en     km
en     km

យុវជនវិទ្យាល័យទួលក្បិលសហការគ្នារៀបចំសណ្តាប់ធ្នាប់ក្នុងបរិវេណសាលារៀន

Share

កំពង់ធំ៖​ យុវជននៃវិទ្យាល័យទួលក្បិលស្ថិតក្នុងភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានសហការគ្នារៀបចំសណ្តាប់ធ្នាប់ក្នុងបរិវេណវិទ្យាល័យទួលក្បិល ដើម្បីឱ្យមានរបៀបរៀបរយនិងបង្កើនសោភ័ណភាពក្នុងសាលារៀន។

តួយ៉ាង កាលពីពាក់កណ្តាលខែសីហាឆ្នាំ២០២២ ក្រុមយុវជនបានសហការគ្នាវាស់ព្រំបោះបង្គោលចងខ្សែកំណត់ទីតាំងចតម៉ូតូ និងកង់ របស់សិស្សានុសិស្សឱ្យមានរបៀបរៀបរយឡើងវិញ។

យុវជនបានបោះព្រំរៀបចំកន្លែងចតកង់ និងម៉ូតូ ព្រមទាំងឡើងកាត់មែកឈើដែលពុកៗចេញខ្លះ។

 

ការរៀបចំបែបនេះ បន្ទាប់ពីសិស្សមួយចំនួនហាក់មិនបានអើពើនឹងការចតយានជម្នះឱ្យមានរបៀបរៀបរាយនោះទេ។

ក្រុមយុវជនវិទ្យាលល័យទួលក្បិលបានបោះព្រំខណ្ឌដោយឡែកៗដោយមានកន្លែងសម្រាប់ចតម៉ូតូនិងកង់ផ្សេងគ្នា ហើយយានជម្នះមានការតម្រាបជាជួររៀបរាយល្អ។

កន្លែងផ្ញើកង់ ម៉ូតូមានរបៀបរៀបរយឡើងវិញ បន្ទាប់ពីក្រុមយុវជនបានកំណត់ព្រំត្រឹមត្រូវ។

 

ក្រៅពីសកម្មភាពនេះ យុវជនសិស្សថ្នាក់ទី១២ ដែលមានយុវជនឈ្មោះ យឿន ស៊ីឌី ជាអ្នកដឹកនាំបានជួយណែនាំពីវិន័យទៅកាន់សិស្សានុសិស្សពេលគោរពទង់ជាតិពេលព្រឹកផងដែរ។

ជាងនេះក្រុមយុវជនក៏បានសហការគ្នាសំអាតទីធ្លាសាលានិងកាត់មែកឈើពុកៗចេញខ្លះ ជៀសវាងបាក់បណ្តាលឱ្យគ្រោះថ្នាក់សិស្សៗ។

សិស្សនាំគ្នាកាត់មែកឈើដើមច័ន្ទគីរីចេញខ្លះ ជៀសវាងបាក់ធ្លាក់នាំឱ្យមានគ្រោះថ្នាក់ដល់សិស្ស។

 

តាមប្រសាសន៍លោក ហ៊ី រដ្ឋធានី គ្រូបង្រៀននិងជាអ្នកគ្រប់គ្រងផ្នែកយុវជននៃវិទ្យាល័យទួលក្បិលធ្លាប់ប្រាប់ថា គំនិតផ្តួចផ្តើមនានាដែលលោកបំផុសឱ្យយុវជនអនុវត្តនេះ គឺចង់ឱ្យយុវជនចេះស្រលាញ់ ចេះថែរក្សាសម្បត្តិទ្រព្យក្នុងសាលារៀន។មួយវិញទៀត ការបណ្តុះស្មារតីឱ្យយុវជនសកម្មក្នុងការងាររបស់សាលា គឺជាផ្នែកមួយជួយពង្រឹងបំណិនជីវិតរបស់ពួកគេកាន់តែល្អប្រសើរនាពេលអនាគតផងដែរ។

លោក រដ្ឋធានី សូមអំពាវនាវដល់សិស្សានុសិស្សទាំងអស់ត្រូវមានស្មារតីចេះស្រលាញ់ ចេះថែរក្សា ការពារសម្បតិ្តទ្រព្យរបស់សាលាឱ្យបានគង់វង្ស ដើម្បីទុកសម្រាប់មនុស្សជំនាន់ក្រោយ៕

អត្ថបទខ្លីនេះសរសេរដោយ ស៊ឹម ឡៃហ័ង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្ថិតក្នុងគម្រោងសំឡេងយុវជនមានសារៈសំខាន់ គាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie។

Share

ព័ត៌មានទាក់ទង

Image