en     km
en     km

អ៊ុយក្រែនគាំទ្រការអំពាវនាវរបស់UNបង្កើតតំបន់សុវត្ថិភាពរោងចក្រនុយក្លេអ៊ែរ

Share

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានស្វាគមន៍ការអំពាវនាវរបស់ទីភ្នាក់ងារនុយក្លេអ៊ែរអង្គការសហប្រជាជាតិ(IAEA)ចង់ធ្វើអោយតំបន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia មានសុវត្ថិភាព។

រោងចក្រនេះត្រូវបានកាន់កាប់ដោយរុស្ស៊ីតាំងពីចាប់ផ្តើមសង្រ្គាម ហើយបានរងការវាយប្រហារម្តងហើយម្តងទៀត ដោយភាគីទាំងពីរបានចោទគ្នាទៅវិញទៅមក។អង្គការសហប្រជាជាតិនិយាយថា ត្រូវតែបញ្ចប់ជាបន្ទាន់នូវការបាញ់ផ្លោងដាក់ស្ថានីយថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបមួយនេះ។ការ​បាញ់​ផ្លោង​អាច​បណ្តាល​ឱ្យ​មាន​ការ​បញ្ចេញ​សារធាតុ​វិទ្យុសកម្ម​ពីរោងចក្រថាមពលនុយក្លេអ៊ែរ។

នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាននិយាយថា វត្តមានរបស់ឧបករណ៍យោធារុស្ស៊ីនៅលើទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរអាចធ្វើអោយមិនមានសុវត្ថិភាពនៅទីនោះ។

 

ក្រុម IAEA មានកម្លាំង 14 នាក់បានទៅមើលរោងចក្រថាមពលនុយក្លេអ៊ែរកាលពីសប្តាហ៍មុន។លោកRafael Grossi ជាប្រធានក្រុម IAEA បានព្រមានពីហានិភ័យនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ។ ទោះបីជាសមាជិកក្រុម IAEA ភាគច្រើនបានចាកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរក៏ដោយ តែនៅមានសមាជិកពីរនាក់ទៀតនៅបន្តទីនោះជាអចិន្ត្រៃយ៍។

លោក Zelensky បាននិយាយថា លោកនឹងគាំទ្រអោយមានតំបន់សុវត្ថិភាព ប្រសិនបើបង្កើតតំបន់គ្មានកងទ័ពនៅរោងចក្រនុយក្លេអ៊ែរ។ លោក Zelensky បាននិយាយថាមានរបាយការណ៍ពីវត្តមានយោធូបករណ៍របស់យោធារុស្ស៊ីនៅលើទីតាំងរោងចក្រនេះ។

រោងចក្រនេះស្ថិតនៅលើច្រាំងខាងត្បូងនៃទន្លេ Dnieper ត្រើយម្ខាងនៃទីក្រុងដែលកាន់កាប់ដោយអ៊ុយក្រែន។កាល​ពី​ថ្ងៃ​អង្គារ រុស្ស៊ី​បាន​ចោទ​ក្រុង Kyiv ថា​បាន​វាយ​ប្រហារ​តំបន់​នោះ​បី​ដង​ក្នុង​រយៈពេល ២៤ ម៉ោង។ អ៊ុយក្រែននិយាយថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់រោងចក្រនេះជាខែល ដើម្បីបាញ់ទៅលើទីក្រុងក្បែរៗនោះ ។

នៅក្នុងរបាយការណ៍របស់ទីភ្នាក់ងារនុយក្លេអ៊ែរបានគូសបញ្ជាក់ពី “លក្ខខណ្ឌតានតឹងខ្លាំង” ដែលបុគ្គលិកអ៊ុយក្រែនចំនួន 907 នាក់ កំពុងធ្វើការនៅទីនោះក្រោមការគ្រប់គ្រងរបស់យោធារុស្ស៊ី។ទោះ​ជា​យ៉ាង​ណា IAEA ប្រុង​ប្រយ័ត្នក្នុងការ​និយាយបន្ទោស​​ភាគី​ណា​មួយ​ឡើយ។IAEA បានរៀបរាប់លម្អិតអំពីការខូចខាតនៃរោងចក្រនេះ។

 

របាយការណ៍របស់IAEA បន្ថែមថាមានតម្រូវការបន្ទាន់សម្រាប់ “វិធានការបណ្តោះអាសន្ន” ដើម្បីការពារឧបទ្ទវហេតុនុយក្លេអ៊ែរដែលបង្កឡើងដោយសកម្មភាពយោធា ដោយនិយាយថាភាគីពាក់ព័ន្ធទាំងអស់នឹងត្រូវយល់ព្រមចំពោះ “តំបន់ការពារសុវត្ថិភាពនុយក្លេអ៊ែរ និងសន្តិសុខ” ដែលត្រូវបានបង្កើតឡើង ដើម្បីជៀសវាងការខូចខាតបន្ថែមទៀត។

 

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់មួយបន្ទាប់ពីការចេញផ្សាយរបាយការណ៍របស់ IAEA ដើម្បីពិភាក្សាអំពីស្ថានភាពនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា “ជាជំហានដំបូង កងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន ត្រូវតែប្តេជ្ញាថានឹងមិនធ្វើសកម្មភាពយោធាណាមួយ ឆ្ពោះទៅរកទីតាំងរោងចក្រ ឬធ្វើសកម្មភាពចេញពីទីតាំងរោងចក្រ”។

សារព័ត៌មាន BBC

Share

Image
Image
Image