en     km
en     km

ក្រសួងសាធារណការ​ជំរុញអោយដំឡើង​ស្ថានីយបញ្ចូល​ថាមពលរថយន្តអគ្គិសនីតាមស្ថានីយប្រេងឥន្ធនៈ

Share

សៀមរាប៖ ថ្លែងទៅកាន់អង្គពិធីនៃដាក់ឱ្យប្រើប្រាស់​ស្ថានីយបញ្ចូល​ថាមពល​យានយន្តអគ្គិសនីក្នុងក្រុងសៀមរាបថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអំពាវ​នាវឱ្យ​វិស័យឯកជន​បោះទុនវិនិយោគ ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពលយានយន្តអគ្គិសនី​ឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមស្ថានីយលក់ប្រេងឥន្ធនៈ។

ការអំពាវរបស់រដ្ឋមន្ត្រីក្រសួងសាធារណៈការនេះធ្វើឡើងបន្ទាប់ពីក្រសួងសារធារណការ និងដឹកជញ្ជូនទទួលបានការចុះបញ្ជីប្រើប្រាស់យានយន្តអគ្គិសនីពីប្រជាពលរដ្ឋរហូតដល់ទៅចំនួន ៣០៥ គ្រឿងក្នុងរយៈពេល៧ខែក្នុងឆ្នាំ២០២២។ បើតាមលោកស៊ុន ចាន់ថុល ចំនួននេះមានការកើនឡើងច្រើនបើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២១ ដែលមានតែ១៦គ្រឿង។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានដាក់ឱ្យដំណើរការនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនីចំនួន៣ទីតាំងហើយ។ ទីតាំងទី១ស្ថិតនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ទីតាំងទី២ស្ថិតនៅក្នុងខេត្តព្រះសីហនុ និងទីតាំងលើកទី៣ស្ថិតនៅក្នុងក្រុងសៀមរាប។ ក្រសួងនឹងដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៤ នៅខេត្តបាត់ដំបង ដែលជាជំនួយរបស់អង្គការ UNDP។ ការបង្កើនលទ្ធភាពពង្រីកទីតាំងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនេះ ដើម្បីជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋងាកមកប្រើប្រាស់យានយន្តអគ្គិសនីវិញ ព្រោះការប្រើប្រាស់រថយន្តអគ្គិសនី ផ្ដល់អត្ថប្រយោជន៍ច្រើនដូចជា អត្រាពន្ធនាំចូល​ទាប, តម្លៃធូរថ្លៃ, ចំណាយប្រាក់តិច ព្រមទាំងចូលរួមកាត់បន្ថយការបំពុលបរិស្ថាន ​បើធៀបជាមួយរថយន្តប្រើថាមពលប្រេងឥន្ធនៈ៕

  

 

Share

Image
Image
Image