en     km
en     km

អង្គការ Helen keller សម្ពោធបន្ទប់បំបៅដោះកូនថ្មីមួយទៀតនៅក្រសួងឧស្សាហកម្ម

Share

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ អង្គការ Helen keller បានសម្ពោធដាក់ដំណើរការបន្ទប់បំបៅដោះកូនមួយកន្លែងថ្មីបន្ថែមទៀត នៅទីតាំងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍ ជាកន្លែងបំដៅដោះកូនទី ៧ ក្នុងចំណោមបន្ទប់បំបៅដោះកូនដែលអង្គការ Helen keller ដាក់គោលដៅសម្រេចឱ្យបានចំនួន ២៨ កន្លែងក្នុងពេលអនុវត្តគម្រោងសាកល្បងរបស់ខ្លួន។

អ្នកចូលរួមពិធីសម្ពោធបន្ទប់បំបៅដោះកូននៅក្រសួងឧស្សាហកម្ម។រូបភាពអង្គការ Helen keller ។

 

សម្រាប់អង្គការ Helen keller ការបង្កើតឱ្យមានបន្ទប់បំបៅដោះកូននេះ ជាធាតុចូលមួយជួយជំរុញគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានប្តេជ្ញាចិត្តសម្រេចឱ្យបានអត្រាបំបៅកូនដោយទឹកម្តាយតែមួយមុខគត់សម្រាប់ទារកនិងកុមារអាយុពីពេលចាប់កំណើតដល់អាយុ ៦ខែ​ឱ្យបាន៨៥%នៅត្រឹមឆ្នាំ២០៣០។

អង្គការ Helen keller ឱ្យដឹងថា បន្ទប់បំបៅដោះកូននេះនឹងផ្តល់ឱកាសដល់ម្តាយនិងកូនតូចបានជួបគ្នាទោះបីម្តាយត្រូវជាប់ភារបំពេញកិច្ចការងារក្តី។ បានជួបគ្នា ត្បិតស្ថាប័នការងារនឹងជួយសម្រួលម៉ោងពេលដល់បុគ្គលិកជាម្តាយមានកូនតូច អាចបានបំបៅកូនដោយដើមទ្រូងម្តាយផ្ទាល់តែម្តង ហើយក៏ជាពេលវេលាដែលម្តាយអាចផ្តល់ក្តីស្រលាញ់កាន់តែសិ្នតស្នាលដល់កូន។

លោក ហ៊ូ ក្រើន តំណាងអង្គការ Helen keller ។រូបភាពពីអង្គការ Helen keller ។

 

ដោយឡែកក្នុងបន្ទប់បំបៅដោះកូននេះ មានបំពាក់នូវសម្ភារៈបរិក្ខារមួយចំនួនដែលបំរើដល់ការបំបៅដោះកូនកាន់តែល្អប្រសើរ។ ក្នុងនោះមាន តុ កៅអី កង្ហារ កន្សែងជូតដៃ សាប៊ូលាង ទូទឹកកកនិងម៉ាស៊ីនបូមទឹកដោះដែលអាចរក្សាទុកសម្រាប់កូនបៅពេលម្តាយមានភារកិច្ចមិនអាចមកបំបៅដោះកូនផ្ទាល់បាន។

សម្រាប់អង្គការ Helen keller ទឹកដោះម្តាយមានផ្ទុករាល់សារជាតិចិញ្ចឹមទាំងអស់ដែលទារកត្រូវការ ដោយមិនចាំបាច់បន្ថែមអាហារ ឬទឹក ឬភេសជ្ជៈអ្វីជំនួសក្នុងរយៈពេល ៦ខែដំបូងនៃជីវិតកុមារ។ សារធាតុចិញ្ចឹមសំខាន់ៗដែលមានក្នុងទឹកដោះម្តាយរួមមាន ជាតិប្រូតេអ៊ីនជួយដល់ការលុតលាស់កុមារ ជាតិស្ករឡាក់កូសជួយផ្តល់កម្លាំងថាមពល ជាតិខ្លាញ់ជួយទ្រទ្រង់កោសិការាងកាយ រក្សាស៊ីតុណ្ហភាពឱ្យមានលំនឹង។ ជាងនេះក្នុងទឹកដោះម្តាយសម្បូរទៅដោយពពួកជីវជាតិនិងរ៉ែខនិជ ជីវជាតិ A B C និងD ព្រមទាំងមានសារជាតិដែក​ ប៉ូតាស្យូម កាលស្យូមជាដើមដែលអាចការពារកុមារពីជំងឺនានាបានយ៉ាងល្អប្រសើរ។

បន្ទប់បំបៅដោះកូនទី៧ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់។រូបភាពអង្គការ Helen keller ។

 

ជាភស្តុតាងផ្នែកវិទ្យាសាស្រ្តវិញរកឃើញថា ការបំបៅទឹកដោះម្តាយទៅកូនភ្លាមអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលរួចអាចជួយទប់ស្កាត់មរណភាពទារកបានប្រហែល ២០%។ ចំណែកកុមារដែលបានបៅទឹកដោះម្តាយតែមួយមុខគត់រយៈ ៦ខែអាចកាត់បន្ថយជំងឺរាករូសបាន១១ដង និងជំងឺរលាកសួតបាន១៥ដង បើធៀបនឹងកុមារមិនបានបៅទឹកដោះម្តាយបានជាប់លាប់។

ជាអកុសល បើទោះបីជាទឹកដោះម្តាយមានគុណប្រយោជន៍យ៉ាងមហាសាលក្តី តែម្តាយភាគច្រើនដែលរស់នៅតាមទីក្រុង ឬទីប្រជុំជន បានបោះបង់ចោលការបំបៅកូនដោយទឹកដោះម្តាយ ហើយប្រើប្រាស់ផលិតផលជំនួសទឹកដោះម្តាយដោយឱ្យកូនបៅម្ស៉ៅទឹកដោះគោកំប៉ុងទៅវិញ។ មូលហេតុដែលម្តាយមួយចំនួនសម្រេចបោះបង់ចោលការបំបៅកូនដោយទឹកម្តាយក៏ព្រោះមូលហេតុរវល់ភារកិច្ចការងារ និងការរកស៊ី ចាញ់លង់ក្នុងការផ្សព្វផ្សាយពីគុណភាពម្ស៉ៅទឹកគោកំប៉ុងមានគុណប្រយោជន៍ជាងទឹកដោះម្តាយ ការអនុវត្តលើអនុក្រឹត្យលេខ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារនៅមានកម្រិត និងការយល់ច្រលំថា ការបំបៅកូនធ្វើឱ្យខូចទ្រង់ទ្រាយដើមទ្រូងម្តាយ។

មូលហេតុខាងលើនេះ នៅស្របពេលដែលរបាយការណ៍អង្កេតសុខភាពនិងប្រជាសាស្រ្តកម្ពុជាឆ្នាំ២០១៤ បង្ហាញថា អត្រាបំបៅកូនដោយទឹកដោះម្តាយបានធ្លាប់ចុះគួរឱ្យព្រួយបារម្ភគឺពីអត្រា ៧៥%នៅឆ្នាំ២០១០ នៅត្រឹម ៦៥%នៅឆ្នាំ២០១៤ ហើយអ្នករស់នៅតាមទីក្រុងនិងទីប្រជុំជនមានអត្រាបោះបង់ចោលការបំបៅដោះកូនច្រើនជាងគេ៕

 

Share

ព័ត៌មានទាក់ទង

Image