en     km
en     km

មន្ទីរបញ្ចកោណផ្អាកការចែកចាយយន្តហោះចម្បាំង F-35 បន្ទាប់ពីរកឃើញគ្រឿងបង្គំនៃយន្តហោះផលិតនៅក្នុងប្រទេសចិន

Share

មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានបញ្ឈប់ជាបណ្តោះអាសន្ននូវចែកចាយយន្តហោះ F-35 របស់ក្រុមហ៊ុន Lockheed Martin Corp បន្ទាប់ពីបានដឹងពីក្រុមហ៊ុនផលិតយន្តហោះថា មានលោហៈផ្សំជាគ្រឿងបង្គំនៃ F-35 បានផលិតនៅក្នុងប្រទេសចិន ដោយបំពានកិច្ចសន្យាទិញលក់របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក។

មន្ទីរបញ្ចកោណបាននិយាយថា ក្រុមហ៊ុន Lockheed Martin កំពុងពិនិត្យឡើងវិញ ដើម្បីកំណត់ថាតើវាកើតឡើងយ៉ាងដូចម្តេច។ មន្ទីរបញ្ចកោណ មិនបានបង្ហើបឱ្យដឹងថា តើការចែកចាយយន្តហោះចំនួនប៉ុន្មាន ដែលឥឡូវនេះត្រូវបានពន្យារពេល ឬមានគ្រឿងបង្គំរបស់ចិនចំនួនប៉ុន្មាននោះដែរ។ ក្រុមហ៊ុនគ្រោងនឹងចែកចាយយន្តហោះ F-35 ចំនួន153 គ្រឿងក្នុងឆ្នាំ 2022 ដែលមកទល់ពេលនេះធ្វើបានតែចំនួន 88 គ្រឿងតែប៉ុណ្ណោះ ។

យន្តហោះF-35 គឺជាយន្តហោះចម្បាំងទំនើបបំផុតមួយរបស់ពិភពលោក។ សហរដ្ឋអាមេរិកដាក់អោយដំណើរការយន្តហោះនេះក្នុងបីជម្រើសគឺការហោះហើរធម្មតា និងចុះចត F-35As យន្តហោះ F-35B របស់កងម៉ារីនដែលអាចចុះចតពីលើត្រង់ និង F-35C សម្រាប់ប្រតិបត្តិការលើនាវាផ្ទុកយន្តហោះ។ក្រុមហ៊ុន Lockheed Martin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ត្រូវដោះស្រាយឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីបន្តការចែកចាយឡើងវិញ។

ប្រភព៖ CNN, ថ្ងៃទី 7 ខែកញ្ញា ឆ្នាំ 2022

Share

Image
Image
Image