en     km
en     km

កម្រងជីវិតពិត កញ្ញា ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រមានមហិច្ឆិតាអប់រំកុមារតាមតំបន់សំណង់អនាធិបតេយ្យរើបម្រាសខ្លួនចេញពីភាពក្រីក្រ

Share

MC: ភ្នំពេញ៖ កញ្ញា ជួប វិច្ឆិកា បច្ចុប្បន្នជាប្រធានអង្គការផ្កាយសមុទ្រស្ថិតក្នុងរាជធានីភ្នំពេញ។ ស្រ្តីប្រធានអង្គការធ្វើការងារផ្តោតលើការអប់រំកុមារក្រីក្រក្នុងតំបន់សំណង់អនាធិបតេយ្យឬសំណង់មិនទាន់រៀបរយក្នុងរាជធានីភ្នំពេញរូបនេះ បានប្រាប់ពីដំណើរជីវិតដែលបានហែលឆ្លងកាត់ការលំបាករបស់ខ្លួនចាប់តាំងពីការប្រឡូកការងារជាបុគ្គលិកស្ម័គ្រចិត្ត រហូតក្លាយជាប្រធានអង្គការ។ ជាស្រ្តីមួយរូបឆ្លងកាត់ការតស៊ូក្នុងដំណើរជីវិតដ៏លំបាក ស្រ្តីប្រធានអង្គការផ្កាយសមុទ្ររូបនេះបានផ្ញើសារដល់យុវតីនិងស្រ្តីគ្រប់រូប ត្រូវតស៊ូក្នុងដំណើរជីវិតនិងការងារប្រចាំថ្ងៃ នឹងត្រូវចេះកំណត់គោលដៅខ្លួនឯងឱ្យបានច្បាស់លាស់ ដើម្បីរើចេញពីផ្នត់គំនិតចាស់គំរឹលដែលនៅមានមនុស្សមួយចំនួននៅតែបន្ទច់បង្អាក់សមត្ថភាពរបស់ស្ត្រីថាមិនអាចធ្វើបានដូចបុរស។ ដើម្បីជ្រាបកាន់តែច្បាស់ តទៅនេះ កញ្ញា លន់ សុបិន នឹងរៀបរាប់ពីកម្រងជីវិតពិត របស់ប្រធានអង្គការអន្ដរជាតិវ័យក្មេង ជួប វិច្ឆិកា ដល់នាងកញ្ញា លោក លោកស្រី ដូចតទៅ៖

 

“ខ្ញុំសប្បាយចិត្តនៅពេលខ្ញុំជាមនុស្សស្រី ប៉ុន្តែខ្ញុំអាចកាន់តំណែងជាប្រធានអង្គការ ក្នុងអង្គការអន្តរជាតិ។ អញ្ចឹងខ្ញុំជឿថាអត់សូវមានមនុស្សច្រើនទេ គឺមានតិច។ មានមិត្តភក្តិម្នាក់គាត់និយាយថា ជនជាតិខ្មែរបើទោះបីជាយើងពូកែប៉ុណ្ណាក៏ដោយ ក៏យើងអត់អាចបានប្រាក់ខែស្មើបរទេសដែរ បើទោះជាយើងកាន់ដំណែងធំជាងបរទេសក៏ដោយ។ អឺ! វាជារឿងមួយធ្វើអោយយើងឈឺ យើងឈឺហើយយើងប្រឹង ហើយយើងបង្ហាញថាយើងមានសមត្ថភាពទោះជាខ្ញុំជាជនជាតិខ្មែរក៏ដោយ ហើយខ្ញុំជំនះឧបសគ្គនេះបាន។”

