en     km
en     km

កម្ពុជានឹងយកឱកាសបុណ្យសមុទ្រផ្សព្វផ្សាយទេសចរណ៍ឆ្នេរទៅកាន់ក្លឹបឆ្នេរសមុទ្រពិភពលោក

Share

ភ្នំពេញ៖ ក្នុងឱកាសបុណ្យសមុទ្រនាខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថា កម្ពុជានឹងផ្សព្វផ្សាយទេសចរណ៍តាមឆ្នេររបស់ខ្លួនទៅកាន់ក្លឹបឆ្នេរសមុទ្រដែលស្អាតជាងកេលើពិភពលោក ខណៈកម្ពុជាជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រនៅឆ្នាំនេះ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

(ព្រះសីហនុ)៖ នៅអំឡុងថ្ងៃទី៩-១១ខែធ្នូ ឆ្នាំ២០២២ ខាងមុខ កម្ពុជានឹងរៀបចំកម្មវិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ។ ឆ្លៀតឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោកផង នាថ្ងៃ៩-១៤ ខែធ្នូដែរនោះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានទម្លាយឱ្យដឹងថា កម្ពុជានឹងផ្សព្វផ្សាយទេសចរណ៍តាមឆ្នេររបស់ខ្លួន ទៅកាន់សមាជិកក្លឹបឆ្នេរសមុទ្រផងដែរ។


តាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ថា មហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោក នឹងរៀបចំឡើង ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»។ រដ្ឋមន្ដ្រីក្រសួង លោក ថោង ខុន បានលើកឡើងនៅក្នុងកិច្ចប្រជុំនាថ្ងៃទី៣ ខែ កញ្ញា កន្លងទៅថា «ការដែលក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកសម្រេចមករៀបចំមហាសន្និបាតរបស់ខ្លួននេះ គឺមិនមែនជារឿងចៃដន្យនោះឡើយ ព្រោះគេបានមើលឃើញការអភិវឌ្ឍឆ្នេរសមុទ្ររបស់កម្ពុជា គឺមានការទទួលខុសត្រូវខ្ពស់»។


លោកក៏បានជំរុញឱ្យ រដ្ឋបាលខេត្តព្រះសីហនុត្រូវមានស្ដង់មួយសម្រាប់បង្ហាញស្នាដៃរបស់ខ្លួន ពិសេសពាក់ព័ន្ធនឹងការអភិវឌ្ឍឆ្នេរសមុទ្រដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម ទៅកាន់ប្រជាជន ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាគណៈប្រតិភូអន្តរជាតិដែលនឹងចូលរួមកម្សាន្តក្នុងពិធីបុណ្យសមុទ្រនោះ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជាអ្នកទទួលរៀបចំមានស្ដង់ពិព័រណ៍បង្ហាញអំពីការអភិវឌ្ឍឆ្នេរសមុទ្រ កោះ ទីក្រុងព្រះសីហនុ និងគោលដៅដែលមានសក្ដានុពលផ្សេងទៀតនៅក្នុងខេត្តព្រះសីហនុ។


ចំណែកគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ហៅកាត់ គ.អ.ឆ.ក បានឱ្យដឹងថា ដោយកម្ពុជាមានការប្តេជ្ញាចិត្តច្បាស់លាស់ និងម៉ឹងម៉ាត់ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ និងឆ្នេរសមុទ្រ ទើបមហាសន្និបាតក្លិបឆ្នេរលើកទី១៥ ឆ្នាំ២០១៩ នៅឆ្នេរតូយ៉ាម៉ា ប្រទេសជប៉ុន បានសម្រេចបោះឆ្នោតជាឯកច្ឆន្ទយកកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត។

សូមជម្រាបថា សមាជិកក្លឹបឆ្នេរសមុទ្រស្អាតមានសមាជិកសរុប២៦ ប្រទេសក្នុងនោះកម្ពុជា ក៏ជាសមាជិកម្នាក់ដែរ ដែលចូលកាលពីឆ្នាំ២០១១។ មហាសន្និបាតក្លឹបឆ្នេរដែលស្អាតជាងគេលើសកលលោក ត្រូវបានខកខានរៀបចំដោយផ្ទាល់រយៈពេល២ឆ្នាំហើយ ដោយសារកូវីដ១៩។ បើតាមផែនការដែលបានគ្រោងទុកនៅឆ្នាំ២០២០ រៀបចំនៅប្រទេសអ៊ីស្រាអែល និងឆ្នាំ២០២១ រៀបចំនៅប្រទេស អង់ហ្គោឡា៕

#ឆ្នេរដែលស្អាតជាងគេលើសកលលោក #បុណ្យសមុទ្រ

Share

ព័ត៌មានទាក់ទង

Image