អាជ្ញាធរកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារ ទី៦ ខែកញ្ញាថា ប្រជាជនកូរ៉េខាងត្បូង រាប់ពាន់នាក់បានជម្លៀសចេញពីព្យុះទីហ្វុង ហ៊ីនណាមន័រ ដែលបានបោកបក់មកលើភាគខាងត្បូងប្រទេស លាយឡំជាមួយភ្លៀងធ្លាក់ និងខ្យល់បក់យ៉ាងខ្លាំង។
យោងតាមរដ្ឋបាលឧតុនិយមកូរ៉េបានឱ្យដឹងថា ព្យុះទីហ្វុងដែលធ្វើដំណើរទៅភាគខាងជើងក្នុងល្បឿនប្រហែល 52kmh ចេញពីឧបទ្វីបកូរ៉េនៅម៉ោងប្រហែល 7.10 ព្រឹក បន្ទាប់ពីបានបោកបក់មកលើទីក្រុងឆ្នេរសមុទ្រ Geoje ។តាមការព្យាករណ៍អោយដឹងថា ព្យុះនេះត្រូវបានគេរំពឹងថានឹងធ្វើដំណើរឆ្ពោះទៅភាគឦសាន និងឆ្លងកាត់ប្រហែល 400 គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង Sapporo ប្រទេសជប៉ុន ប្រហែលនៅពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ។
ទីភ្នាក់ងារអាកាសធាតុបាននិយាយថា “ភ្លៀងធ្លាក់ខ្យល់បក់ខ្លាំង ត្រូវបានគេរំពឹងថានឹងអូសបន្លាយរហូតដល់ថ្ងៃអង្គារ” ដោយបង្កអោយមានរលកខ្ពស់ៗនៅតំបន់ឆ្នេរ។
គិតត្រឹមព្រឹកថ្ងៃអង្គារ មនុស្សចំនួន 3,463នាក់ត្រូវបានជម្លៀសចេញ ដែលភាគច្រើនមកពីតំបន់ភាគខាងត្បូង។យោងតាមអាជ្ញាធរបានរាយការណ៍ថាបានបាត់ខ្លួនមនុស្សម្នាក់អាយុ 25 ឆ្នាំនៅទីក្រុង Ulsan។ ជើងហោះហើររាប់រយត្រូវបានលុបចោល ហាងទំនិញ កន្លែងអាជីវកម្ម និងសាលារៀនជាច្រើនកន្លែងត្រូវបិទទ្វារ។នាយករដ្ឋមន្ត្រី Han Duk-soo បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងក្នុងការជម្លៀសអ្នកស្រុកនៅក្នុងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ ដោយលោកនិយាយថាខ្យល់ព្យុះ Hinnamnor អាចជា “ព្យុះទីហ្វុងដ៏ខ្លាំងជាប្រវត្តិសាស្ត្រដែលយើងមិនធ្លាប់ជួបប្រទះពីមុនមក” ។
ប្រទេសកូរ៉េខាងជើងនៅជិតខាងក៏បានត្រៀមបង្កាគ្រោះមហន្តរាយពីព្យុះទីហ្វុងនេះដែរ ដោយមេដឹកនាំ
គីម ជុងអ៊ុន បានបើកកិច្ចប្រជុំរយៈពេលពីរថ្ងៃស្តីពីការងារបង្ការគ្រោះមហន្តរាយ និងបង្ហូរទឹកពីទំនប់នៅជិតព្រំដែនជាមួយកូរ៉េខាងត្បូង។
កូរ៉េខាងត្បូងបានស្នើសុំម្តងហើយម្តងទៀតឱ្យកូរ៉េខាងជើងជូនដំណឹងជាមុន ពេលបង្ហូរទឹកចេញពីទំនប់ព្រោះវាអាចបណ្តាលឱ្យមានទឹកជំនន់នៅខាងភាគក្រោមក្នុងទឹកដីកូរ៉េខាងត្បូង ប៉ុន្តែទីក្រុងព្យុងយ៉ាងនៅតែមិនឆ្លើយតប។
Source: C N A, 6 September 2022