នេះជាសម្តីរបស់កញ្ញា ជួប វិច្ឆិកា បច្ចុប្បន្នកញ្ញាជាប្រធានអង្គការផ្កាយសមុទ្រដែលមានទីតាំងស្ថិតនៅខណ្ឌស្ទឹងមានជ័យរាជធានីភ្នំពេញ។ ស្ថិតក្នុងបន្ទប់ការិយាល័យធ្វើការរបស់កញ្ញាដែលជាអង្គភាពមួយផ្តល់ការអប់រំដល់កុមារក្រីក្រក្នុងរាជធានីភ្នំពេញ ជួប វិច្ឆិកា និយាយថា ទម្រាំមកដល់ចំណុចនេះ កញ្ញាបានហែលឆ្លងការលំបាកជាច្រើន បើទោះបីជាខ្លួនមានឳពុកធ្វើការជាមន្ត្រីបរិស្ថានហើយម្ដាយជាគ្រូពេទ្យក៏ដោយ។ កញ្ញាប្រាប់ពីមូលហេតុនៃការខិតខំរៀនសូត្រថា ក៏ព្រោះការគិតនេះកើតចេញពីទឹកចិត្តស្រឡាញ់ការអប់រំ ចង់ចេះ ចង់ដឹង ចង់អភិវឌ្ឍន៍ខ្លួន រើបម្រាស់ចេញពីភាពក្រីក្រ។ កញ្ញា វិច្ឆិកា យល់ឃើញទៀតថា មានតែការសិក្សារៀនសូត្រ ទេដែលអាចផ្លាស់ប្ដូរមនុស្សគ្រប់គ្នាបានរួមទាំងរូបកញ្ញាផងដែរ ។

ប្រភព៖ ហ្វេសប៊ុក កញ្ញា ជួប វិច្ឆិកា

“បន្ទាប់ពីអឺ ធ្វើការងារបានជាបុគ្គលិកពេញសិទ្ធិពីរឆ្នាំទៅ គិតថាខ្លួនឯងត្រូវការចំណាយពេលវេលាអភិវឌ្ឍខ្លួនឯង ចឹងចង់ត្រឡប់ទៅរៀនវិញ ចឹងក៏បានដាក់ពាក្យរកការងាធ្វើនៅភ្នំពេញចំណាយពេលប្រហែលជា៦ខែដែរ ទម្រាំងជាប់ការងារនៅភ្នំពេញ។ អឺក៏បានមករស់នៅហ្នឹង ហើយអឺ ពេលមកភ្នំពេញដំបូងៗក៏អត់ទាន់មានលទ្ធភាពទៅរៀនភ្លាមៗដែរ ដោយសារត្រូវការសន្សំលុយសិន អញ្ចឹងហា! អញ្ចឹងទម្រាំបានចូលរៀនវិញខ្ទង់ប្រហែល៣ទៅ៤ឆ្នាំដែលខ្ញុំបានចូលរៀនមហាវិទ្យាល័យ ហើយកាលនោះក៏រើសយកមុខជំនាញអឺ គ្រប់គ្រងទូទៅ។”

ពេលនិយាយដល់រឿងរ៉ាវពីអតីតកាល វិច្ឆិកាប្រាប់ថា នាងក៏នឹកឃើញគ្រាលំបាកមួយ ព្រោះខ្លួនមិនមានលទ្ធភាពបន្តការសិក្សាថ្នាក់ឧត្តម ហើយសម្រេចទៅបំរើការជាអ្នកស្ម័គ្រចិត្តក្នុងអង្គការមួយស្ថិតក្នុងតំបន់ដាច់ស្រយាលក្នុងខេត្តកំពង់ធំជិតមួយឆ្នាំ ទម្រាំបានក្លាយជាបុគ្គលិកពេញសិទ្ធ។ ទោះបីខ្លួនជាកូនទី៣នៃបងប្អូនចំនួន៥នាក់ក្តី តែ វិច្ឆិកា មិនស្រណុកដូចកូនគ្រួសារដទៃឡើយ ដោយនាងរៀបរាប់ពីការលំបាកក្នុងមេរៀនជីវិតមួយនេះ។ ថ្លែងរៀបរាប់ទាំងក្តីខឹងសម្បាលផង នឹងហួសចិត្តនឹងឆាកជីវិតដែលធ្លាប់ជួបផង វិច្ឆិកា បានលើកឡើងគ្រាគួរឱ្យអស់សំណើចទាំងហួសចិត្តថា៖

