ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានប្រាប់សន្និសីទមួយដែលធ្វើឡើងនៅទីក្រុងញូវយ៉កថា តៃវ៉ាន់មានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីជួយអ៊ុយក្រែនក្នុងការតស៊ូដើម្បីការពារខ្លួន ហើយកិច្ចខិតខំប្រឹងប្រែងដើម្បីជួយអ៊ុយក្រែនទាំងនោះត្រូវតែបន្ត។រាយការណ៍ដោយ…
ស្ថានភាពអ៊ុយក្រែនបានទទួលការអាណិតអាសូរយ៉ាងខ្លាំងនៅតៃវ៉ាន់ ដែលមនុស្សជាច្រើនមើលឃើញភាពស្របគ្នារវាងស្ថានភាពអ៊ុយក្រែន និងការគំរាមកំហែងរបស់ប្រទេសចិន មកលើតៃវ៉ាន់។
តៃវ៉ាន់បានបរិច្ចាគប្រាក់ជាង 30 លានដុល្លារសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ដែលភាគច្រើនត្រូវបានរៃអង្គាសពីសាធារណជន និងបានចូលរួមក្នុងការដាក់ទណ្ឌកម្មដែលដឹកនាំដោយលោកខាងលិចប្រឆាំងនឹងរុស្ស៊ីបន្ទាប់ពីការលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ។ លោកស្រីTsai បានថ្លែងនៅថ្ងៃចន្ទទី19ខែកញ្ញា ថា”នៅពេលយើងមើលការសម្លាប់រង្គាលដោយការលុកលុយរបស់រុស្ស៊ី តៃវ៉ាន់មានមោទនភាពក្នុងការដើរតួនាទីក្នុងការជួយអ៊ុយក្រែនក្នុងការតស៊ូ ការពារប្រទេស និងសេរីភាពរបស់ប្រជាជនអុយក្រែន។ យើងត្រូវបន្តការខិតខំប្រឹងប្រែងរបស់យើង” ។លោកស្រីបានបន្ថែមថា តៃវ៉ាន់បានប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសចិន។
លោកស្រី Tsai បាននិយាយថា “ការធានាលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់គឺជាការចាំបាច់ក្នុងការធានានូវសេរីភាព និងសិទ្ធិមនុស្សសម្រាប់អនាគតរួមរបស់យើង”។កិច្ចប្រជុំកំពូល Concordia ធ្វើឡើងក្នុងពេលដំណាលគ្នានឹងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។តៃវ៉ាន់មិនមែនជាសមាជិកអង្គការសហប្រជាជាតិទេ ដោយសារតែការជំទាស់របស់ចិន ដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន។
រដ្ឋាភិបាលរបស់តៃវ៉ាន់បានជំទាស់យ៉ាងខ្លាំងចំពោះការទាមទាររបស់ប្រទេសចិន ហើយបានព្យាយាមដើម្បីទទួលបានការចូលជាសមាជិកអង្គការសហប្រជាជាតិ។
លោក Tsai បាននិយាយថា “ការដាក់បញ្ចូលតៃវ៉ាន់នៅក្នុងប្រព័ន្ធរបស់អង្គការសហប្រជាជាតិ ខ្ញុំមានទំនុកចិត្តថាយើងអាចធ្វើការកាន់តែជិតស្និទ្ធបន្ថែមទៀតដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមនាពេលអនាគត និងការពារសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់” ។តៃវ៉ាន់បានកាន់កាប់អាសនៈអង្គការសហប្រជាជាតិរបស់ចិនក្រោមឈ្មោះផ្លូវការរបស់ខ្លួនថាសាធារណរដ្ឋចិនរហូតដល់ឆ្នាំ ១៩៧១។រដ្ឋាភិបាលសាធារណរដ្ឋចិនឬចិនតៃវ៉ាន់បានភៀសខ្លួនទៅកោះតៃវ៉ាន់ក្នុងឆ្នាំ ១៩៤៩ បន្ទាប់ពីចាញ់សង្គ្រាមស៊ីវិលជាមួយក្រុមកុម្មុយនិស្តម៉ៅ សេទុង។
ប្រភព៖C N A,20 September 2022