ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានឱ្យដឹងថា រយៈពេលចុងក្រោយនេះមានបណ្ដឹងចំនួន ១១៧ ដែលពាក់ព័ន្ធនឹងករណីជួយដូរមនុស្ស និងកម្លាំងពលកម្ម បានផ្ញើចូលគណនីហ្វេសប៊ុករបស់សម្ដេចដែលជាគណនីមួយក្នងចំណោមគណនីចំនួន ៤ ដែលបើកទទួលពាក្យបណ្ដឹងពីពលរដ្ឋ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
សម្ដេច ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទម្លាយឱ្យដឹងថា ក្នុងរយៈពេលជាង ២សប្ដាហ៍ ពោលចាប់ពីថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ គណនីហ្វេសប៊ុករបស់សម្ដេចបានទទួលពាក្យបណ្ដឹងចំនួន១១៧ ករណី ពាក់ពន្ធ័អំពើជួញដូរមនុស្សនៅកម្ពុជា។
ការទម្លាយឱ្យដឹងរបស់សម្ដេចរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃរូបនេះ កើតមានឡើងគ្រាដែលសម្តេចចូលរួមពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃថ្មី កាលពីថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ២០២២។ សម្ដេចបានបញ្ជាក់ថា ទោះសំណើរពាក្យបណ្ដឹងមានប្រភពចេញពីប្រជាពលរដ្ឋផ្ទាល់ ឬចេញពីប្រព័ន្ធផ្សព្វផ្សាយ និងមកតាមច្រកណាក៏ដោយ ក៏សម្ដេចថាត្រូវការខិតខំប្រមូលទទួលយកសំណើរសំណូមពរ និងក្ដីកង្វល់នានារបស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ។
ការថ្លែងរបស់សម្ដេច គឺបានណែនាំឱ្យលោកអគាធិការថ្មី និងលោករដ្ឋលេខាធិការទទួលបន្ទុកថ្មី ដែលទើបចូលកាន់តំណែងដែលតែងតាំងដោយប្រមុខរដ្ឋស្ដីទី គឺសម្ដេចសាយ ឈុំ។ សម្ដេច ស ខេង ថាត្រូវ បង្កើនការយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះឱ្យបានលឿន រហ័ស និងប្រកបដោយប្រសិទ្ធភាព ដ្បិតមានបណ្ដឹង សំណើរ សំណូមពរជាច្រើនទៀតនៅមិនទាន់បានដោះស្រាយចប់នៅឡើយ។
សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសង្កត់ធ្ងន់ថា រាល់បណ្ដឹង សំណើរ សំណូមពររបស់ប្រជាពលរដ្ឋ ឬសាធារណៈមតិ គឺជាកញ្ចក់ដ៏ភ្លឺថ្លាសម្រាប់មន្រ្តីឆ្លុះមើលបញ្ហាដើម្បីកែលម្អរ។ សម្ដេច បានបន្តថា ប្រសិនបើករណីណាមួយមិនមែនជារឿងពិត មន្រ្តីមានសមត្ថកិច្ចក៏អាចបោះបង់ចោល ឬបំភ្លឺថាវាមិនមែនជាការពិតនោះទេ ប៉ុន្តែប្រសិនបើបញ្ហានោះគឺជាបញ្ហាពិត មន្រ្តីមានសមត្ថកិច្ចត្រូវខិតខំដោះស្រាយឱ្យអស់ពីលទ្ធភាព មិនត្រូវកប់ទុកបញ្ហាចោលឡើយ។
ក្នុងនាមជាក្រសួងមានសមត្ថកិច្ច សម្ដេចបានបញ្ជាក់ថា រាល់កិច្ចប្រតិបត្តិការត្រូវតែប្រកាន់យកគោលការណ៍សំខាន់ៗ៣ គឺសង្គ្រោះជនរងគ្រោះ បង្ក្រាបទីតាំងខុសច្បាប់ និងផ្ដន្ទាទោសជនល្មើស។ បញ្ហាជួញដូរមនុស្សជាបញ្ហាដែលអន្តរជាតិយកចិត្តទុកដាក់ ហើយកម្ពុជាក៏ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាដែរ។ នេះបើតាមការលើកឡើងរបស់សម្ដេចដដែល។
បើតាមក្រសួងមហាផ្ទៃ បណ្ដឹង ១១៧ ករណី គឺពាក់ព័ន្ធជាមួយការស្នើរសុំអន្តរាគមណ៍ជួយជនបរទេសដែលត្រូវបានបង្ខាំង និងជួយដូរកម្លាំងពលរកម្មក្នុងប្រទេសកម្ពុជា។ ក្រសួងបានបញ្ជាក់តាមរយៈការស្រាវជ្រាវថា ជនបរទេសដែលចូលមកកម្ពុជាខុសច្បាប់ គឺតាមមេក្លោងជាជនជាតិរបស់គេ និងបក្ខពួកនៅក្នុងប្រទេសកម្ពុជា មានជនជាតិវៀតណាម និងម៉ាឡេស៊ី។
ផ្អែកតាមក្រសួងការបរទេសវៀតណាម កាលពីថ្ងៃទី៦ ខែកញ្ញា កន្លងទៅថ្មីៗបានសហការជាមួយសមត្ថកិច្ចកម្ពុជា ក្នុងការជួយពលរដ្ឋរបស់ខ្លួនដែលនៅខុសច្បាប់ចាកចេញពីកម្ពុជា។
សម្ដេច ស ខេង ថាក្រសួងមហាផ្ទៃមានភារកិច្ចធំៗ២ គឺទី១ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈដែលជាកិច្ចការដ៏មានសារៈសំខាន់និងមានយន្តការគាំទ្រដូចជាអគ្គស្នងការដ្ឋាននគរបាល អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងពន្ធនាគារជាដើម។ ចំណែកភារកិច្ចធំទី២ គឺកិច្ចការរដ្ឋបាលមូលដ្ឋាន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្នុងនោះអគ្គាធិការដ្ឋាននេះ ក៏មានភារកិច្ចស្នូលដើម្បីគាំទ្រដល់ការងារធំៗទាំងពីរខាងលើដែរ ពោលគឺទាំងការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងកិច្ចការរដ្ឋបាលមូលដ្ឋាន៕