតម្លៃថ្លៃនិងពិបាករកទិញ ដូច្នេះអ្នកស្រីយកត្រីប្រហុកមកផលិតទឹកត្រីជំនួសត្រីកន្ធរដែលកំពុងខ្សត់។

នេះជាទឹកត្រីដែលបានផលិតរួចត្រៀមលក់ទៅកាន់ទីផ្សារ។

 

ស្រ្តីម្ចាស់អាជីវកម្មទឹកត្រីសញ្ញា«ត្រីកន្ធរ»បន្ថែមទៀតថា អាជីវកម្មរបស់អ្នកស្រីបានដំណើរការជាយូរឆ្នាំមកហើយ ពិសេសដំណើរការការងារបានជួយរួមចំណែកជួយកាត់បន្ថយភាពក្រីក្រតាមរយៈការផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងភូមិស្រុកបានមួយចំនួន។ជាងនេះផលិតផលទឹកត្រីក្នុងភូមិឥន្ទ្រកុមាររបស់អ្នកស្រីមានឈ្មោះល្បីហើយមានអតិថជនតាមបណ្តាខេត្តក្រុងមួយចំនួនទទួលយកទៅលក់បន្តផងដែរ។

អ្នកស្រីបន្ថែមទៀតថា ក្រៅពីផលិតទឹកត្រី អ្នកស្រីក៏មានផលិតទឹកស៊ីអ៊ីវ និងទឹកម្ទេសផងដែរ៕

អត្ថបទខ្លីនេះសរសេរដោយ ផាត ស្រីនុច ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្ថិតក្នុងគម្រោងសំឡេងយុវជនមានសារៈសំខាន់ គាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie។

Share

ព័ត៌មានទាក់ទង

Image