ភ្នំពេញ៖ កម្ពុជាតាមរយៈលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៦កញ្ញា ឆ្នាំ២០២២ បានចេញលិខិត អបអរ ក្នុងឱកាសទិវាអូហ្សូនពិភពលោក ដែលប្រទេសជាច្រើនជុំវិញកំពុងតែប្រារព្ធទិវានេះ។
បើតាមលោកសាយ សំអាល់ ទិវាអូហ្សូនឆ្នាំ២០២២នេះធ្វើឡើងក្រោមប្រធានបទ«សហប្រតិបត្តិការជាសកល ការពារជីវិតនៅលើផែនដី»ដើម្បីបំផុសប្រជានជនគ្រប់មជ្ឈដ្ឋាន ឱ្យយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃស្រទាប់អូហ្សូនសម្រាប់ជីវិតលើភពផែនដី និងបន្តចូលរួមថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយកម្ដៅភពផែនដី។
ស្រទាប់អូហ្សូនបច្ចុប្បន្ន ត្រូវបានគម្រាមគំហែងយ៉ាងធ្ងន់ធ្ងរ និងកំពុងប្រឈមទៅនឹងការធ្លុះធ្លាយដែលបង្កឡើដោយសារធាតុគីមីផ្សេងៗ។
យោងតាមសារលិខិតរបស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សារធាតុគីមីដែលបំផ្លាញស្រទាប់អូហ្សូនទាំងនោះ គឺមាននៅក្នុងកំប៉ុងស្ព្រៃ និងបរិក្ខាត្រជាក់ជំនាន់មុនរួមមានសារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន និងសាធារតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន។ សារធាតុទាំងនេះ ក៏មានសក្ដានុពលធ្វើឱ្យកើនកម្ដៅផែនដីផងដែរ។ ពិភពលោករំពឹងថាការរួមគ្នារបស់ពិភពលោក នឹងសង្ឃឹម ថាស្រទាប់អូហ្សូន នឹងអាចរួមភ្ជិតមកវិញនៅក្នុងទសវត្សឆ្នាំ២០៥០ខាងមុខនេះ។
ជាមួយគ្នានេះ ក្នុងសារលិខិតរបស់លោករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ពីការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុដែលមានសក្ដានុពលកម្ដៅសកលខ្ពស់។
សូមបញ្ជាក់ថា សារធាតុបំផ្លាញស្រទាប់អូហ្សូនគឺជាសារធាតុដែលមានសក្តានុពល ធ្វើឲ្យកើនកម្តៅខ្ពស់នៃផែនដី។ ប្រសិនបើសារធាតុបំផ្លាញស្រទាប់អូហ្សូនមិនត្រូវបានហាមឃាត់នោះទេ កម្ដៅភពផែនដីប្រាកដជាមានការកើនឡើងបន្ថែមប្រមាណ ២,៥ អង្សាសេនៅចុងទសវត្សនេះ ដែលជាគ្រោះមហន្តរាយដ៏ធំធេងសម្រាប់ពិភពលោក៕