ប្រភព៖ ហ្វេសប៊ុក កញ្ញា ជួប វិច្ឆិកា

“អឺពិបាកដែរព្រោះអីពេលមកនៅភ្នំពេញហ្នឹងគឺ អឺអត់មានលុយមួយរៀលក្នុងហោរប៉ៅ(សើច) គឺអត់មានហ្មងហើយអី ប៉ុន្តែអឺក៏មានមិត្តភក្តិគេជួយជ្រោមជ្រែងអោយថវិការខ្លះសម្រាប់ចាយវាយអញ្ចឹងហា៎។ ហើយអឺកំសត់ពេលមួយគឺបើកប្រាក់ខែខែដំបូងនៅភ្នំពេញហ្នឹងចោរលូកហោរប៉ៅអស់រលីង គឺអស់រលីងអត់មានលុយមួយរៀលហ្មង(សើច)។ ប៉ុន្តែត្រឡប់ទៅក្រោយវិញក៏មានមិត្តភក្តិអោយតិចតួច ចឹងយើងបានគ្រាន់ទិញម្ហូបទិញអីញ៉ាំអញ្ចឹងហា៎។ ប៉ុន្តែអឺអ្វីដែលខ្ញុំមានមោទនភាពអាភាពពិបាកហ្នឹងធ្វើអោយខ្ញុំប្រឹង ព្រោះគិតថាអឺលុយប៉ុណ្ណឹងចាយមិនគ្រាន់ទេ។”

នារីសម្បុរស្រអែម ថែមទាំងមានទឹកសំឡេងម៉ឹងម៉ាត់ផង បន្ថែមរៀបរាប់ដំណើរជីវិតរស់នៅទីក្រុងភ្នំពេញថា កញ្ញាបានខិតខំពុះពារជំនះរាល់ការលំបាក ធ្វើការតាមស្ថាប័ន អង្គការ ដោយផ្ដើមចេញពីបុគ្គលិកស្ម័គ្រចិត្ត ទៅជាបុគ្គលិកពេញសិទ្ធិ និងក្លាយជាប្រធានអង្គការផ្កាយសមុទ្រអំឡុងឆ្នាំ២០១៤។ យុវតីដែលមានកំណើតកើតជានៅខេត្តកំពង់ចាមរូបនេះ លើកឡើងពីការប្រឹងប្រែងតស៊ូជម្នះការលំបាកមុនឡើងកាន់តួនាទីជាប្រធានអង្គការយ៉ាងដូច្នេះថា។

ប្រភព៖ ហ្វេសប៊ុក កញ្ញា ជួប វិច្ឆិកា

“ពេលឡើងដំណែងដំបូងអឺមានបុគ្គលិកម្នាក់អឺ គាត់មានដំណែងគួរសមដែរនៅក្នុងអង្គភាព គាត់ប្រាប់ប្រធានអង្គការមុនគាត់ប្រាប់ថាគាត់អត់ទុកចិត្តខ្ញុំទេ គាត់អត់ដឹងថាខ្ញុំមានលទ្ធភាពធ្វើការហ្នឹងអត់ទេ។ អឺខ្ញុំលឺដំណឹងហ្នឹងភ្លាមខ្ញុំជួបគាត់ផ្ទាល់ហ្មង ខ្ញុំថាខ្ញុំមានលទ្ធភាពធ្វើការងារហ្នឹង ប៉ុន្តែអ្វីដែលខ្ញុំត្រូវការអោយគាត់ជួយគាត់ត្រូវទុកចិត្តខ្ញុំសិន ផ្ដល់ឱកាសអោយខ្ញុំធ្វើ ហើយខ្ញុំនឹងធ្វើ ហើយខ្ញុំដឹងថាខ្ញុំអាចធ្វើបាន។ ហើយឧបសគ្គនៅមានច្រើនទៀតដែរដោយសារយើងជាស្ត្រី ខ្ញុំអត់ខ្វល់ពីអ្វីដែលគេនិយាយ ព្រោះខ្ញុំដឹងថាខ្ញុំមានសមត្ថភាព ចឹងគាត់និយាយជារឿងរបស់គាត់និយាយ ប៉ុន្តែខ្ញុំនៅតែធ្វើការរបស់ខ្ញុំ ខ្ញុំប្រឹងប្រែងធ្វើអោយបានល្អបំផុតដែលខ្ញុំអាចធ្វើទៅបាន ចឹងអឺ គាត់ផ្លាស់ប្ដូរការគិតរបស់គាត់អត្តចរិករបស់គាត់ជាមួយយើងដោយខ្លួនឯង។”

