ភ្នំពេញ៖ កាលពីដើមខែកញ្ញា ឆ្នាំ២០២២នេះ សិស្សានុសិស្សនៃវិទ្យាល័យទួលក្បិលខេត្តកំពង់ធំប្រមាណ ២០០នាក់ បានទៅបំពេញទស្សនកិច្ចសិក្សាពីប្រវត្តិសាស្រ្តនិងវប្បធម៌នៅមន្ទីរវប្បធម៌ខេត្តកំពង់ធំ។
ពេលក្រុមសិស្សានុសិស្សនៃវិទ្យាល័យទួលក្បិលដែលដឹកនាំដោយលោកគ្រូ ហ៊ី រដ្ឋធានី បានទៅដល់សារមន្ទីរខេត្តកំពង់ធំដែលមានទីតាំងស្ថិតនៅទីតាំងក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ភ្លាម មន្រ្តីនៃសារមន្ទីរបានចេញមកទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងបានណែនាំបង្ហាញពីប្រវត្តិសាវតាររូបសំណាក់ ផែនទីភូមិសាស្រ្ត តំបន់គោលដៅទេសចរណ៍និងប្រវត្តិសាស្រ្តផងដែរ។ ជាងនេះមន្រ្តីមគ្គទេសក៍ក៏បានធ្វើបទបង្ហាញចែករំលែកចំណេះដឹងពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ការរស់នៅ និងស្នាដៃរបស់បុព្វបុរសខ្មែរពីសម័យដើមផងដែរ។
ជាងនេះនៅក្នុងសារមន្ទីរខេត្តកំពង់ធំ មានតម្កល់នូវវត្ថុបុរាណចំណាស់ៗជាច្រើន ដែលបង្ហាញពីស្នាដៃ ទេពកោសល្យ របស់ដូនតាខ្មែរពីបុរាណមក។
យុវតីជាសិស្សវិទ្យាល័យទួលក្បិលមួយរូបឈ្មោះ រ៉េន សុខរីម ដែលបានមកសារមន្ទីរខេត្តកំពង់ធំលើកឡើងពីចំណាប់អារម្មណ៍ថា ប្អូនមានចិត្តរំភើបរីករាយដែលមានឱកាសបានមកដល់សារមន្ទីរខេត្តកំពង់ធំ ដើម្បីបានស្វែងយល់បន្ថែមពីប្រវត្តិសាស្រ្ត ពិសេសបានឃើញវត្ថុបុរាណ ផ្ទាំងថ្មមានចម្លាក់ពីសម័យដើម។ ប្អូនស្រី សុខរីម បន្តទៀតថា ពេលដែលបានមកឃើញនិងទទួលបានការណែនាំពន្យល់ពីអ្នកមានជំនាញនៅសារមន្ទីរខេត្តកំពង់ធំបែបនេះ ធ្វើឱ្យប្អូនបានយល់ដឹងកាន់តែច្បាស់ជាមុនមួយកម្រិតទៀត ក្រៅតែពីដឹងតាមសៀវភៅប្រវត្តិសាស្រ្ត។
ជាងនេះផងដែរ យុវតី សុខរីម បានស្គាល់ពីស្នាដៃនិងសម័យកាលរបស់ក្បាច់រចនានៃវត្ថុបុរាណដែលជាការកសាងរបស់ក្សត្រនាសម័យកាលនីមួយៗ ពិសេសបានដឹងពីរបៀបរស់នៅក៏ដូចជាជីវភាពរស់នៅចិញ្ចឹមជីវិតរបស់មនុស្សសម័យមុនផងដែរ។ ពេលបានចុះសិក្សានៅសារមន្ទីរខេត្តកំពង់ធំ ប្អូនស្រី សុខរីម មានក្តីកោតស្ញប់ស្ញែងចំពោះបុព្វបុរសដូនតាខ្មែរយ៉ាងខ្លាំងដែលអាចបង្កើនស្នាដៃល្អទោះបីគ្មានឧបករណ៍ទំនើបទាន់សម័យប្រើក្តី។
ជាចុងក្រោយប្អូនស្រីថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលាទួលក្បិលដែលបានរៀបចំកម្មវិធីចុះទស្សនកិច្ចសិក្សានេះឡើង ដែលកម្មវិធីនេះជាផ្នែកមួយជួយបង្កើនចំណេះដឹងដល់សិស្សានុសិស្ស និងជាទុនដល់សិស្សអាចឈានទៅចាប់យកជំនាញប្រវត្តិសាស្រ្តសិក្សានាពេលអនាគតផងដែរ៕
អត្ថបទខ្លីនេះសរសេរដោយ ប៉ា ស្រីល័ក្ខ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។