នាទីប្រវត្តិសាស្ដ្ររបស់វិទ្យុស្ដ្រីនៅថ្ងៃនេះ សូមលើកយកពីព្រឹត្តិការណ៍របស់អង្គអតីតព្រះមហាក្សត្រខ្មែរ គឺព្រះបាទនរោត្តម ដែលទ្រង់យាងពីភ្នំពេញ ទៅកាន់ខេត្តពោធិ៍សាត់ អមដោយរាជបរិពារ ដើម្បីបរបាញ់សត្វ និងប្រពាតព្រៃ។ ក្នុងនោះអ្នកនិពន្ធជនជាតិបារាំង ឈ្មោះថា ហ្សង់ មូរ៉ា បានអមដំណើរទៅជាមួយព្រះមហាក្សត្រខ្មែរដែរ ហើយចង់ក្រងរឿងរ៉ាងទាំងនោះជាភាសាបារាំង។ តែអត្ថបទការធ្វើដំណើរតាមផ្លូវដ៏វែងឆ្ងាយនេះ ត្រូវបានលោកស្រីបណ្ឌិត ភឿង សកុណា ប្រែសម្រួលមកជាខេមរភាសាវិញ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានដឹង និងទុកជាឯកសារស្រាវជ្រាវសម្រាប់ការសិក្សា រៀនសូត្រ ពីប្រវត្តិសាស្ដ្រកម្ពុជា។ សូមនាង កញ្ញា លោក លោកស្រី អញ្ចើញស្ដាប់ប្រវត្តិការធ្វើដំណើរប្រពាតព្រៃរបស់ព្រះមហាក្សត្រខ្មែរ ដែលលោក ឡាក់ ច័ន្ទតារា នឹងដកស្រង់ចេញពីសៀវភៅប្រែសម្រួលរបស់លោកស្រី ភឿង សកុណា ដូចតទៅ៖
លោកហ្សង់ មូរ៉ា មិនត្រឹមជាអ្នកនិពន្ធមួយរូបប៉ុណ្ណោះទេ នៅសម័យអាណានិគមលោកត្រូវបានតែងតាំងពីរដ្ឋការបារាំង ដើរតួនាទីជាទេសាភិបាលប្រចាំនៅកម្ពុជាជាប់អង្គព្រះមហាក្សត្រខ្មែរ នាឆ្នាំ១៨៦៨ផងដែរ។ រហូតនៅឆ្នាំ១៨៧៩ លោក ហ្សង់ បានប្រើប្រាស់ពេលវេលារបស់លោក កត់ត្រាគ្រប់ទិដ្ឋភាពនៃប្រវត្តិសាស្ដ្រ វប្បធម៌ ប្រពៃណី ទំនៀមទន្លាប់ របស់នគរខ្មែរនាសម័យអាណានិគម។ ប្រទេសខ្មែរនាសម័យនោះ ដឹងនាំដោយអតីត អង្គព្រះមហាក្សត្រ ព្រះបាទ នរោត្តម។ នាថ្ងៃទី១៧ កុម្ភៈ តែមិនបានបញ្ជាក់ឆ្នាំណានោះទេ នៅក្នុងសៀវភៅប្រែសម្រួលដោយលោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ថា ព្រះបាទនរោត្តមមានបំណងធ្វើដំណើរប្រពាតព្រៃ និងបរបាញ់សត្វនៅទឹកដីជាយដែនខ្មែរថៃ គឺខេត្តពោធិ៍សាត់ ហើយលោកហ្សង់ បានចូលរួមធ្វើជាសាក្សីក្នុងដំណើរដ៏ធំរបស់ព្រះហាក្សត្រដែរ។
បរិពារនៃអង្គព្រះមហាក្សត្រមាន ស្រីស្នំក្រមការ កងការពារ មន្ដ្រីរាជការតូចធំ នៃព្រះបរមរាជវាំង គង់លើដំរីចាកចេញពីព្រះបរមរាជវាំងភ្នំពេញដោយសំរឹបជើងធ្ងន់ៗនៃដំរី១៦ក្បាល តម្រៀបជាពីរជួរ ឈរតាមឋានៈបុណ្យសក្ដិនៃម្ចាស់ដំរីមួយនីមួយៗ។ ប្រជានុរាស្ដ្រ នឹងពួកអឺរ៉ុបរស់នៅរាជធានីនាំគ្នារត់ត្រៀបត្រាមកមើក្បួនដង្ហែព្រះមហាក្សត្រខ្មែរជាលើកដំបូងក្នុងជីវិតរបស់ពួកគេ។
