en     km
en     km

រុស្ស៊ី​បាញ់ផ្លោងដាក់ស្ថានីយ៍អគ្គិសនី​សងសឹក​​អ៊ុយក្រែនវិញ

Share

យោងតាមការចេញផ្សាយរបស់សារព័ត៌មានThe Guardianបានអោយដឹងថា កាលពីល្ងាចថ្ងៃអាទិត្យទី១១ កញ្ញា រុស្ស៊ីបានកំណត់គោលដៅវាយប្រហារហេដ្ឋារចនាសម្ព័ន្ធបណ្ដាញអគ្គិសនីនៅភាគកណ្តាល និងភាគខាងកើតអ៊ុយក្រែន ជាការឆ្លើយតបទៅនឹងការវាយលុកដ៏ខ្លាំងក្លារបស់អ៊ុយក្រែននៅតំបន់ Kharkov ។រាយការណ៍ដោយ

 

អភិបាលក្រុង Kharkiv លោក Ihor Terekhov បាននិយាយថាការវាយប្រហារដោយមីស៊ីលមួយបានផ្តាច់ចរន្តអគ្គិសនី និងទឹកនៅក្នុងទីក្រុងជាច្រើន ក្នុងអ្វីដែលគេហៅថាជា “ការសងសឹក” ដោយទាហ៊ានរុស្ស៊ីចំពោះជោគជ័យ​​​លើសមរភូមិនាពេលថ្មីៗនេះរបស់អ៊ុយក្រែន។ មានទីក្រុងជាច្រើនបានដាច់ភ្លើងដូចជាទីក្រុង Dnipro, Poltava និងទីក្រុងភាគខាងកើតផ្សេងទៀត ដែលនាំអោយមានផលប៉ះពាល់ដល់ជនស៊ីវិលរាប់លាននាក់។

លោកVolodymyr Zelenskiy បានស្តីបន្ទោសថា “ភេរវកររុស្ស៊ី” បានធ្វើអោយដាច់ទឹកភ្លើងពេលនេះ។ ប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “គ្មានទីតាំងយោធាដែលត្រូវបានវាយប្រហារនោះទេ” ។ “គោលដៅរបស់រុស្ស៉ីគឺដើម្បីផ្តាច់ទឹកភ្លើងនិងកំដៅក្នុងផ្ទះរបស់អ៊ុយក្រែន” ។

 

នៅក្នុងសារ Telegram កាលពីយប់ថ្ងៃអាទិត្យ លោក Zelenskiy បាននិយាយថា វិមានក្រឹមឡាំងនឹងមិនជោគជ័យក្នុងការបំបែកបំបាក់ប្រជាជនអ៊ុយក្រែននោះទេ ហើយបានថ្លែងទៅកាន់ថ្នាក់ដឹកនាំរុស្ស៊ីដោយសួរថា “តើអ្នកនៅតែគិតថាយើងជា “ប្រជាជនតែមួយ” ទេ? តើអ្នកនៅតែគិតថាអ្នកអាចបន្លាចយើងបំបែកបំបាក់យើង ធ្វើឱ្យយើងធ្វើសម្បទានអោយអ្នកឬ? អ្នកពិតជាមិនយល់អ្វីទាំងអស់មែនទេ?”

នៅក្នុងព័ត៌មានចុងក្រោយអំពីស្ថានភាពយោធា លោក Valeriy Zaluzhnyi អគ្គមេបញ្ជាការនៃកងកម្លាំងអ៊ុយក្រែន បាននិយាយថា ទាហានអ៊ុយក្រែនវាយបានកាន់កាប់ទឹកដីប្រហែល 3,000 គីឡូម៉ែត្រការ៉េ ចាប់តាំងពីដើមខែកញ្ញា ហើយកំពុងខិតជិតព្រំដែនភាគឦសាន។Zaluzhnyi បាននិយាយថា”នៅក្នុងទិសដៅ Kharkov យើងបានចាប់ផ្តើមឆ្ពោះទៅមិនត្រឹមតែទៅភាគខាងត្បូងនិងខាងកើតប៉ុណ្ណោះទេថែមទាំងទៅភាគខាងជើងផងដែរ ដែលមានចម្ងាយ 50 គីឡូម៉ែត្រពីព្រំដែនជាមួយរុស្ស៊ី” ។

អ៊ុយក្រែនបានដណ្តើមយកមកវិញនូវមជ្ឈមណ្ឌលផ្លូវដែក Kupiansk ចម្ងាយ 60 ម៉ាយភាគខាងកើតនៃទីក្រុង Kharkiv ហើយកំពុងស្ថិតក្នុងដំណើររំដោះតំបន់ Izium ដែលត្រូវបានរុស្ស៊ីបោះបង់ចោលភ្លាមៗ។

 

រុស្ស៊ីប៉ុនប៉ង​វាយ​បក​វិញ ​ដោយ​បើក​ការ​វាយ​ប្រហារ​សំដៅ​លើ​បណ្តាញ​អគ្គិសនី​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​បាន​ធ្វើ​ឲ្យ​ក្រុង Kharkov និង​តំបន់​ផ្សេង​ទៀត​ធ្លាក់​ទៅ​ក្នុង​ភាព​ងងឹត។ ថ្នាក់​ដឹកនាំ​អ៊ុយក្រែន​មាន​ការបារម្ភ​ជា​យូរ​មក​ហើយ​ថា ការ​វាយ​ប្រហារ​លើ​បណ្ដាញអគ្គិសនីអាច​នឹង​កើត​ឡើង​ក្នុង​អំឡុង​​រដូវរងាខាងមុខ។

នៅខេត្ត Sumy នៅភាគខាងជើងឆៀងខាងកើត លោក Zhyvytsky ជាអភិបាលខេត្តបានជំរុញឱ្យប្រជាពលរដ្ឋដកឧបករណ៍អគ្គិសនីចេញ។ លោកZhyvytsky បាននិយាយថា “ខ្ញុំសូមណែនាំឱ្យផ្តាច់​​ឧបករណ៍អគ្គិសនីឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។”

មន្ត្រីនៅតំបន់ Sumy, Dnipropetrovsk និង Poltava បាននិយាយថា ថាមពលត្រូវបានស្តារឡើងវិញភ្លាមៗបន្ទាប់ពីរងការវាយប្រហារដោយកងទ័ពរុស្ស៉ី ប៉ុន្តែ Kharkov នៅតែស្ថិតក្នុងភាពងងឹតនៅឡើយ នៅពេលពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ។ លោក Mykhailo Podolyak ជំនួយការជាន់ខ្ពស់របស់លោក Zelenskiy បាននិយាយថា ស្ថានីយ៍អគ្គិសនី CHPP-5 របស់ទីក្រុងត្រូវបានវាយប្រហារ។

ប្រភព៖The Guardian, 12 September 2022

Share

ព័ត៌មានទាក់ទង

Image