en     km
en     km

អតីត​ប្រធានាធិបតី​ស្រីលង្កា Gotabaya Rajapaksa នឹង​វិល​ត្រឡប់​ចូល​ប្រទេស​វិញ

Share

​យោងតាម C N A អតីតប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa ដែលបាននិរទេសខ្លួនដោយបង្ខំខ្លួនឯងនៅប្រទេសថៃ នឹងវិលត្រឡប់ចូលក្នុងប្រទេសវិញនៅថ្ងៃសៅរ៍ ថ្ងៃទី 3 ខែកញ្ញា។ នេះបើតាមមន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់បានប្រាប់សារព័ត៌មានAFP ។

មន្ត្រី​ការពារ​ជាតិ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ AFP នៅ​ថ្ងៃ​សុក្រ​ថា​៖ «លោក Rajapaksa ​បាន​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ប្រទេសថៃ​ក្នុង​នាម​ជា​អ្នក​ទោស​ក្លែងក្លាយ ហើយ​ចង់​ត្រឡប់​ទៅស្រុក​វិញ»។ «លោក​ត្រូវ​បាន​គេ​ប្រាប់​ថា​​នឹង​ត្រឡប់​ទៅស្រីលង្កា​វិញ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍»។មន្រ្តីការពារជាតិជាន់ខ្ពស់បានបន្ថែមទៀតថា”យើងទើបតែបង្កើតក្រុមសន្តិសុខថ្មីមួយដើម្បីការពារគាត់ នៅពេលគាត់ត្រឡប់មកវិញនៅថ្ងៃសៅរ៍។ អង្គភាពការពារសុវត្ថិភាពលោក Rajapaksa នេះមានការចូលរួមពីកងទ័ព និងប៉ូលីស។”

រដ្ឋធម្មនុញ្ញប្រទេសស្រីលង្កា បានចែងពីការធានានូវអង្គរក្សការពារ យានជំនិះ និងលំនៅដ្ឋានសម្រាប់អតីតប្រធានាធិបតី។លោកRajapaksa បានធ្វើដំណើរទៅប្រទេសថៃ បន្ទាប់ពីសិង្ហបុរីបានបដិសេធមិនបន្តទិដ្ឋាការរយៈពេល 28 ថ្ងៃជូនលោក ប៉ុន្តែអាជ្ញាធរសន្តិសុខនៅទីក្រុងបាងកកបានប្រាប់លោកមិនឱ្យចាកចេញពីសណ្ឋាគារដែលលោកស្នាក់នៅនោះទេ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក។

 

មន្ត្រីរូបនេះបាននិយាយថា អតីតប្រធានាធិបតីមានទិដ្ឋាការរយៈពេល 90 ថ្ងៃ ដើម្បីស្នាក់នៅក្នុងប្រទេសថៃ ប៉ុន្តែបានជ្រើសរើសយកការត្រឡប់ទៅស្រីលង្កាវិញមុនកាលកំណត់ជាមួយនឹងភរិយា អង្គរក្ស និងជំនួយការរបស់លោកម្នាក់ទៀត។

ប្អូនប្រុសពៅរបស់ Rajapaksa គឺលោក Basil អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ បានជួបជាមួយប្រធានាធិបតី ស្រីលង្កាបច្ចុប្បន្នគឺលោកRanil Wickremesinghe កាលពីខែមុន ហើយបានស្នើសុំការការពារបងប្រុសរបស់លោកពេលត្រឡប់ចូលប្រទេសវិញ។គណបក្សស្រីលង្កា Podujana Peramuna (SLPP)បានចេញសេចក្តីថ្លែងការណ៍ថា “Basil Rajapaksa ជាប្អូនប្រុសលោក Rajapaksa បានស្នើសុំប្រធានាធិបតីបច្ចុប្បន្នរៀបចំឱ្យអតីតប្រធានាធិបតី Rajapaksa បានវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព” ។ ប្រទេស​ស្រីលង្កាបានប្រឈមនឹងការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ ខ្វះអគ្គិសនី និងអតិផរណាធ្ងន់ធ្ងរ បន្ទាប់ពីអស់រូបិយបណ្ណបរទេសដើម្បីធានាការនាំចូលទំនិញចាំបាច់សំខាន់ៗមួយចំនួន។

Rajapaksa អាយុ 73 ឆ្នាំបានភៀសខ្លួនចេញពីស្រីលង្កាក្រោមការជួយជ្រោមជ្រែងពីយោធាកាលពីខែ

កក្កដា បន្ទាប់ពីហ្វូងមនុស្សយ៉ាងច្រើនបានសម្រុកចូលលំនៅដ្ឋានរបស់លោក បន្ទាប់ពីមានការតវ៉ាជាសាធារណៈអស់ជាច្រើនខែដែលស្តីបន្ទោសលោកចំពោះវិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមកនៅប្រទេសនេះ។លោក​បាន​ចេញ​លិខិត​លាលែង​ពី​សិង្ហ​បុរី មុន​នឹង​ឡើង​យន្តហោះ​​ទៅ​ទីក្រុង​បាងកក ជា​ទី​ដែល​លោក​បាន​ផ្ញើលិខិត​ទៅ​កាន់​អ្នក​បន្ត​តំណែង​ពី​លោក ដើម្បី​សម្រួល​ការ​វិល​ត្រឡប់​ចូលប្រទេស​វិញ។

ប្រភព៖ C N A, ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២

Share

ព័ត៌មានទាក់ទង

Image