ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជានឹងបើកទ្វាទទួលសាធារណជនចូលទស្សនាដោយសេរីជាថ្មីម្តងទៀតក្នុងឱកាសទិវាបេតិកភណ្ឌកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកញ្ញា បន្ទាប់ពីខកខានមិនបានប្រារព្ធកាលពីមួយឆ្នាំមុនដោយសារជំងឺកូវីដ១៩។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងឱកាសទិវាបេតិកភណ្ឌដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថានទូតបារាំងប្រចាំនៅកម្ពុជានឹងបើកទ្វារទទួលសាធារណជនចូលទស្សនាដោយសេរីចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤រសៀល។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូត អ្នកទស្សនាអាចចូលទៅកាន់បរិវេណរៀបចំទិវានេះដោយសេរី និងដោយពុំចាំបាច់ចុះឈ្មោះជាមុន ប៉ុន្តែមិនអនុញ្ញាតឱ្យយកអាហារ ភេសជ្ជៈ និងកាបូបធំៗចូលនោះទេ លើកលែងតែទឹកសុទ្ធអាចយកចូលបាន។ អ្នកចូលទស្សនាត្រូវពាក់ម៉ាស គោរពវិធានការសុខាភិបាល ហើយគួរពាក់ស្បែកជើងដែលងាយស្រួលក្នុងការធ្វើដំណើរក្នុងឧទ្យាន។
ការទស្សនានឹងប្រព្រឹត្តទៅដោយមានការពន្យល់បង្ហាញជាភាសាខ្មែរ បារាំង និងអង់គ្លេស ចំនួនបីពេលក្នុងមួយថ្ងៃ។ ក្នុងនោះពន្យល់ជាភាសាបារាំងមាននៅម៉ោង៩់ៈ០០ ម៉ោង១០ៈ៣០ និងម៉ោង១១ៈ៣០ នាទីព្រឹក។ ចំពោះជាភាសាខ្មែរមាននៅម៉ោង៩ៈ៤០នាទី ម៉ោង១១ៈ១០នាទី និងម៉ោង២ៈ៤០ នាទីរសៀល។ ដោយឡែកជាភាសាអង់គ្លេសមាននៅម៉ោង ៩ៈ២០នាទី ម៉ោង១០ៈ៥០ និងម៉ោង១៤ៈ២០រសៀល។
ស្ថិតលើផ្ទៃដីទំហំជិត៥ហិកតាឧទ្យានស្ថានទូតបារាំងស្ថិតក្នុងលំហទេសភាពបៃតងធំជាងគេមួយនៅរាជធានីភ្នំពេញ ដែលពោរពេញទៅដោយជីវៈចម្រុះដ៏មានតម្លៃដូចជាដើមឈើ ៥០ ប្រភេទផ្សេងៗគ្នា ចំនួន២០០ដើម និងសត្វមួយចំនួនដែលបច្ចុប្បន្នស្ថានទូតកំពុងចុះបញ្ជី។ មិនតែប៉ុណ្ណោះឧទ្យានស្ថានទូតនេះ សំបូរទៅដោយសំណង់អគារបង្កប់ដោយរឿងរ៉ាវប្រវត្តិសាស្រ្តរបស់ស្ថានទូត និងស្នាដៃសិល្បៈជាច្រើនរួមទាំងអតីតក្លោងទ្វារស្ថានទូតដែលលោក ហ្វ្រង់ស៊័រ ប៊ីហ្សូរៀបរាប់ស្តីពីការដួលរលំនៃទីក្រុងភ្នំពេញកាលពីឆ្នាំ១៩៧៥។
បើតាមស្ថានទូតបារាំង ទិវានេះនឹងបិទបញ្ចប់ដោយការបង្ហាញ រូបថតស្ត្រី និងបុរសនានា ដែលនឹងបង្កើតបេតិកភណ្ឌក្នុងពេលអនាគត។ រូបថតទាំងនេះត្រូវបានដាក់តាំងលើរបងមុខស្ថានទូតបារាំងក្នុងក្របខ័ណ្ឌនៃពិព័រណ៍ «រម្លឹកខួប៣០ឆ្នាំនៃវិទ្យាស្ថានបារាំងនៅកម្ពុជា»។
សូមបញ្ជាក់ថា ទិវាបេតិកភណ្ឌ ធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដែលផ្តួចផ្តើមគំនិតដោយប្រទេសបារាំង ហើយបច្ចុប្បន្នត្រូវបានប្រារព្ធឡើងក្នុងប្រទេសជាង៥០។ នៅកម្ពុជា អគារបេតិកភណ្ឌល្អឯកផ្សេងទៀត ក៏នឹងបើកទ្វារទទួល សាធារណជនចូលទស្សនាផងដែរនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះដូចជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អភិរក្សដ្ឋានអង្គរ និងការិយាល័យអង្គការយូណេស្កូនៅភ្នំពេញ។ ចំណែកម៉ោងពេល និងបែបបទនៃការចូលទស្សនា នឹងត្រូវបានកំណត់ដោយស្ថាប័ន នីមួយៗ៕