បន្ថែមប្រាប់វិទ្យុស្រ្តីដោយពាក្យពេចន៍ច្បាស់ៗថា រាល់ការងារដែលកញ្ញាបានធ្វើសុទ្ធតែបានបង្រៀនចំណេះដឹងយ៉ាងច្រើនទាំងភាពជាអ្នកដឹកនាំ ការគ្រប់គ្រង ទំនាក់ទំនង ភាសា និងការបង្កើតឱកាសយ៉ាងច្រើនសម្រាប់បុគ្គលិក និងក្មេងៗដែលក្រីក្រត្រូវការការសិក្សាសម្រាប់អភិវឌ្ឍន៍ខ្លួន គឹជាក្ដីសង្ឃឹមមួយដែលនាងស្រឡាញ់។

ប្រភព៖ ហ្វេសប៊ុក កញ្ញា ជួប វិច្ឆិកា

“ខ្ញុំសម្រេចចិត្តធ្វើការនៅអង្គការផ្កាយសមុទ្រព្រោះអីខ្ញុំស្រឡាញ់អើយរបៀបដែលយើងធ្វើការ របៀបដែលយើងជួយក្មេង ព្រោះអីបើសិនជាយើងភ្ជាប់ទៅបទពិសោធន៍ខ្លួនឯងផ្ទាល់កាលនៅពីក្មេងគឺអឺយើងចេញពីគ្រួសារក្រីក្រដែលពិបាកដែរហើយអត់មានលទ្ធភាពទៅរៀនមហាវិទ្យាល័យភ្លាមៗហេណាស់ សន្សំលុយប៉ុន្មាឆ្នាំដែរដើម្បីខ្លួនឯងបានរៀនវិញ អញ្ចឹងខ្ញុំជឿថាក្មេងនៅទៅនេះគាត់ត្រូវការការជួយបន្តិចដើម្បីឱ្យគាត់មានឱកាសអឺមានលទ្ធភាពមានការងារល្អដូចគេដូចឯងដែរ។”

ស្រ្តីប្រធានអង្គការផ្កាយសមុទ្រ ជាភាសាអង់គ្លេសហៅកាត់ថា ISF Cambodia កញ្ញាប្រាប់ថា អង្គការក្រៅរដ្ឋាភិបាលមួយនេះមានបេសសកម្មជួយកុមារក្រីក្រឱ្យទទួលបានសិទ្ធិពេញលេញ ទាំងសិទ្ធិទទួលបានការអប់រំ ការថែទាំសុខភាព និងការលេងកម្សាន្តជាដើម។ ប្រធានអង្គការអន្ដរជាតិមួយនេះបានលើកឡើងពីស្ថិតភាពរបស់កុមារនៅកម្ពុជា ដែលកញ្ញាមើលឃើញថា ពួកគេជួបប្រទះការលំបាក ពិសេសកុមារក្រីក្រមួយចំនួនហាក់បាត់បង់សិទ្ធិដែលខ្លួនត្រូវមាន។

