ជាបន្តបន្ទាប់គ្នា សភាអូស្ត្រាលី សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ផ្ដល់អភ័យឯកសិទ្ធិតំណាងរាស្ត្រឱ្យប្រធានគណបក្សប្រឆាំង និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកគាំទ្រ ក៏ដូចជាតំណាងរាស្ត្របក្សប្រឆាំងជាដើម ប៉ុន្តែការអំពាវនាវនោះត្រូវបានរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជាច្រានចោល ដោយលើកឡើងថា ជាការរំលោភលើអធិបតេយ្យភាពកម្ពុជា។ កាលពីម្សិលមិញ ក្រុមតំណាងរាស្ត្រផ្នែកសិទ្ធិមនុស្សអាស៊ាន ក៏បានអំពាវនាវប្រហាក់ប្រហែលគ្នានោះដែរ។
ពីទីក្រុងចារកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែផ្ដល់អភ័យឯកសិទ្ធិតំណាងរាស្ត្រ ដល់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងត្រូវតែផ្ដល់តួនាទីអនុប្រធានទី១ នៃរដ្ឋសភា ដល់លោក កឹម សុខា វិញជាបន្ទាន់។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលរាល់បទចោទទាំងអស់ប្រឆាំងនឹងលោក សម រង្ស៊ី ផងដែរ ព្រមទាំងជំរុញឱ្យធានាដល់សន្តិសុខ និងសេរីភាពរបស់តំណាងរាស្ត្របក្សប្រឆាំង រួមទាំងសកម្មជនរបស់ពួកគេផង។
ក្រុមសមាជិកសភាអាស៊ានទទួលបន្ទុកផ្នែកសិទ្ធិមនុស្សបានព្រមានថា ព្រឹត្តិការណ៍ថ្មីៗនេះ បានរួមចំណែកធ្វើឱ្យបរិយាកាសនយោបាយនៅកម្ពុជា កាន់តែអាក្រក់ទៅៗ និងបានបំផ្លាញក្ដីសង្ឃឹមសម្រាប់អនាគតលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។
ប្រធានសភាសិទ្ធិមនុស្សអាស៊ាន និងជាតំណាងរាស្ត្រនៃប្រទេសម៉ាឡេស៊ី លោក ឆាល សានត្យាហ្គោ (Charles Santiago) បានថ្លែងថា ស្ថានការណ៍នយោបាយនៅកម្ពុជា កំពុងធ្វើឱ្យតំណាងរាស្ត្រនៅតំបន់អាស៊ានព្រួយបារម្ភយ៉ាងខ្លាំង។
លោកមានប្រសាសន៍ថា៖ «សហគមន៍អន្តរជាតិ រួមទាំងប្រទេសអាស៊ានផង ត្រូវតែធ្វើឱ្យប្រាកដថា សកម្មភាពទាំងនេះ គឺមិនអាចទទួលយកបានទេ សម្រាប់ផលប្រយោជន៍កម្ពុជា និងតំបន់ទាំងមូល។ ប្រសិនបើសម្ពាធទាំងអស់នេះ មិនមានទម្ងន់គ្រប់គ្រាន់ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជានោះទេ នោះមេដឹកនាំផ្សេងទៀតនៅក្នុងតំបន់នឹងគិតថា ពួកគេត្រូវបានផ្ដល់អំណាចឱ្យធ្វើសកម្មភាពអាក្រក់ប្រហែលគ្នានេះ និងមានលក្ខណៈខុសច្បាប់ ប្រឆាំងនឹងអ្នករិះគន់ពួកគេ»។
ទាក់ទងនឹងការអំពាវនាវខាងលើនេះ វិទ្យុស្ត្រី នៃ WMC មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ដើម្បីសួរនាំបានទេ ដោយទូរសព្ទចូលតែមិនមានការទទួល។
សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ត្រូវបានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដកអភ័យឯកសិទ្ធិសភា ក្រោយពេលមានដីកាចាប់ខ្លួនលោកសម រង្ស៊ី ចេញដោយសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ កាលពីឆ្នាំ២០០៨ ថាលោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាអតីតមេគុកបឹងត្របែក។
កាលពីថ្ងៃទី២៦ ខែតុលា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវបានក្រុមបាតុករគាំទ្ររដ្ឋាភិបាលវាយឱ្យរបួសធ្ងន់ធ្ងរ នៅខាងក្រៅអគាររដ្ឋសភា។ នេះបើតាមការផ្សាយរបស់ក្រុមតំណាងរាស្ត្រទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អាស៊ាន។
ពីរបីថ្ងៃក្រោយការវាយដំលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងពីររូបនោះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ក៏បានបោះឆ្នោតដកតំណែងលោក កឹម សុខា ពីអនុប្រធានទី១ នៃរដ្ឋសភាផងដែរ។
សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ក៏បានកត់សម្គាល់ដែរថា ហេតុការណ៍ទាំងអស់នេះបានកើតឡើងព្រមគ្នា ជាមួយនឹងការកើនឡើងនូវការគំរាមកំហែងផ្ទាល់មាត់លើបក្សប្រឆាំង ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីផ្សេងៗទៀតរបស់គណបក្សប្រជាជនកម្ពុជា។
ក្រុមតំណាងរាស្ត្រទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអាស៊ាន បន្តកត់សម្គាល់ទៀតថា ហេតុការណ៍ទាំងនោះកើតឡើងក្រោយពេលមានការកាត់ទោសអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ១១នាក់ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នា២០១៥ ឱ្យអ្នកទាំងនោះជាប់ពន្ធនាគាររយៈពេលយូរ ដោយសារពួកគេជាប់ពាក់ព័ន្ធនឹងបាតុកម្មឱ្យបើកទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤ ក៏ដូចជាកើតឡើងក្រោយពេលចាប់ខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី កាលពីព្រឹកព្រលឹមថ្ងៃទី ១៥ ខែសីហា ដោយលោកត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ទាក់ទងនឹងការផ្សាយលើហ្វេសប៊ុក ដែលរដ្ឋាភិបាលចោទថា ក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម។
សូមជម្រាបដែរថា សភាអូស្ត្រាលី តំណាងរាស្ត្រសហភាពអឺរ៉ុប រដ្ឋាភិបាលអាមេរិក និងអង្គការសហប្រជាជាតិ សុទ្ធតែបានជំរុញឱ្យរដ្ឋសភិបាលកម្ពុជាផ្ដល់អភ័យឯកសិទ្ធិសភាដល់លោក សម រង្ស៊ី ឡើងវិញ និងជំរុញឱ្យគណបក្សទាំងពីររក្សាវប្បធម៌សន្ទនាជាដើម៕