យោងតាមសារព័ត៌មាន AP អាជ្ញាធរអ៊ុយក្រែនបានរកឃើញកន្លែងបញ្ចុះសពរួមដ៏ធំមួយនៅជិតទីក្រុង Izium ក្នុងតំបន់ Kharkiv ភាគឦសានដែលទើបដណ្តើមបានពីកងទ័ពរុស្ស៉ី។នេះបើតាមការប្រកាសរបស់ប្រធានាធិបតី Volodymyr Zelenskyy កាលពីយប់ថ្ងៃព្រហស្បតិ៍។
អ្នកសារព័ត៌មាន Associated Press បានឃើញកន្លែងបញ្ចុះសពដ៏ធំនេះកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងព្រៃជាយក្រុង Izium ។ នៅក្នុងព្រៃមានផ្នូររាប់រយដែលមានដាក់ឈើឆ្កាងដោយភាគច្រើនដាក់លេខសម្គាល់ មិនមានសរសេរឈ្មោះទេ។ នៅក្បែរផ្នូរធំមួយបានសរសេរថាមានសាកសពទាហានអ៊ុយក្រែន ១៧ នាក់។
ក្រុមអ្នកស៊ើបអង្កេតកំពុងធ្វើការរាវរកគ្រឿងផ្ទុះដែលអាចបង្កប់នៅទីនោះ។
លោក Oleg Kotenko មន្ត្រីអ៊ុយក្រែនបាននិយាយថាវីដេអូដែលទាហានរុស្ស៊ីបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញថាទំនងជាមានសាកសពច្រើនជាង 17 នៅក្នុងផ្នូរ។
លោកបានមានប្រសាសន៍ថា “យើងមិនទាន់បានរាប់សពក្នុងផ្នូរនៅឡើយទេ ប៉ុន្តែខ្ញុំគិតថាមានសាកសពពី ២៥ ទៅ ៣០”។
អ្នកស្រុកនៅទីក្រុង Izium លោក Sergei Gorodko បាននិយាយថា ក្នុងចំណោមសពរាប់រយដែលកប់ក្នុងផ្នូរនីមួយៗ មានមនុស្សពេញវ័យ និងកុមាររាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីទៅលើសំណង់អគារមួយកន្លែង។លោកបាននិយាយថាលោកបានទាញសពទាំងនោះចេញពីគំនរបាក់បែក «ដោយផ្ទាល់ដៃ »។
លោក Zelenskyy បាននិយាយក្នុងសុន្ទរកថាតាមអាជ្ញាធរអ៊ុយក្រែនទីក្រុងផ្សេងទៀតដែលបានរំដោះពីកងទ័ពរុស្ស៊ី សុទ្ធតែបន្សល់ទុកនូវផ្នូរជនស៊ីវិលជាច្រើនដែលអាចជាភស្តុតាងនៃឧក្រិដ្ឋកម្មសង្គ្រាម។
“ ពីមុនរកឃើញសពជនស៊ីវិលនៅBucha, Mariupol ឥឡូវនេះ មាននៅ Izium ទៀត។ រុស្សីទុកសាសពនៅគ្រប់ទីកន្លែង។ រុស្ស៉ីត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។ ពិភពលោកត្រូវតែនាំរុស្ស៊ីឲ្យទទួលខុសត្រូវចំពោះសង្គ្រាមនេះ។
លោក Sergei Bolvinov អ្នកស៊ើបអង្កេតជាន់ខ្ពស់អ៊ុយក្រែននៅតំបន់ Kharkov ភាគខាងកើតបានប្រាប់ទូរទស្សន៍ Sky News របស់អង់គ្លេសថាគេរកឃើញរណ្តៅមួយមានសាកសពជាង 440 នៅជិតទីក្រុង Izium បន្ទាប់ពីកងកម្លាំងអុយក្រែនបានវាយយកទីក្រុងនេះបានវិញ។ លោកបានពិពណ៌នាផ្នូរនោះថាជា “កន្លែងបញ្ចុះសពដ៏ធំបំផុតមួយនៅក្នុងទីក្រុងនេះ” ។ សពក្នុងរណ្តៅខ្លះត្រូវបានគេបាញ់ សពខ្លះទៀតបានស្លាប់ដោយសារកាំភ្លើងធំ គ្រាប់មីន ឬការវាយប្រហារតាមអាកាស។ លោក Bolvinov បាននិយាយថា សាកសពជាច្រើនមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ។ កាលពីថ្ងៃពុធ លោក Zelenskyy បានធ្វើដំណើរដ៏កម្រមួយនៅក្រៅរដ្ឋធានីគៀវ ដើម្បីមើលទង់ជាតិដែលត្រូវបានលើកឡើងនៅលើសាលាក្រុង Izium។
ប្រភព៖ AP ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២២