ជាងនេះបេសសកម្មរបស់អង្គការ ក៏ជំរុញលើកស្ទួយឱ្យកុមារក្រីក្ររស់នៅតាមតំបន់អនាធិបតេយ្យនៃរាជធានី ឱ្យក្មេងទាំងនោះបានទៅសាលារៀន និងកាត់បន្ថយអត្រាបោះបង់ការសិក្សា។ ក្នុងនាមជាស្ដ្រីដឹកនាំអង្គការមួយរូប កញ្ញា វិច្ឆិកា មានក្តីប្រាថ្នាចង់ផ្ដល់ជាការស្រលាញ់ និងផ្លាស់ប្ដូររបៀបរបបនៃការរស់នៅរបស់ក្មេងៗនៅតាមតំបន់អនាធិបតេយ្យ តាមរយៈការផ្តល់ឱ្យពួកគេនូវការអប់រំមួយប្រកបដោយគុណភាព និងអនាគតពិតប្រាកដ ពិសេសលើកសមាគមន៍ទាំងមូលចេញពីភាពក្រីក្រ។

“អញ្ចឹងអ្វីដែលខ្ញុំស្រឡាញ់បំផុតនៅទីនេះ គឺពេលដែលខ្ញុំឃើញក្មេងៗមួយចំនួន ដែលខ្ញុំឃើញតាំងពីតូច ពេលចូលមក អង្គារផ្កាយសមុទ្រដំបូងហ្នឹង គឺធ្មេញរបស់គាត់ដង្កូវស៊ីឬមួយសក់ពណ៌ក្រញ៉េះក្រញ៉ាស់សក់ពណ៌លឿង ឬក៏ និយាយទៅគ្រិចហ្មង និយាយថាភាសាយើង ប៉ុន្តែបច្ចុប្បន្នអ្វីដែលខ្ញុំឃើញគាត់ធំឡើងគាត់មានការងារសមរម្យគាត់ស្លៀកពាក់សមរម្យគឺគាត់ដូចគេដូចឯង អញ្ចឹងបានន័យថាគាត់ស្មើគេគាត់លែងក្រីក្រគាត់អាចជួយខ្លួនគាត់បានជួយគ្រួសារបាន។”

«នៅទីកន្លែងណាក៏មានការផ្លាស់ប្ដូរអ្នកដឹកនាំ គឺជារឿងធម្មតាទៅហើយតាមកាលវេលាមកដល់»។នេះជាលើកឡើងបន្ថែមរបស់ស្រី្ដវ័យក្មេង ជួប វិច្ឆិកា ដែលកំពុងដឹកនាំអង្គការកុមារតូចៗនេះ។ កញ្ញាពោលដោយការលើកទឹកចិត្តថា ស្ដ្រីត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការរៀនសូត្រ ឱ្យមានចំណេះដឹងជ្រៅជ្រះ អាចបំពេញការងារស្មើនឹងបុរសបាន។ តាមរយៈបទពិសោធន៍ដឹកនាំអង្គការជាង១០ឆ្នាំ បទពិសោធន៍ប្រឡូកការងារជាអ្នកអប់រំមនុស្សចាកចេញពីភាពក្រីក្រនេះបានធ្វើឱ្យ កញ្ញា វិច្ឆិក កាន់តែមានភាពរឹកមាំលើខ្លួនឯង គ្រួសារ និងសង្គម ក៏ដូចជាគំរូល្អទៅកាន់មនុស្សជំនាន់ក្រោយ ជាពិសេសស្ត្រីៗតែម្ដង។

“ទាក់ទងទៅហ្នឹងពាក្យចុងក្រោយទៅដល់ស្ត្រី អឺ! តាមពិតយើងជាស្ត្រីគឺមាន Challenges(ឧបសគ្គ) ច្រើនដោយសារយើងត្រូវមានការងារផ្ទះ ត្រូវថែទាំ ត្រូវមានកូន ត្រូវមានស្អីៗ ដើម្បីមើលថែរក្សា អញ្ចឹងដើម្បីអោយគេទទួលស្គាល់យើង  គឺយើងត្រូវការរៀនសូត្ររហូត យើងត្រូវការពង្រឹងសមត្ថភាពខ្លួនឯងរហូត ដើម្បីយើងអាច អឺ…ចូលរួមចំណែកជាមួយសង្គមហើយស្មើជាមួយបុរសបាន។”

#អង្គការផ្កាយសមុទ្រ #កញ្ញា ជួប វិច្ឆិកា

Share

Image
Image
Image