en     km
en     km

UNICEF៖ អំពើហិង្សាលើកុមារប៉ះពាល់ដល់បុគ្គល សហគមន៍ និងមនុស្សជំនាន់ក្រោយ

Share

យូនីសេហ្វ ថាអំពើហិង្សាលើកុមារប៉ះពាល់ដល់បុគ្គល សហគមន៍ និងមនុស្សជំនាន់ក្រោយ ហើយបន្ថែម ថា ៤៣ភាគរយនៃកុមារកម្ពុជានៅឆ្នាំ២០២២  ពួកគេត្រូវបានគេដាក់វិន័យនៅក្នុងផ្ទះដោយប្រើអំពើហិង្សាលើរាងកាយ។ ខណៈសកម្មភាពរបស់ខ្លួនបញ្ចប់នៅឆ្នាំ២០២២នេះ អង្គការយូនីសេហ្វ ក៏បានប្តេជ្ញាគាំទ្រការអនុវត្តផែនការសកម្មភាពទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារបន្តទៀត បន្តរហូរដល់ខែធ្នូ ឆ្នាំ ២០២៣ ។ យ៉ាងណាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អះអាងថា ប្រទេសកម្ពុជា បាននឹងកំពុងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការទប់ស្កាត់នឹងអំពើហិង្សាលើកុមារ ដោយផ្អែកតាមការវាយតម្លៃលើផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០១៧-២០២១មក។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានលើកឡើងថា “អំពើហិង្សាលើកុមារមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលមិនត្រឹមតែប៉ះពាល់ដល់ជីវិតបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំផ្លាញសហគមន៍ទាំងមូល និងមនុស្សជំនាន់ក្រោយទៀតផង។

ការលើកឡើងរបស់លោកស្រីនាយិការអង្គការយូនីសេហ្វ នៅក្នុងពិធីផ្សព្វផ្សាយស្តីអំពី ការវាយតម្លៃ ផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ នៅកម្ពុជា ២០១៧-២០២១ កាលពីថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២២។

បើតាមការចុះផ្សាយរបស់អង្កការយូនីសេហ្វ លោកស្រី ហ្វយូហ្សិថ បានបង្ហាញពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២២ ជាតួលេខចុងក្រោយថា ៤៣% នៃកុមារ ដែលបានអង្កេត បានរាយការណ៍ថា ពួកគេត្រូវបានគេដាក់វិន័យនៅក្នុងផ្ទះ ដោយប្រើអំពើហិង្សាលើរាងកាយនៅអំឡុងការរាតត្បាតជំងឺសកលកូវីដ-១៩ ដែលជាឆ្នាំអនុវត្តផែនការសកម្មភាពនេះ ហើយការសិក្សាជាសកលបានបង្ហាញថា រយៈពេលនេះអាចមានការកើនឡើងនៃអំពើហិង្សាលើកុមារ។

តែយ៉ាងណា អង្គការយូនីសេហ្វ បានប្តេជ្ញាគាំទ្រការអនុវត្តផែនការសកម្មភាពនេះបន្តទៀត បន្តរហូរដល់ខែធ្នូ ឆ្នាំ ២០២៣ ដោយផ្ដល់អនុសាសន៍គន្លឹះមួយនៃការវាយតម្លៃនេះ គឺត្រូវដាក់បញ្ចូលលទ្ធផលនៃការពិនិត្យតាមដានទៅក្នុងសកម្មភាពទាំងអស់ ដើម្បីធ្វើការវាស់វែងភាពប្រសើរឱ្យបានកាន់តែសុក្រឹតនៅក្នុងបណ្តាឆ្នាំខាងមុខហើយបង្កើតជាឧត្តមានុភាព។ UNICEFថា មានតែធ្វើដូច្នេះទេទើបយើងអាចសម្រេចបានគោលដៅរួមរបស់យើងក្នុងការរក្សាសុវត្ថិភាពរបស់កុមារកម្ពុជាគ្រប់រូប និងការពារពួកគេពីអំពើហិង្សាគ្រប់ប្រភេទ ។

យ៉ាងណា លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអះអាងដោយផ្អែកតាមការវាយតម្លៃលើផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០១៧-២០២១ថា ប្រទេសកម្ពុជា បាននឹងកំពុងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការទប់ស្កាត់នឹងអំពើហិង្សាលើកុមារ។

លោកបានសង្កត់ធ្ងន់ថា ជាទិសដៅទៅមុខ កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មក្នុងការធានាថាកុមារមានសុវត្ថិភាពនៅគ្រប់ទីកន្លែង ដូចជានៅផ្ទះ សាលារៀន និងក្នុងសហគមន៍ ។ លោករដ្ឋមន្ដ្រីបន្ថែមថា រាជរដ្ឋាភិបាលប្តេជ្ញាយ៉ាងមុតមាំចំពោះការធានាឱ្យបានថា កុមារទាំងអស់នឹងរស់នៅក្នុងបរិយាកាសមួយប្រកបដោយភាពអំណោយផលដល់ការលូតលាស់ ព្រមទាំងទទួលបានការចិញ្ចឹមបីបាច់ និងកិច្ចការពារនានា សំដៅបញ្ចប់ឱ្យបានអំពើហិង្សាលើកុមារក្នុងគ្រប់ទម្រង់ និងសម្រេចឱ្យបាននូវការប្ដេជារបស់កម្ពុជាក្នុងក្របខណ្ឌតំបន់ និងសកលតាមរយៈការអនុវត្តនូវផែនការ និងគោលនយោបាយជាតិនានាដែលបានដាក់ចេញ។

សូមជម្រាបថា នៅក្នុងឆ្នាំ២០១៣ កម្ពុជាបានក្លាយជាប្រទេសទីមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានធ្វើការអង្កេតថ្នាក់ជាតិស្តីពីអំពើហិង្សាលើកុមារ ហើយរបកគំហើញទាំងនេះគឺជាមូលដ្ឋាននៃការបង្កើតផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០១៧-២០២១៕

 

Share

Image
Image
Image