កំពង់ធំ៖ ក្នុងរដូវប្រមូលផលស្រូវឆ្នាំ២០២២នេះ ប្រជាកសិករក្នុងភូមិកំពង់ស្វាយ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មួយចំនួនបានលើកឡើងដោយត្អូញត្អែរពីតម្លៃស្រូវចុះថោក ដែលជាហេតុនាំឱ្យការប្រកបរបបធ្វើស្រែប្រឈមនឹងការខាតបង់ ពោលគឺមិនបានចំណាយ ខាតពេលនិងកម្លាំងពលកម្ម។
លោក សុខ ម៉ៅ ប្រជាកសិករក្នុងភូមិកំពង់ស្វាយ ដែលកំពង់ច្រកស្រូវដាក់ក្នុងការុងលើកឡើងថា តម្លៃស្រូវនៅខែប្រមូលផលលើកនេះ មានតម្លៃថោកជាងរាល់ឆ្នាំ ពោលគឺតម្លៃតែ ៧១០រៀលតែប៉ុណ្ណោះ។
កសិកររូបនេះបន្ថែមថា ឆ្នាំនេះតម្លៃប្រេងសាំងក៏ហាក់ឡើងខ្ពស់ ខណៈកសិករត្រូវប្រើម៉ាស៊ីនបូមទឹកនិងគ្រឿងម៉ាស៊ីនផ្សេងៗដែលត្រូវចំណាយថ្លៃប្រតិបត្តិការច្រើន។ ទន្ទឹមគ្នានេះដែរ លោក ម៉ៅ បន្ថែមទៀតថា ថ្លៃជីដាក់ស្រូវនិងថ្នាំបំប៉នដើមស្រូវក៏បានឡើងថ្លៃ ដែលជាមូលហេតុនាំឱ្យការធ្វើស្រែឆ្នាំនេះជួបឧបសគ្គច្រើន ពិសេសអាចប្រឈមនឹងការខាតបង់ថវិកា ឬខាតបង់ពេលវេលា និងកម្លាំងពលកម្មឥតប្រយោជន៍។
ចំណែកកសិករផ្សេងទៀតដែលរស់នៅភូមិឃុំខាងលើ បានត្អូញត្អែរស្រដៀងគ្នាថា បើសិនជាតម្លៃស្រូវមិនល្អប្រសើរ ហើយតម្លៃជីនិងប្រេងសាំងនៅតែបន្តឡើងថ្លៃ ពួកគេអាចបោះបង់ចោលរបរធ្វើស្រែហើយទៅរកការងារធ្វើនៅភ្នំពេញនិងប្រទេសជិតខាង។ ការសម្រេចចិត្តបែបនេះ ព្រោះថាដើម្បីរកប្រាក់សង់ធនាគារ បើពុំដូច្នោះទេ ខាងធនាគារអាចរឹបអូសដីស្រែផ្ទះ សម្បែង បើសិនគ្មានបង់ប្រាក់សងទៅធនាគារវិញ។
កសិករទាំងនោះ សូមអំពាវនាវដល់ថ្នាក់ដឹកនាំឱ្យជួយគិតគូរជួយរកកិច្ចអន្តរាគមន៍សម្រួលធានាតម្លៃស្រូវឱ្យមានតម្លៃល្អ ដើម្បីឱ្យកសិករអាចប្រកបការងារដាំដុះប្រកបដោយទំនុកចិត្ត៕
អត្ថបទខ្លីនេះសរសេរដោយ មួនឆាយណា ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្ថិតក្នុងគម្រោងសំឡេងយុវជនមានសារៈសំខាន់ គាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie។