en     km
en     km

សមាគមន៍ធាងត្នោតរកឃើញថាស្ដ្រីនៅសហគមន៍ក្រីក្ររងការបំពានសិទ្ធិសេរីភាពបញ្ចេញមតិ

Share

ភ្នំពេញ៖ របាយការណ៍របស់អង្គការសមាគមន៍ធាងត្នោតបានឱ្យដឹងថា ស្ដ្រីនៅក្នុងសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរមូលដ្ឋានបំបិទសិទ្ធិ និងសេរីភាពក្នុងការបញ្ចេញមតិ រហូតដល់លែងហ៊ានបន្ដសកម្មភាព រាយការណ៍ពីបញ្ហានានា ដែលខ្លួនជួបប្រទះ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

កាលពីចុងខែសីហា សមាគមន៍ធាងត្នោត បានចេញរបាយការណ៍មួយដាក់ចំណងថា ស្ត្រីនៅក្នុងសហគមន៍ក្រីក្រ បណ្តាញសង្គម និងការគំរាមកំហែង។ យោងតាមរបាយការណ៍នេះ បានបង្ហាញពីស្រ្តីនៅតាមសហគមន៍ក្រីក្រជារើយៗត្រូវបានហាមឃាត់ និងគំរាមកំហែងពីសំណាក់អាជ្ញាធរមូលដ្ឋានរបស់ពួកគាត់។ សមាគមន៍ធាងត្នោតបានហៅការគំរាមកំហែងនេះថា ជាការឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងសេរីភាពក្នុងការបញ្ចេញមតិ ។

នៅក្នុងរបាយការណ៍ស្ដីពីការពិត និងតួលេខ#47 របស់សមាគមន៍ធាងត្នោត បានបង្ហាញពីបទពិសោធន៍របស់ស្ដ្រីក្នុងសហគមន៍ក្រីក្រ នៅក្នុងរាជធានីភ្នំពេញ ដែលប្រើប្រាស់បណ្ដាញសង្គម ដើម្បីតស៊ូមតិ តាមដាន និងចែកចាយព័ត៌មានផ្សេងៗកាលពីអំឡុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩។ ក្រៅពីនេះសមាគមន៍ធាងត្នោតបន្ដថា ស្ដ្រីនៅតាមសហគមន៍បានចែករំលែកបញ្ហាប្រឈមផ្សេងៗដូចជា បញ្ហាដីធ្លី កង្វះខាតហេដ្ឋារចនាសម្ព័ន្ធ ការប្រើប្រាស់គ្រឿងញៀន និងការរំលោភបំពាននានា ដែលកើតមានឡើងនៅក្នុងសហគមន៍តាមប្រព័ន្ធបណ្ដាណសង្គមផងដែរ។ តែរាល់បញ្ហាដែលផ្សព្វផ្សាយដោយស្ដ្រីនៅតាមសហគមន៍ក្រីក្រទាំងនោះ ត្រូវបានអាជ្ញាធរមូលដ្ឋានគំរាមកំហែង និងហាមឃាត់។ នេះបើផ្អែកតាមរបាយការណ៍នោះ។

ស្ដ្រីម្នាក់មានឈ្មោះថា មីង ចាន់ រាយការណ៍នៅក្នុងរបាយការណ៍សមាគមន៍ធាងត្នោតថា អ្នកស្រីត្រូវបានអាជ្ញាធរនៅសាលាសង្កាត់មួយកោះអញ្ជើញ និងដឹកទៅដល់មូលដ្ឋានសង្កាត់តែម្ដង ក្រោយពេលរៀបចំពិធីសិទ្ធិលំនៅដ្ឋានពិភពលោក កាលពីខែកញ្ញា ឆ្នាំ២០១៨។

អ្នកស្រី មីនចាន់ បានថ្លែងបន្ដថា អាជ្ញាធរមូលដ្ឋានសុទ្ធតែជាបុរសបានគំរាមកំហែង និងស្រែកគំហកដាក់គាត់ ហើយឱ្យគាត់លុបចោលរូបទាំងអស់ដែលគាត់បង្ហោះ ដោយចាត់ទុកថាជាសកម្មភាពមិនត្រឹមត្រូវ និងចោទប្រកាន់លើរដ្ឋាភិបាល។ មីនចាន់ បានបន្ថែមក្នុងរបាយការណ៍នោះទៀតថា អាជ្ញាធរមិនបានពន្យល់ណែនាំគាត់ដោយសន្ដិវិធី និងដំណោះស្រាយសមស្របណាមួយឡើយ។

នៅក្នុងរបាយការណ៍ជាភាសាខ្មែរ កម្រាស់១៣ ទំព័របានរៀបរាប់បន្ថែមថា ការលើកពីបញ្ហារបស់ស្ដ្រីនៅក្នុងសហគមន៍ក្រីក្រ គឺបានសម្ភាសន៍ស្ដ្រីចំនួន៦នាក់ ដែលមានតួនាទីជា ដែលជាស្ត្រីមេផ្ទះ ជាអ្នកស្ម័គ្រចិត្តតំណាងសហគមន៍ ប្រធាន និងអនុប្រធានសហគមន៍។

របាយការណ៍នេះ បានសម្ភាសន៍កាលពីខែឧសភា ឆ្នាំ២០២២ នៅក្នុងសហគមន៍ក្រីក្រចំនួន៦ ក្នុងខណ្ឌចំនួន៤ មានខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌច្បារអំពៅ និងខណ្ឌឬស្សីកែវ។

ជាកង្វល់សម្រាប់ស្ដ្រី៥នាក់ ក្នុងចំណោម៦នាក់ នោះបានង្ហាញអារម្មណ៍ខ្លាចរអា មិនហ៊ានបន្ដសកម្មភាពរបស់ខ្លួនដែលខ្លួនបានជួបប្រទះទៀតទេ ខ្លាចមានអាជ្ញាធរក្នុងមូលដ្ឋានមកយាយី និងរំខានពួកគាត់ទៀត។ នេះបើផ្អែកទៅតាមរបាយការណ៍ដដែល។

ជាអនុសាសន៍ចេញពីរបាយការណ៍ថា អាជ្ញាធរមូលដ្ឋានគួរលើកទឹកចិត្តប្រជាពលរដ្ឋឱ្យធ្វើការបញ្ចេញមតិ និងបង្ហាញពីបញ្ហាដែលប្រជាពលរដ្ឋជួបប្រទះផ្ទាល់ ហើយចូលរួមដោះស្រាយបញ្ហា ដោយមិនមានការដោះដូរ និងមិនត្រូវចាត់ទុកការផ្សព្វផ្សាយរបស់ប្រជាពលរដ្ឋគឺប្រឆាំងនឹងរាជរដ្ឋាភិបាលឡើយ។

ចំពោះ ការលើកកម្ពស់ពីប្រសិទ្ធភាពនៃគោលនយោបាយសុដុមនីកម្មសង្គមទាំងមូល ប្រឆាំងរាល់ទម្រង់នៃការរើសអើង បែងចែកក្នុងសង្គម ដែលមានចែងនៅក្នុងគោលនយោបាយបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅថ្មីនេះ ក៏សមាគមន៍ធាងត្នោតដាក់ជាអនុសាសន៍សម្រាប់អនុវត្តន៍ក្នុងបញ្ហានេះផងដែរ៕

#សមាគមន៍ធាងត្នោត #សេរីភាពបញ្ចេញមតិ

Share

ព័ត៌មានទាក់ទង

Image