ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវបង្ក្រាបបានជនខិលខូចដែលតែងឆបោកប្រាក់ប្រជាពលរដ្ឋតាមបណ្តាញសង្គមហ្វេសប៊ុកចំនួនពីរនាក់ ម្នាក់ឈ្មោះ ឆូវ ម៉ាសែល(N’ CHO MARCEL) ភេទប្រុស ជនជាតិ កូដូវ័រ និងទី២ ឈ្មោះ ដូង ធារី ភេទស្រី ជនជាតិខ្មែរ។ នេះបើតាមទំព័រហ្វេសប៊ុកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃចេញផ្សាយនៅថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២២នេះ។
បើតាមប្រភពសមត្ថកិច្ច ជនទាំងពីរនាក់នេះ ម្នាក់ប្រើគណនីហ្វេសប៊ុកឈ្មោះ PARIMAL សន្ទនាជាមួយជនរងគ្រោះដោយនិយាយថា ខ្លួនជាប់នៅប្រទេសអ៊ុយក្រែន ហើយត្រូវការផ្ញើប្រាក់មកទុកនៅស្រុកខ្មែរ ដើម្បីរកមនុស្សចិត្តល្អជួយរក្សាទុកឲ្យ។ បន្ទាប់មកឈ្មោះ PARIMAL ដដែលធ្វើជាជ្រើសរើសយកជនរងគ្រោះឈ្មោះ ឯក ពិសិដ្ឋ ភេទប្រុស រស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បន្ទាប់មកក៏មានស្រ្តីជនជាតិខ្មែរម្នាក់ អះអាងខ្លួនជាមន្រ្តីគយ ដែលបានឃាត់ប្រាក់ខាងលើ។ ស្ត្រីនោះប្រាប់ជនរងគ្រោះថា ទាល់តែបង់ប្រាក់ពិន័យចំនួន ១៧,៥០០ដុល្លារ តាមរយៈវីងទើបអាចទទួលបានកញ្ចប់ប្រាក់ខាងលើ។ ដោយចាញ់ល្បិចកលរបស់ក្រុមឆបោកខាងលើ ទើបជនរងគ្រោះបានផ្ញើប្រាក់ជាបន្តបន្ទាប់សរុប ៩,១២០ដុល្លារ។
បើតាមប្រភពសមត្ថកិច្ចបន្តថា ក្រោយជនរងគ្រោះទាក់ទងគណនីហ្វេកបុកឈ្មោះ PARIMAL លែងបាន។ តែមកដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២២ ស្រាប់តែឈ្មោះ PARIMAL បានទាក់ទងមកឲ្យជនរងគ្រោះផ្ញើប្រាក់បន្ថែម៥០០០ដុល្លារ ទៀតជាថ្នូរនៃការទទួលបានកញ្ចប់ប្រាក់នោះ តែជនរងគ្រោះបានរាយការណ៍មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីជួយអន្តរាគមន៍។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ ខណៈកំពុងចូលទៅដកប្រាក់នៅទីតាំងវីងមួយកន្លែងស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជុំវិញរឿងនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវប្រុងប្រយ័ត្នករណីឆបោកក្រោមរូបភាពផ្ញើលុយ ឬសម្ភារមានតម្លៃមកពីក្រៅប្រទេសនេះ៕