en     km
en     km

រដ្ឋមន្រ្តីវប្បធម៌អំពាវនាវឱ្យពង្រឹងវប្បធម៌ក្នុងសកម្មភាពអភិវឌ្ឍន៍ការពារធនធានវប្បធម៌ជាតិ

Share

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងវប្បធម៌បានអំពាវនាវឱ្យពង្រឹងបញ្ជ្រាបវប្បធម៌ចូលក្នុងសកម្មភាពអភិវឌ្ឍន៍ ដើម្បីរូមចំណែកការពារធនធានវប្បធម៌ ដល់អ្នកបម្រើការក្នុងវិស័យវប្បធម៌ សិល្បៈ និងបេតិកភណ្ឌ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

លោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានប្ដូរវេនអាស៊ានផ្នែកវប្បធម៌ផងនោះ បានអំពាវនាវឱ្យពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ជ្រាបវប្បធម៌ចូលទៅក្នុងសកម្មភាពអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បើតាមក្រសួងវប្បធម៌ ការអំពាវនាវនេះ គឺជាការលើកទឹកចិត្តឱ្យមានការវិនិយោគប្រកបដោយចីរភាព ដែលផ្តល់តម្លៃ និងរួមចំណែកក្នុងកិច្ចការពារធនធានវប្បធម៌ ដល់អ្នកបម្រើការក្នុងវិស័យវប្បធម៌ សិល្បៈ និងបេតិកភណ្ឌ ព្រមទាំងលើកទឹកចិត្តដល់ការផ្លាស់ប្តូររបៀបរស់នៅថ្មីក្នុងសង្គម ដោយឈរលើមូលដ្ឋាននៃវិញ្ញាតិ្តវប្បធម៌ សមធម៌ និងបរិយាប័ន។

ការអំពាវរបស់លោកស្រីក្នុងនាមជាប្រធានប្ដូរវេនអាស៊ានផ្នែកវប្បធម៌ ខណៈលោកស្រីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌ G20 នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្រោមប្រធានបទស្ដីពី “វប្បធម៌ដើម្បីការរស់នៅប្រកបដោយចីរភាព” នៅទីក្រុងវប្បធម៌Borobudur នៃប្រទេសឥណ្ឌូនេស៊ី។ លោកស្រីបញ្ជាក់តាមរយៈហ្វេសប៊ុកក្រសួងវប្បធម៌ថា ការអំពាវនាវនេះ ជាការឆ្លើយតបយ៉ាងសមស្របទៅនឹងសភាពការណ៌បច្ចុប្បន្ន ជាការស្តារឡើងវិញនូវវិស័យវប្បធម៌បន្ទាប់ពី ជំងឺរាតត្បាតសកលកូវីត-១៩ បម្រែបម្រួលអាកាសធាតុ ផលវិបាកនៃសង្គ្រាម និងវិបតិ្តសកលមួយចំនួនទៀតដែលប៉ះពាល់ដល់វិស័យវប្បធម៌។ ក្រៅពីនេះ រដ្ឋមន្ត្រីវប្បធម៌នៃបណ្តាប្រទេសG20 និងប្រទេសនានា បានសង្កត់ធ្ងន់ទៅលើតួនាទីវប្បធម៌ក្នុងការរួមចំណែកពង្រឹងដល់ការរស់នៅប្រកបដោយចីរភាព និងកិច្ចពិភាក្សាលើគំនិតផ្តួចផ្តើមរបស់ឥណ្ឌូនេស៊ី ស្តីពីការបង្កើតមូលនិធិសម្រាប់ស្តារវិស័យសិល្បៈ និងវប្បធម៌សកល ដែលបង្ហាញពីសារសំខាន់ក្នុងការរៀបចំមូលនិធិអន្តរជាតិមួយដើម្បីជួយអន្តរាគមន៍លើវិស័យវប្បធម៌ដល់ប្រទេសនានាក្រោយវិបត្តិសកល។

សូមជម្រាបថា កិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌អាស៊ាននៅនៅឥណ្ឌូនេស៊ី មានការចូលរួមពីបណ្ដាប្រទេសG20, តំណាងសហគមន៍អាស៊ាន គឺកម្ពុជា, តំណាង EU, UNESCO និងបណ្តាប្រទេសដៃគូសន្ទនាមួយចំនួនទៀត។

យោងតាមប្រភពពីក្រសួងវប្បធម៌ បានឱ្យដឹងបន្ថែមថា លោកស្រីបណ្ឌិត ភឿង សកុណា ក៏បានជម្រាបជូនអង្គប្រជុំ អំពីការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បតិ្តវប្បធម៌ខុសច្បាប់, ទស្សនៈពីអាស៊ាន នៅទីក្រុងសៀមរាប កាលពីសប្តាហ៍កន្លងទៅ ដែលបានទទួលលទ្ធផលជាទីពេញចិត្តផងដែរ។

លោកស្រីបណ្ឌិត បានផ្តល់ការគាំទ្រដល់ប្រទេសឥណ្ឌូនេស៊ី និងបណ្ដាប្រទេសG20 ដែលបានផ្តួចផ្តើមគំនិតក្នុងការបង្កើតមូលនិធិសកលក្នុងការស្តារវិស័យសិល្បៈ និងវប្បធម៌សកលដើម្បីជួយគាំទ្រដល់បណ្តាប្រទេសនានា សំដៅធ្វើអោយវិស័យវប្បធម៌ក្លាយជាកម្លាំងចលករមួយសំខាន់ ក្នុងការស្ថាបនាសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព៕

Share

Image
Image
Image