en     km
en     km

កីឡាការិនីហែលទឹកកម្ពុជាដណ្ដើមបានមេដាយមាសលើកដំបូងលើឆាកអន្តរជាតិ

Share

ភ្នំពេញ៖ កីឡាការិនីជម្រើសជាតិកម្ពុជា កាំង មុយនីន កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ បានបំបែកកំណត់ត្រាថ្មីមួយសម្រាប់កម្ពុជា បន្ទាប់ពីកីឡាការិនីរូបនេះបានយកឈ្នះការប្រកួតលើប្រភេទកីឡាហែលទឹកពាក់ជើងទា ក្នុងព្រឹត្តិការណ៍ Finswimming’s World Cup Round Swimming Pool 2022 ជាមួយបណ្ដាប្រទេសចំនួន១៦មកពីជុំវិញពិភពលោក។
ជ័យជំនះនៃការប្រកួតដ៏ស្វិតស្វាញជាមួយកីឡាការនីចម្រុះជាតិសាសន៍នៅក្នុងអាងហែលទឹកដ៏ធំក្នុងខេត្តភូកេតប្រទេសថៃនេះ បានធ្វើឱ្យកីឡាការិនីកាំង មុយនីន ក្លាយជាស្ត្រីខ្មែរដែលដណ្ដើមបានមេដាយមាសកម្រិតអន្តរជាតិដំបូងគេ ខណៈមកទល់ពេលនេះមិនធ្លាប់មានអត្តពលិកកីឡាហែលទឹកកម្ពុជារូបណាធ្វើបាននៅឡើយចាប់តាំងពីឆ្នាំ១៩៩៥មក។
លទ្ធផលនេះធ្វើឱ្យកម្ពុជាក្លាយជាប្រទេសរកបានមេដាយមាសច្រើនលំដាប់ទី៥ផងដែរ ខណៈថៃជាម្ចាស់ផ្ទះឈរនៅលំដាប់ទី៣ បន្ទាប់ពីប្រទេសវៀតណាមដែលឈរនៅលំដាប់ទី១ និងឥណ្ឌូនេស៊ីឈរនៅលំដាប់ទី២។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡា Finswimming’s World Cup Round Swimming Pool 2022 ត្រូវបានរៀបចំដោយសមាគមកីឡាក្រោមទឹកប្រទេសថៃ។ ក្នុងរយៈពេល៣ថ្ងៃនៃការប្រកួតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា កាំង មុយ នីន ទទួលបានមេដាយសរុបចំនួន០៤គ្រឿង។ ក្នុងនោះមេដាយមាសចំនួន០៣គ្រឿងប្រកួតលើប្រភេទវិញ្ញាសាហែលទឹកពាក់ជើងទាចម្ងាយ 200m, ចម្ងាយ100m និងចម្ងាយ 400m។ ដោយឡែកមេដាយសំរឹទ្ធ ០១គ្រឿង ប្រកួតលើប្រភេទវិញ្ញាសាហែលទឹកពាក់ជើងទាចម្ងាយ 50m៕

Share

ព័ត៌មានទាក់ទង

Image