សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានបញ្ជាក់ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០១ ខែកញ្ញានេះថា អាជ្ញាធរដាក់កំហិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ ធ្វើយ៉ាងណាជម្លៀសពលរដ្ឋចេញពីតំបន់ភ្នំគូលេនឲ្យអស់ ។នេះបើតាមការឱ្យដឹងពីលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប។
លោកបន្ថែមអាជ្ញាធរបានរៀបចំនិងប្រើប្រាស់យានជំនិះដឹកជញ្ជូនអ្នកទាំងនោះដល់ទីលំនៅដើមតែម្តងនិងផ្តល់ជាស្បៀងអាហារសម្រាប់ផ្គត់ផ្គង់។
លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាបបានប្រាប់វិទ្យុស្រ្តីបន្ថែមថា ប្រជាជនហាក់អស់ជំនឿលើការឃោសនារបស់លោក ខឹម វាសនា ដែលអះអាងថានឹងមានទឹកជំនន់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ តែមកទល់ថ្ងៃទី០១ខែកញ្ញានេះពុំមានអ្វីកើតឡើងនោះទេ។
លោកបន្តថា បម្រាបរបស់អាជ្ញាធរមានការព្រមព្រៀងគ្នាត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២៤៖០០នាទីយប់ ប៉ុន្តែដោយមានការចរចារសុំពន្យាពេលទើបបន្តរហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២វិញ។
យោងតាមលិខិតរបស់អាជ្ញាធរខេត្តសៀមរាបចេញកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២កន្លងទៅ បានឲ្យដឹងថា តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំនួន ៦រូប បានចេញមកសារភាពពីការកៀរគរប្រមូលផ្តុំប្រជាពលរដ្ឋ ដោយពុំមានច្បាប់អនុញ្ញាតក្នុងនោះរួមមាន៖ ឈ្មោះ នី ចាន់ពិនិត្យ ឈ្មោះ ចិន ថុន ឈ្មោះ ឆឹយ ប៊ុនធឿន ឈ្មោះ ទូច ពុទ្ធសូរីដា សួង គន្ធា និងឈ្មោះ សំ សីម៉ា ។
ក្នុងកិច្ចសន្យានោះ ពួកគេប្រកាសបញ្ឈប់ការសាងសង់ជម្រក និងរោងខុសច្បាប់ផ្សេងៗសម្រាប់ឱ្យប្រជាពលរដ្ឋទាំងនោះបន្តរស់នៅតទៅទៀតហើយ។
ជាងនេះពួកគេសន្យាថានឹងប្រកាសផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋដែលស្នាក់នៅខុសច្បាប់ ក្នុងដីចម្ការទាំងពីរទីតាំងចាកចេញត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនក្នុងរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ត្រឹមវេលាម៉ោង ១៧៖៣០នាទីជាកំហិត។
បើតាមលិខិតនោះ ករណីជនណាម្នាក់រឹងរុះមិនព្រមអនុវត្តតាមការសំណូមពរឱ្យចាកចេញតាមកាលបរិច្ឆេទដូចបានកំណត់ គឺសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ ឬមានចំណាត់ការផ្លូវច្បាប់។
ជាងនេះស្នើឱ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់ ចំពោះការបង្កបទល្មើសណាមួយក្នុងដីចម្ការខាងលើនេះ។
សូមបញ្ចាក់ថា នៅប៉ុន្មានថ្ងៃនេះមានមនុស្សជាង ២ ម៉ឺននាក់បានធ្វើដំណើរទៅប្រមូលផ្តុំក្នុងភូមិសាស្រ្តភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន តាមការអំពាវនាវរបស់លោក ខឹម វាសនា ដែលលោកបានធ្វើវិបស្សនាតាមបែបពុទ្ធសាសនាប្រមើលឃើញថា នៅត្រឹមថ្ងៃទី៣០ ខែសីហាឆ្នាំ២០២២ នឹងមានទឹកជំនន់លិចពិភពលោក ហើយមានតែតំបន់សៀមរាបទេដែលអាចស្រោចស្រង់ជីវិតបាន៕