MC ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia សហការជាមួយវិទ្យុស្រ្តី បានបង្កើតយុទ្ធនាការ តស់! សន្សំ រយៈពេល១ខែ ក្រោមពាក្យស្លោក សន្សំនៅផ្ទះឈ្នះរង្វាន់។ សមាជិកសន្សំដែលបានសន្សំប្រាក់ទៀងទាត់រាល់ថ្ងៃ ពេញមួយខែ មានឱកាសទទួលបានរង្វាន់លើកទឹកចិត្តពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia។ ក្នុងរយៈពេល១ខែនេះ មានអ្នកទទួលបានរង្វាន់គូប៉ុងញ៉ាំ២៤ ទឹកប្រាក់២០ដុល្លារចំនួន ៨រង្វាន់ និងរហូតថ្ងៃទី០២ ខែកញ្ញានេះ យុទ្ធនាការបានរកឃើញអ្នកឈ្នះចិញ្ចៀនមាស១ជី ចំនួន១រង្វាន់បន្ថែមទៀត។ លោក រស់ គង់ រាយការណ៍បន្ត ៖
Narrator ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានចាប់ដៃគូជាមួយវិទ្យុស្ត្រី នៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា បង្កើតនូវយុទ្ធនាការ តស់! សន្សំ…ដែលមានរយៈពេល១ខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២។ ក្នុងយុទ្ធនាការនេះ មានអ្នកចុះឈ្មោះចូលរួមសន្សំ ៨៤រូប ជាសាធារណជន មកពីភ្នំពេញ និងខេត្តមួយចំនួនផ្សេងទៀត។ សមាជិកសន្សំ ត្រូវដាក់ប្រាក់សន្សំក្នុងទៀងទាត់ប្រចាំថ្ងៃក្នុងកូនជ្រូក ឬមធ្យោបាយផ្សេងទៀត ដែលគ្រប់គ្រងដោយខ្លួនឯង។
លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុនធានារ៉ារប់អាយុជីវិត FWD Cambodia មានប្រសាសន៍ថា យុទ្ធនាកា តស់!សន្សំ បង្កើតឡើងដើម្បីលើកកម្ពស់ចំណេះដឹង និងទម្លាប់នៃការសន្សំបា្រក់ឱ្យបានទៀងទាត់ ៖
(ការសន្សំគឺជាមូលដ្ឋានដែលចាំបាច់ ដែលល្អមែនទែន ទើបយើងសហការជាមួយវិទ្យុស្រ្តីរៀបចំកម្មវិធីនេះឡើង។ ទី២ យើងតែងតែបានឮពាក្យចាស់បុរាណ «តក់ៗពេញបំពង់» ពាក្យហ្នឹងបើត្រលប់មកវិញ គឺធ្វើអ្វីមួយជាប្រចាំ ទម្លាប់ធ្វើជាប្រចាំ មិនថាការអានសៀវភៅ ការសន្សំលុយ ឬធ្វើអ្វីផ្សេងទៀតទេ ខ្ញុំចាត់ទុកថា យុទ្ធនាការតស់!សន្សំ រយៈពេល៣១ថ្ងៃ គឺជាការដាស់អារម្មណ៍ ថា អ្វីដែលយើងធ្វើជាប្រចាំ វានឹងបានលទ្ធផលល្អមែន)
ការបង្កើតយុទ្ធនាការ តស់! សន្សំ ក្រុមហ៊ុន FWD Cambodia មិនទទួលបានផលប្រយោជន៍ណាមួយពីសមាជិកសន្សំនោះទេ ប៉ុន្តែបានផ្ដល់រង្វាន់លើកទឹកចិត្តចំពោះសមាជិកដែលបានសន្សំទៀងទាត់ប្រចាំថ្ងៃក្នុងរយៈពេល ១ខែ នូវគូប៉ុងញ៉ាំ២៤ ក្នុងទឹកប្រាក់ ២០ដុល្លារ ចំនួន៨រង្វាន់ និងចិញ្ចៀនមាស ១ជី ចំនួន១រង្វាន់។ លោក ផាន់ សីហា នៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានសំណាងទទួលបានរង្វាន់គូប៉ុងញ៉ាំ២៤-២០ដុល្លារ និងចិញ្ចៀនមាស១ជី មានប្រសាសន៍ថា ៖
(មានអារម្មណ៍រំភើប អត់នឹកស្មានដល់ទាល់តែសោះ ព្រោះអី ចាប់គូប៉ុងហ្នឹងត្រូវ ២០ដុល្លារម្ដង ហើយចាប់រង្វាន់ត្រូវចិញ្ចៀនមាស១ជីទៀត…តាមមើលការចាប់រង្វាន់ មិននឹកស្មានថា ត្រូវខ្លួនឯងម្ដងទៀត។)
អ្នកស្រី ចម្រើន ជាសមាជិកសន្សំ លើកឡើងថា ទោះបីមិនទទួលបានរង្វាន់ពីកម្មវិធី ប៉ុន្តែយុទ្ធនាការ តស់! សន្សំ បានបង្កើតទម្លាប់ល្អសម្រាប់គាត់ ហើយអាចប្រើប្រាស់លុយដែលសន្សំបានដោះស្រាយបញ្ហាចាំបាច់ក្នុងគ្រួសារនៅថ្ងៃណាមួយ។
(កម្មវិធីតស់! សន្សំមានចំណុចល្អ ដូចជាឱ្យយើងចេះសន្សំ ចេះបែងចែកប្រាក់ទុកសន្សំ និងការចំណាយប្រចាំថ្ងៃ និងបង្កើតចំណេះដឹងដល់យើងក្នុងការសន្សំប្រាក់)
លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត FWD Cambodia លើកឡើងថា យុវជនក៏ជាគោលដៅសំខានដែរ ដែលត្រូវលើកកម្ពស់ចំណេះដឹងសន្សំប្រាក់ដើម្បីសម្រេចគោលដៅអនាគត់របស់ពួកគេ។
(ពេលនេះមានការចូលរួមទាំងប្រុសទាំងស្រី និងទូទាំងតំបន់ ខេត្តក្រុងផងដែរ តទៅមុខទៀតយើងនឹងធ្វើយ៉ាងម៉េចដើម្បីឱ្យមានការចូលរួមពីយុវជន ខ្ញុំជឿថាយុវជនឥឡូវ ប្រហែលជាចង់បង្កើតអាជីវកម្មច្រើន សហគ្រិនភាពច្រើន ដូច្នេះគាត់ត្រូវការដើមទុន)
លោក ចាន់ រដ្ឋា បន្តថា យុទ្ធនាការនេះ ដែលមានការចូលរួមច្រើនពីបុរសផងនោះ គឺជាការឆ្លុះបញ្ចាំងកិច្ចសហការក្នុងគ្រួសារ ដែលបុរសបានចូលរួមសន្សំសំចៃ និងចូលរួមសន្សំប្រាក់ ជាចំណែកសំខាន់ជួយស្រ្តីជាភរិយា និងការគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារឱ្យបានល្អ។ ដូច្នេះក្រុមហ៊ុននឹងបង្កើតយុទ្ធនាការ តស់! សន្ស រដូវកាលទី២ ដែលនឹងចាប់ផ្ដើមនៅដើមខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះបន្តទៀត។