ព្រះមហាក្សត្របានយាងទៅបោះពន្លានៅពាក់កណ្ដាលផ្លូវទៅឧត្តុង្គ។ លោក ហ្សង់ដែលធ្វើដំណើរទៅក្រោយព្រះរាជា១ថ្ងៃ បានទៅទាន់កន្លែងបោះពន្លាព្រះមហាក្សត្រ ហើយរៀបរាបប្រាប់តាមរយៈសៀវភៅថាគ្មានរុក្ខជាតិធំៗណាឱ្យយើងជ្រក់ម្លប់ស្រួលបួលនោះទេ។ រហូតម៉ោង៣រសៀល ទើបក្បួនព្រះមហាក្សត្របន្ដដំណើរទៅមុខទៀត ទោះបីយ៉ាងណាព្រះទិនករមិនទាន់ថយកម្ដៅរបស់ខ្លួនប៉ុន្មានឡើង។ វេលាម៉ោង៥ រសៀល ខណៈក្បួនកំពុងដំណើរការស្រាប់តែនាំគ្នាឈប់ភ្លាមៗមួយរំពេច។ ហេតុផលនៃការបញ្ឃប់នោះ គឺ ព្រះមហេស៊ីមួយអង្គរបស់ព្រះរាជាមានអាការៈមិនស្រួលខ្លួន។ លោក ហ្សង់ មូរ៉ា បានរំលេចថា មានមន្ដ្រី១០នាក់បានឱ្យលោកទៅពិនិត្យ និងព្យាបាលស្ថានភាពព្រះមហេសី ដោយគេយល់ថាជនជាតិអឺរ៉ុបដែលមករស់នៅលើទឹកដីខ្មែរ គឺសុទ្ធតែជាគ្រូពេទ្យទាំងអស់។ លោកបដិសេធថា លោកមិនមែនជាគ្រូពេទ្យក៏មន្ដ្រីនៅតែអង្វេរឱ្យលោកទៅព្យាបាលព្រះមហេសីដែរ។ លោកមានថ្នាំសង្កូវដែលពេទ្យយោធាបារាំងក្មេងម្នាក់ឱ្យកាលនៅរាជធានី ឱ្យព្រះមហេសីលេបរហូតព្រះនាងស្រួលខ្លួនឡើងវិញ ទោះការព្យាបាលរបស់លោកមិនប្រាកដជាបានជោគជ័យ១០០ ភាគរយទេ តែការស្រួលព្រះកាតព្រះមហេសី ធ្វើឱ្យកេរឈ្មោះរបស់លោកខ្ទរខ្ទារពីមាត់មួយទៅមាត់មួយ។
ក្បួនបានបន្ដរហូតដល់ក្បែរភ្នំប្រសិទ្ធិ៍ នៅទីនោះលោក ហ្សង់ត្រូវបានមន្ដ្រីម្នាក់និទានរឿងទាក់ទងនិងទីតាំងនេះ នោះគឺរឿងបក្សីចាំក្រុង ក្នុងរាជព្រះបាទពញ្ញាក្រែក។ យើងខ្ញុំសុំមិនរៀបរាប់ពីដំណើរសាច់រឿងនោះទេ តែសូមលើកពីដំណើររបស់ព្រះមហាក្សត្រ ព្រះបាទនរោត្តមវិញ ពេលមុនទៅមកក្រុងឧត្តុង្គ។ ក្បែរជើងភ្នំព្រះរាជទ្រព្យសព្វថ្ងៃនេះ វេលានោះព្រះមហាក្សត្របានទៅវាំងចាស់ ដែលព្រះវររាជមាតាព្រះអង្គគង់ស្នាក់នៅទីនេះ មិនព្រមទៅរស់នៅព្រះបរមរាជាវាំងថ្មី។ ឧត្តុង្គធ្លាប់ជារាជធានីរបស់កម្ពុជាអស់រយៈពេល២សតវត្សរ៍។ នាឆ្នាំ១៨៦៣ ព្រះបាទនរោត្តមបានសម្រេចប្ដូព្រះទ័យពីរាជធានីឧត្តុង្គ មកកាន់ភ្នំពេញវិញ ដោយហេតិផលកិច្ចការពាណិជ្ជកម្ម។ នេះបើផ្អែកទៅតាមសៀវភៅប្រែសម្រួលរប់លោកស្រី ភឿង សកុណា។
