en     km
en     km

​រក​ឃើញផ្នូរ​កប់សពរួម​នៅជិតទីក្រុង Izium ក្នុងតំបន់ Kharkiv

Share

យោងតាមសារព័ត៌មាន AP អាជ្ញាធរអ៊ុយក្រែនបានរកឃើញកន្លែងបញ្ចុះសពរួមដ៏ធំមួយនៅជិតទីក្រុង Izium ក្នុងតំបន់ Kharkiv ភាគឦសានដែលទើបដណ្តើមបានពីកងទ័ពរុស្ស៉ី។នេះបើតាមការប្រកាសរបស់ប្រធានាធិបតី Volodymyr Zelenskyy កាលពីយប់ថ្ងៃព្រហស្បតិ៍។

 

អ្នកសារព័ត៌មាន Associated Press បានឃើញកន្លែងបញ្ចុះសពដ៏ធំនេះកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងព្រៃជាយក្រុង Izium ។ នៅក្នុងព្រៃមានផ្នូររាប់រយដែលមានដាក់ឈើឆ្កាងដោយភាគច្រើនដាក់លេខសម្គាល់ មិនមានសរសេរឈ្មោះទេ។ នៅក្បែរផ្នូរ​ធំ​មួយ​បាន​សរសេរ​ថាមាន​សាកសព​ទាហាន​អ៊ុយក្រែន ១៧ នាក់​។

ក្រុមអ្នកស៊ើបអង្កេតកំពុងធ្វើការរាវរកគ្រឿងផ្ទុះដែលអាចបង្កប់នៅទីនោះ។

លោក Oleg Kotenko មន្ត្រីអ៊ុយក្រែនបាននិយាយថាវីដេអូដែលទាហានរុស្ស៊ីបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញថាទំនងជាមានសាកសពច្រើនជាង 17 នៅក្នុងផ្នូរ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​ទាន់​បាន​រាប់​សពក្នុងផ្នូរ​នៅ​ឡើយ​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​មានសាកសពពី ២៥ ទៅ ៣០”។

 

អ្នកស្រុកនៅទីក្រុង Izium លោក Sergei Gorodko បាននិយាយថា ក្នុងចំណោមសពរាប់រយដែលកប់ក្នុងផ្នូរនីមួយៗ មានមនុស្សពេញវ័យ និងកុមាររាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីទៅលើសំណង់អគារមួយកន្លែង។លោក​បាន​និយាយ​ថា​លោក​បាន​ទាញ​សពទាំងនោះ​ចេញ​ពី​គំនរ​បាក់បែក «ដោយ​​ផ្ទាល់ដៃ »។

 

លោក Zelenskyy ​បាន​និយាយ​ក្នុង​សុន្ទរកថា​តាមអាជ្ញាធរអ៊ុយក្រែនទីក្រុងផ្សេងទៀតដែលបានរំដោះពីកងទ័ពរុស្ស៊ី សុទ្ធតែបន្សល់ទុកនូវផ្នូរជនស៊ីវិលជាច្រើនដែលអាចជាភស្តុតាងនៃឧក្រិដ្ឋកម្មសង្គ្រាម។

“ ពីមុនរកឃើញសពជនស៊ីវិលនៅBucha, Mariupol ឥឡូវនេះ មាននៅ Izium ទៀត។ រុស្សីទុកសាសពនៅគ្រប់ទីកន្លែង។ រុស្ស៉ីត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។ ពិភពលោក​ត្រូវ​តែ​នាំ​រុស្ស៊ី​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​សង្គ្រាម​នេះ។

លោក Sergei Bolvinov អ្នកស៊ើបអង្កេតជាន់ខ្ពស់អ៊ុយក្រែននៅតំបន់ Kharkov ភាគខាងកើតបានប្រាប់ទូរទស្សន៍ Sky News របស់អង់គ្លេសថាគេរកឃើញរណ្តៅមួយមានសាកសពជាង 440 នៅជិតទីក្រុង Izium បន្ទាប់ពីកងកម្លាំងអុយក្រែនបានវាយយកទីក្រុងនេះបានវិញ។ លោកបានពិពណ៌នាផ្នូរនោះថាជា “កន្លែងបញ្ចុះសពដ៏ធំបំផុតមួយនៅក្នុងទីក្រុងនេះ” ។ សពក្នុង​រណ្តៅខ្លះ​ត្រូវ​បាន​គេ​បាញ់ សពខ្លះទៀតបានស្លាប់ដោយសារកាំភ្លើងធំ គ្រាប់មីន ឬការវាយប្រហារតាមអាកាស។ លោក Bolvinov បាននិយាយថា សាកសពជាច្រើនមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ។ កាល​ពី​ថ្ងៃ​ពុធ លោក Zelenskyy បាន​ធ្វើ​ដំណើរ​ដ៏​កម្រ​មួយ​នៅ​ក្រៅ​រដ្ឋធានីគៀវ ដើម្បី​មើល​ទង់ជាតិ​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​លើ​សាលា​ក្រុង Izium។

ប្រភព៖ AP ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២២

Share

Image
Image
Image