កំពង់ធំ៖ កាលពីពេលថ្មីៗនេះ ព្រះគ្រូ ឃាន ស្រេង ព្រះចៅអធិការវត្ត ឥន្ទកុមារ សហការជាមួយមន្រ្តីនគរបាលស្រុកកំពង់ស្វាយ ចូលរួមដាំកូនឈើចំនួន ២៥០០ដើម ក្នុងបរិវេណវត្ត ឥន្ទកុមារ ស្ថិតក្នុងភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ព្រះគ្រូចៅអធិការវត្តឥន្ទកុមារមានថេរដីកាថា កូនឈើទាំង២៥០០ដើមនេះ មានប្រភេទឈើបេង មានដើមក្រញ៉ូង ធ្នង នាងនួន គគី កកោះ ឈើទាល និងដើមរំដួលជាដើម។ ព្រះគូ្រមានថេរដីកាបន្ថែមថា ការដាំកូនឈើនេះ ក្នុងគោលបំណងឱ្យអ្នកជំនាន់ក្រោយបានដឹងនិងបានស្គាល់ប្រភេទឈើប្រណិតរបស់ខ្មែរដែលកំពុងប្រឈមនឹងការបាត់បង់ដោយសារជនខិតខូចមួយចំនួននៅតែបន្តកាប់រាន។ មួយទៀតផងដែរ ការសហការដាំកូនឈើជាមួយសមត្ថកិច្ចនេះ ក៏មានចេតនាចង់រួចចំណែកថែរក្សាលំនឹងបរិស្ថានរបស់ភពផែន និងអាចលើកសោភ័ណ្ឌភាពសួនក្នុងទីវត្តអារាមសម្រាប់ពុទ្ធបរិស័ទស្រូបយកខ្យល់អាកាសធម្មជាតិបានផងដែរ។
ព្រះចៅអធិការឱ្យដឹងបន្ថែមទៀតថា កូនឈើដែលត្រូវបានដាំក្នុងបរិវេណវត្តឥន្ទកុមារនេះ បានទទួលថវិកាជាបច្ច័យពីសប្បុរសជននានានៅក្នុងភូមិនិងក្រៅភូមិ។
ជាចុងក្រោយ ព្រះចៅអធិការ ឃាន ស្រេង សូមអំពាវនាវបិណ្ឌបាតដល់ពុទ្ធបរិស័ទប្រុសស្រីទាំងអស់ត្រូវចេះថែរក្សាព្រៃឈើ ចេះស្រលាញ់បរិស្ថាន និងចូលរួមដាំកូនឈើឡើងវិញ៕
អត្ថបទខ្លីនេះសរសេរដោយ ផាត សុភត្រា ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្ថិតក្នុងគម្រោងសំឡេងយុវជនមានសារៈសំខាន់ គាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie។
ខាងក្រោមនេះជាកម្រងរូបភាពសកម្មភាពដាំកូនឈើក្នុងបរិវេណវត្តឥន្ទកុមារ៖