វេលាស្នាក់នៅឧត្តុង្គ លោក ហ្សង់ មូរ៉ាបានជួបស្ដ្រីចំណាស់វិកលចរិកមួយរូប ខណៈលោកចូលទៅទស្សនារាជដំពាក់បាក់បែកដែលគេបោះបង់ចោល។ ស្ដ្រីចំណាស់នោះ គឺក្សត្រី អង្គម៉ី ជាព្រះមហាក្សត្រីគ្រប់គ្រងនគរខ្មែរតាំងពីឆ្នាំ១៨៣២-១៨៤៤។ យើងដឹងហើយថា ពង្សាវតាខ្មែរនាឆ្នាំ១៨៣២ រាជការអាណ្ណាមបានលើកទ័ពមកគ្រប់គ្រងទឹកដីខ្មែរ ហើយលើកល្សត្រីអង្គម៉ីគ្រងរាជសម្បត្តិ។ លោកហ្សង់បានបញ្ជាក់ថា ព្រះមាតាព្រះបាទនរោត្តម តែងយកចិត្តទុកដាក់ ក្សត្រីអង្គម៉ី ទោះស្ថិតក្នុងសភាពបែបណាក៏ដោយ ព្រមទាំងប្រជានុរាស្ដ្ររមែងក្រាបក្បាលថ្វាយបង្គំចំពោះអតីតក្សត្រីរបស់ខ្លួនជានិច្ច។
យ៉ាងណាថ្ងៃបន្ទាប់មកដល់ ក្បូនដំណើរព្រះរាជាក៏បន្ដទៅមុខទៀត ឆ្លងកាត់ភូមិស្រុកមួយចូលទៅវាលមួយ តែមិនសោះកក្រោះនោះទេ មានស្រីស្នំក្រមការ ឃុនអ្នក ឃុននាង ក្រុមចម្រៀងស្រីៗ អ្នករបាំនាំគ្នាទះដៃស្រែកច្រៀងបន្ទរឥតឈប់ឈរ រហូតអស់កម្លាំងសម្រាករងចាំថ្ងៃថ្មីបន្ដដំណើរទៀត។ រយៈចម្ងាយកាន់តែឆ្ងាយ សត្វពាហនៈក៏សឹងតែគ្មានកម្លាំងបន្ដដំណើរដឹកមនុស្សជាង១០០០នាក់ទៅមុខ តែមិនអាចតវ៉ាបាន ក៏បានដល់ទីតាំងនៃទឹកដីកំពង់ឆ្នាំង។ ពិដោរក្រអូបនៃអង្ករលើទឹកដីនេះ ត្រូវបានលោកស្រី ភឿង សកុណា រំលេចថា អ្នកនិពន្ធហ្សង់ មូរ៉ា ទទួលទានបាយស្រូវថ្មីនិងសម្លការីយ៉ាហឆ្ងាញ់ពិសា។
នាពេលលាសម្រាកតាមផ្លូវនៅពេលរាត្រី ព្រះរាជាបានយាងចេះពីព្រះពន្លាដើម្បីស្រូបខ្យល់អាកាស មន្ដ្រីតូចធំនាំគ្នាក្រាបក្បាលដល់ដីជាការគោរពជាទីបំផុត តែពិធីការនានា ត្រូវបានព្រះរាជាទុកចោលទៅម្ខាងសិនហើយគង់ពែនភ្នែនពិភាក្សាពីនេះពីនោះជាមួយមន្ដ្រី ដូចមនុស្សក្នុងគ្រួសារតែមួយ។
បន្ដមកជាហូរហែរនៃការធ្វើដំណើរ សត្វពាហនៈរឹតតែគ្មានកម្លាំងមែនទែនហើយ។ សំឡេងសម្រែងរបស់ពួកវាក៏លែងដូចមុន ធ្វើឱ្យមនុស្សសម្រាកដោយស្ងប់ស្ងាត់ទៅវិញ។ ថ្ងៃទី៧ នៃការចាកចេញពីភ្នំពេញមក ក្បូនអង្គព្រះមហាក្សត្របានទៅជិតដល់ជួរភ្នមក្រវាញ ដ៏វែងអន្លាយរបស់ខេត្តពោធិ៍សាត់តែមិនទាន់ដល់ទីប្រជុំជនខេត្តឡើយ។ ចៅហ្វាយខេត្តជាយដែនដែលបានដឹងដំណឹងជាមុនថាព្រះរាជាយាងមក បានត្រៀមសាច់ទទួលសម្រាប់ធ្វើម្ហូប។ ប្រជានុរាស្ដ្ររង់ចាំក្បួនព្រះរាជាដោយកាន់ចន្លុះបំភ្លឺផ្លូវនាវេលាម៉ោង៨យប់។ តែយ៉ាងណាក្បួនរបស់អង្គព្រះមហាក្សត្រត្រូវបន្ដរយៈពេល២ម៉ោងទៀតទើបដល់ទីប្រជុំជនធំនៃខេត្តពោធិ៍សាត់ដូចបំណង៕
#ប្រវត្តិសាស្ដ្រ #ព្រះបាទនរោត្តម #អ្នកនិពន្ធហ្សង់ មូរ៉ា