ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២២ ថា គៅលនយោបាយស្តីពីទេសចរណ៍ពិសិដ្ឋនេះ និងក្លាយជាចលករទាក់ទាញភ្ញៀវទេសចរបាន ១០លាននាក់ នៅត្រឹមឆ្នាំ២០៣២។ លោកបន្ថែមថា គោលនយោបាយទេសចរណ៍ពិសិដ្ឋនេះ មិនត្រឹមតែទាក់ទាញទេសចរប៉ុណ្ណោះទេ ថែមទាំងទាញអ្នកវិនិយោគលើវិស័យទេសចរណ៍១លាននាក់ផងដែរ។
លោក ឡាក់ ច័ន្ទតារា រាយការណ៍ពីព័ត៌មាននេះ
ការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍នេះធ្វើឡើងនៅទីស្ដីការក្រសួង ដោយលោកបន្ថែមទៀតថា ការទាក់ទាញទេសចរដែលមានគុណភាព គឺមានប្រសិទ្ធភាពដល់សេដ្ឋកិច្ច សង្គម ពិតជាកត្តាចំបាច់បំផុត និងជាយុទ្ធសាស្រ្តគន្លឹះត្រូវប្រកាន់យក ដើម្បីជំរុញការអភិវឌ្ឍកម្ពុជាប្រកបដោយបរិយាបន្ន និងចីរភាព។
សូមបញ្ជាក់ថា គោលនយោបាយស្តីពីទេសចរណ៍ពិសិដ្ឋ គឺជាគោលនយោបាយមួយដែលចាប់យកជម្រើសស្របទៅនឹងសេចក្ដីត្រូវការរបស់ភ្ញៀវទេសចរ និងស្តារសកម្មភាពសេដ្ឋកិច្ច សង្គម ស្របនឹងសក្តានុពលដែលកម្ពុជាកំពុងមាន។ មួយវិញទៀត ក៏ធានាបាននូវការគ្រប់គ្រងហានិភ័យនៃបញ្ហាប្រឈមផ្សេងៗទៀតដែលអាចកើតមានផងដែរ។
សូមជម្រាបថា វិស័យទេសចរណ៍កម្ពុជា មានអត្រាកំណើនទេសចរអន្តរជាតិជាមធ្យម១២% ក្នុងមួយឆ្នាំៗ។ កាលពីឆ្នាំ២០១៩ តាមក្រសួងទេសចរណ៍ គឺជាឆ្នាំកំពូលនៃវិស័យទេសចរណ៍កម្ពុជា ដោយទទួលបានទេសចរអន្តរជាតិជាង ៦,៦លាននាក់ កើនឡើង៦%បន្ថែមទៀត។ តែក្នុងឆ្នាំរាតត្បាតសកលកូវីដ១៩ ២០២០-២០២១ វិស័យទេសចរណ៍កម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំង និងធ្វើឱ្យបាត់បង់ការធ្វើដំណើរជាអន្តរជាតិ ដែលបណ្តាលឱ្យក្រុមហ៊ុនជាច្រើននៅក្នុងវិស័យនេះ កាត់បន្ថយ ផ្អាក ឬ បិទអាជីវកម្មទាំងស្រុងតែម្តង។
តែយ៉ាងណា នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ជាង៧៤ម៉ឺននាក់ កើនឡើង៥៦០.៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ តែនៅថយចុះ៨០.៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់របស់ក្រសួងដដែល។ ជាការរំពឹងទុករហូតដល់ ដំណាច់ឆ្នាំ២០២២នេះ រដ្ឋមន្ដ្រី ថោង ខុន ថា កម្ពុជានឹងអាចទទួលបានទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ១,៥លាន ទៅ២លាននាក់ ហើយនៅឆ្នាំ២០២៣ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកទី៣២នឹងទទួលបានទេសចរប្រមាណ៣,៥លាននាក់ ៕
#ក្រសួងទេសចរណ៍ #គៅលនយោបាយស្តីពីទេសចរណ៍ពិសិដ្