en     km
en     km

ការប៉ះទង្គិចនៅព្រំដែនអាមេនី-អាស៊ែបៃហ្សង់បានធ្វើអោយទាហាន ៩៩ នាក់ស្លាប់

Share

ការប្រយុទ្ធគ្នានៅតាមព្រំដែនរវាងអាមេនី និងអាស៊ែបៃហ្សង់បានសម្លាប់ទាហានប្រហែល 100 នាក់កាលពីថ្ងៃអង្គារ ខណៈដែលការវាយប្រហារទៅវិញទៅមកបានធ្វើឱ្យមានការបារម្ភពីជម្លោះកាន់តែរីកធំនិងមានរយៈពេលយូរ។

អាមេនីបាននិយាយថាយ៉ាងហោចណាស់ទាហានរបស់ខ្លួន 49 នាក់ត្រូវបានសម្លាប់។ចំណែក Azerbaijan រាយការណ៍ថាខ្លួនបានបាត់បង់ទាហាន 50នាក់។ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅពាក់កណ្ដាលអធ្រាត្រ ដោយកងកម្លាំងអាស៊ែបៃហ្សង់បានបាញ់កាំភ្លើងធំ និងប្រើយន្តហោះដ្រូនគ្មានមនុស្សបើកនៅក្នុងទឹកដីអាមេនី នេះបើយោងតាមក្រសួងការពារជាតិអាមេនី។ របាយការណ៍បានអោយដឹងថាការបាញ់ផ្លោងមានចំនួនតិចនៅពេលថ្ងៃ ប៉ុន្តែកងទ័ពអាស៊ែបៃហ្សង់កំពុងព្យាយាមវាយលុកចូលទៅក្នុងទឹកដីអាមេនី។

ក្រសួងការបរទេសអាស៊ែបៃហ្សង់បាននិយាយថា ខ្លួនកំពុងឆ្លើយតបទៅនឹង “ការបង្កហេតុទ្រង់ទ្រាយធំ” ដោយអាមេនី កាលពីល្ងាចថ្ងៃចន្ទ និងដើមថ្ងៃអង្គារ។ ប្រភពដដែលបាននិយាយថា ទាហានអាមេនីបានដាក់​​មីន និងបាញ់ទៅលើទីតាំងយោធាអាស៊ែបៃហ្សង់។

ប្រទេសទាំងពីរមានជម្លោះព្រំដែនជាមួយគ្នារាប់ទសវត្សរ៍មកហើយនៅតំបន់Nagorno-Karabakh ដែលជាផ្នែកមួយនៃប្រទេស Azerbaijan ប៉ុន្តែតំបន់នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងជនជាតិភាគតិចអាមេនីដែលគាំទ្រដោយប្រទេសអាមេនី។

អាស៊ែបៃហ្សង់បានដណ្តើមយកមកវិញនូវតំបន់ភាគច្រើន Nagorno-Karabakh នៅក្នុងសង្រ្គាមរយៈពេលប្រាំមួយសប្តាហ៍ក្នុងឆ្នាំ 2020 ដែលបានសម្លាប់មនុស្សជាង 6,600 នាក់ និងបានបញ្ចប់ទៅវិញដោយមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយរុស្ស៊ី។ ទីក្រុង​ម៉ូស្គូ​បាន​ដាក់​ពង្រាយ​ទាហាន​ប្រហែល​២.០០០​នាក់​នៅ​តំបន់​មានជម្លោះដើម្បី​​រក្សា​សន្តិភាពតាម​កិច្ច​ព្រម​ព្រៀង​នេះ។

 

ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃអង្គារបានជំរុញឱ្យភាគីទាំងពីរ “បង្ហាញការអត់ធ្មត់ ជៀសវាងធ្វើអោយជម្លោះកើនឡើងកាន់តែខ្លាំង”។ ទីក្រុងមូស្គូបានចូលរួមសម្របសម្រួលដោយទន់ភ្លន់ដើម្បីរក្សាទំនាក់ទំនងមិត្តភាពជាមួយប្រទេសអតីតសហភាពសូវៀតទាំងពីរនេះ។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញឱ្យប្រទេសអាមេនី និងអាស៊ែបៃហ្សង់ “ចាត់វិធានការជាបន្ទាន់ដើម្បីបន្ថយភាពតានតឹង អត់ធ្មត់ជាអតិបរមា និងដោះស្រាយបញ្ហាតាមការចរចា” និងអនុវត្តតាមកិច្ចព្រមព្រៀងពីមុន។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយជាមួយប្រធានាធិបតីអាមេនី Pashinyan និង Azerbaijan លោក Ilham Aliyev ។ លោក Blinken បាននិយាយថា សហរដ្ឋអាមេរិកមានបេសកជនពិសេសនៅក្នុងតំបន់ លោកមានក្តីសង្ឃឹមថាអាចផ្លាស់ប្តូររឿងនេះពីជម្លោះត្រឡប់ទៅតុចរចា និងព្យាយាមកសាងសន្តិភាពវិញ”។ ថ្លែងក្នុងសភាកាលពីព្រឹកថ្ងៃអង្គារ លោក Pashinyan ប្រធានាធិបតីអាមេនី បានចោទប្រកាន់ Azerbaijan ថាមានជំហរមិនច្បាស់លាស់នៅក្នុងកិច្ចចរចាដែលសម្របសម្រួលដោយសហភាពអឺរ៉ុបនាពេលថ្មីៗនេះនៅទីក្រុងព្រុចសែល។ អាមេនី បាននិយាយថា ការបាញ់ផ្លោងរបស់ Azerbaijani កាលពីថ្ងៃអង្គារ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបានធ្វើអោយរងរបួសមនុស្សមួយចំនួន។រដ្ឋាភិបាលអាមេនីបាននិយាយថា ខ្លួននឹងស្នើសុំជំនួយជាផ្លូវការពីរុស្ស៊ីក្រោមសន្ធិសញ្ញាមិត្តភាពរវាងប្រទេសទាំងពីរ ហើយក៏អំពាវនាវដល់អង្គការសហប្រជាជាតិ ផងដែរ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបដិសេធមិនធ្វើអត្ថាធិប្បាយលើសំណើរបស់អាមេនី ប៉ុន្តែបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា លោក ពូទីន កំពុង “ប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីជួយបន្ថយភាពតានតឹងនេះ”។

ប្រភព៖​ AP, 14 September 2022

Share

Image
Image
Image