បាត់ដំបង៖ យុវជនខេត្តបាត់ដំបងចំនួន ១៥អង្គ នាក់ក្នុងនោះស្រីចំនួន ៩នាក់ បានចូលរួមកម្មវិធីបោះជំរុំប្រព័ន្ធផ្សព្វផ្សាយ(Bar Camp)កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ដែលរៀបចំឡើងដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) សហការជាមួយ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) និងក្រុមសមាគមយុវជនខ្មែរ (KYA)។
កម្មវិធីនេះដែលប្រព្រឹត្តិទៅនៅក្នុងអាហារដ្ឋាន ជ.ឃ ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបងនេះ មានគោលបំណង ផ្តល់ឱកាស និងចែករំលែកឲ្យដល់ប្រជាពលរដ្ឋ សិស្ស និស្សិត ជាពិសេសយុវជនយល់ដឹងពីសារៈសំខាន់នៃការទទួលបានព័ត៌មាន សុវត្ថិភាពក្នុងការបញ្ចេញមតិ ព្រមទាំងការទទួលបានព័ត៌មាន និងរបៀបថតរូបអោយបានស្អាតជាដើម។
កម្មវិធីនេះទៀតសោត អ្នកចូលរួមនឹងទទួលបានចំណេះដឹងថ្មីៗតាមរយៈការចែករំលែករបស់វាគ្មិនស្តីពីវិជ្ជាជីវៈព័ត៌មាន បទពិសោធន៍របស់អ្នកព័ត៌មានជាស្រ្តី និងជជែកពិភាក្សាពីគន្លឹះស្វែងរកអាហារូបករណ៍ទាំងក្នុងនិងក្រៅប្រទេស។
មួយវិញទៀត អ្នកចូលរួមក៏បានទទួលចំណេះដឹងថ្មីស្តីពីរបៀបក្នុងការផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយ យល់ដឹងបន្ថែមពីគន្លឹះស្វែងរកប្រធានបទសរសេរព័ត៌មាននិងរបៀបថតរូបថតវីដេអូជាដើម។
អ្វីសំខាន់មួយទៀតនោះ គឺធ្វើឱ្យយុវជនកាន់តែមានទំនាក់ទំនងស្និតស្នាលជាមួយវាគ្មិនជំនាញ ដើម្បីពិភាក្សា និងរៀនសូត្របន្ថែមលើការធ្វើយ៉ាងណាដើម្បីអោយមានសុវត្ថិភាពក្នុងការបញ្ចេញមតិ។
យុវជនដែលបានចូលរួមបានថ្លែងក្រោយពេលចប់កម្មវិធីថា ពួកគេសប្បាយរីករាយដែលបានចូលរួមក្នុងកម្មវិធីបោះជំរុំប្រព័ន្ធផ្សព្វផ្សាយ(Bar Camp)នេះ ព្រោះកម្មវិធីនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពួកគេ។ យុវជនទាំងនោះបន្ថែមថា ចំណេះដឹងក្នុងកម្មវិធីនេះ អាចធ្វើឱ្យគេមានមូលដ្ឋានក្នុងការគិតពិចារណាកាន់តែប្រសើរជាងមុនក្នុងការស្វែងរកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ថែមទាំងបានយល់ដឹងពីព័ត៌មានពិតនិងក្លែងក្លាយ ជាមួយការថតរូបកាន់តែល្អជាងមុន។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះស្ថិតនៅក្រោមគម្រោងសំឡេងយុវជនមានសារៈសំខាន់ ដែលទទួលបានការគាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) និង មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) សហការរៀបចំជាមួយសមាគមយុវជនខ្មែរ(KYA) និងក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)៕
អត្ថបទខ្លីនេះសរសេរដោយ មាំង ចាន់ឌឿន ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្ថិតក្នុងគម្រោងសំឡេងយុវជនមានសារៈសំខាន់ គាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie។
ខាងក្រោមជាកម្រងរូបភាពនៃកម្មវិធីបោះជំរុំប្រព័ន្ធផ្សព្វផ្សាយ(Bar Camp)៖