បាត់ដំបង៖ ព្រះសូរិយារៀបលិច បន្ទន់ខ្លួនទ្រឹងលើចុងវាលស្រូវខៀវខ្ចីរងដោយទឹកសន្សើមពេលល្ងាចនាវាលស្រែឯកភ្នំ ខេត្តបាត់ដំបង បានក្លាយទស្សនីយ៍ភាពទាក់ទាញចិត្តមហាជនប្រុសស្រីឱ្យមកចោមរោមថតរូប និងថតស៊ែលហ្វីទុកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកដ៏ពេញនិយម។
កាលបើបានមកដល់ខេត្តបាត់ដំបងលោកអ្នកគួរទៅវាលស្រែឯកភ្នំ ព្រោះនៅទីនោះមានវាលស្រែខៀវស្រងាត់ធំល្វឹងល្វើយ ខ្យល់អាកាសល្អបរិសុទ្ធត្រជាក់កាយ សំឡេងសត្វយំ ក្លិនស្រូវភាយមកតាមជំនោរខ្យល់បក ពិសេសព្រះអាទិត្យរៀបលិចពណ៍ក្រហមឆ្អៅជៈមកលើវាលស្រែឯកភ្នំផងនោះ ទីនោះហើយជាកន្លែងសម្រាប់លោកអ្នករំសាយទុកកង្វល់ កាត់បន្ថយភាពនឿយហត់ពីការងារដ៏ស័ក្តិសិទ្ធសម្រាប់មនុស្សផងគ្នា។
ក្រៅតែពីទស្សនីយ៍ភាពកម្របានជួបនេះ វាលស្រែឯកភ្នំដែលមានចំណាយពីក្រុងបាត់ដំបងប្រហែល៥គីឡូម៉ែត្រ មានផងដែលនូវស្ពានរាងកោងបត់បែនដូចសត្វពស់កម្ពស់ផុតដើមស្រូវបន្តិចផង ស្ពាននោះបានតភ្ជាប់ទៅដល់អាហារដ្ឋានមួយកន្លែងរបស់ប្រជាពលរដ្ឋនៅទីនោះ។ អាហារដ្ឋាននៅទីនោះមានលក់ទៅដោយម្ហូបអាហារបែបជនបទស្រុកស្រែសុទ្ធសាតផងដែរ។ អ្នកបានទៅដល់ទីនោះអាចរកមុខម្ហូបដែលមាន ក្ដាម ខ្យង ត្រីស្រែ និងមាន់ទា និងម្ហូបផ្សេងៗទៀតផងដែរ។
មួយទៀតដែរ វាលស្រែឯកភ្នំបានក្លាយជាទីកន្លែងសម្រាប់គូស្រករថ្មីថ្មោងមកថតរូបអាពាហ៍ពិពាហ៍(Pre-wedding)ផងដែរ។
កញ្ញា មាំង សីហា ដែលបានមកលេងវាលស្រែឯកភ្នំនេះនិយាយថា ពេលចូលទៅលេងលើស្ពានឯកភ្នំគឺត្រូវបង់ថវិកាតែ ២០០០រៀលប៉ុណ្ណោះក្នុងម្នាក់។កញ្ញាបន្តថា អាហារនៅទីនោះមានរស់ជាតិឆ្ងាញ់តម្លៃសមរម្យសមនិងមុខម្ហូបច្រើនបែបស្រុកស្រែផងដែរ។ កញ្ញានិយាយបន្ថែមទៀតថា វាលស្រែឯកភ្នំជាកន្លែងមួយដែលមានទេសភាពស្រស់ស្អាតបែបធម្មជាតិ ពេលកញ្ញាបានទៅលេងធ្វើឱ្យនាងមានអារម្មហ៍ស្រស់ស្រាយបាត់អស់កង្វល់។ ហើយនាងចូលចិត្តអង្គុយមើលពន្លឺព្រះអាទិត្យរៀបលិចដែលពិតជាស្រស់ស្អាតណាស់។
កញ្ញាបន្ថែមថា ទីតាំងវិញពិតជាងាយស្រួលរក ដោយធ្វើដំណើរតាមមផ្លូរវង្វង់មូលដើមពោធិ៍តាមផ្លូវភ្លោះឯងភ្នំប្រមាណ ២.៥ គីឡូម៉ែត្ររួចបត់ឆ្វេងជិះទៅត្រង់ប្រហែល ៥០០ ម៉ែត្រ៕
អត្ថបទខ្លីនេះសរសេរដោយ សុភក្រ្ត ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។