យោងតាម C N A គ្រោះរញ្ជួយដីបានវាយប្រហារភាគអាគ្នេយ៍កោះតៃវ៉ាន់នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា កម្រិត ៥.៥ រ៉ិចទ័របន្ថែមទៀត ដែលធ្វើអោយញ័រដល់រដ្ឋធានីតៃប៉ិ មួយថ្ងៃបន្ទាប់ពីការរញ្ជួយដ៏ខ្លាំងមួយបានសម្លាប់មនុស្សម្នាក់ និងរបួសប្រហែល ១៥០ នាក់ផ្សេងទៀត។
ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា ការរញ្ជួយដីចុងក្រោយបំផុតបានវាយប្រហារនៅម៉ោងប្រហែល 10 ព្រឹក ម៉ោងក្នុងស្រុក ចម្ងាយ 66 គីឡូម៉ែត្រពីភាគនិរតីនៃទីក្រុងឆ្នេរសមុទ្រ Hualien ក្នុងជម្រៅ 13 គីឡូម៉ែត្រ។
ការិយាល័យអាកាសធាតុរបស់កោះតៃវ៉ាន់បានដាក់កម្រិត ៥.៩រ៉ិចទ័រចំពោះការរញ្ជួយដីថ្មីនេះ។នៅតំបន់ជនបទនៅភាគអាគ្នេយ៍នៃកោះតៃវ៉ាន់ បានទទួលរងការញាប់ញ័រជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃសៅរ៍។
គ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ បានវាយប្រហារកាលពីរសៀលថ្ងៃអាទិត្យ ដោយបានធ្វើឱ្យខូចផ្លូវថ្នល់ និងបំផ្លាញផ្ទះមួយចំនួននៅក្នុងទីក្រុង Yuli ដែលយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់។មនុស្សបួននាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះពីអគារដែលដួលរលំ ខណៈដែលអាជ្ញាធរបាននិយាយថា សរុបចំនួន 146 នាក់បានរងរបួស។
ទីក្រុង Hualien ដែលជាតំបន់ទេសចរណ៍មួយរបស់តៃវ៉ាន់ត្រូវបានវាយប្រហារដោយការរញ្ជួយដីកម្រិត 6.4 រិចទ័រក្នុងឆ្នាំ 2018 ដែលបានសម្លាប់មនុស្ស 17 នាក់ និងជិត 300 នាក់រងរបួស។នៅខែកញ្ញា ឆ្នាំ 1999 តៃវ៉ាន់មានការរញ្ជួយដីកម្រិត 7.6 រិចទ័របានសម្លាប់មនុស្សប្រហែល 2,400 នាក់ដែលជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតក្នុងប្រវត្តិសាស្រ្តកោះតៃវ៉ាន់។
ប្រភព៖ C N A ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២២